ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

វិស័យមីក្រូហិរញ្ញវត្ថុ ទទួលបានប្រាក់បញ្ញើ២,៣ពាន់លានដុល្លារ និងផ្ដល់ឥណទានចំនួន ៤,៨ពាន់លានដុល្លារ

136

(ភ្នំពេញ)៖ បច្ចុប្បន្ននេះវិស័យមីក្រូហិរញ្ញវត្ថុ មានអ្នកដាក់ប្រាក់បញ្ញើចំនួន​១,៩លាននាក់ និងទទួលបានទឹកប្រាក់បញ្ញើ ២,៣ពាន់លានដុល្លារ ហើយវិស័យនេះបានផ្ដល់ឥណទានសរុបចំនួន ៤,៨ពាន់លានដុល្លារ ទៅ​កាន់អតិថិជនប្រមាណ១,៨លាននាក់។

ក្នុងឱកាសចែកសញ្ញាបត្រ ថ្នាក់ប្រកាសនីយបត្រជាន់ខ្ពស់ បច្ចេកទេសធនាគារ ជំនាន់ទី២៤-២៥ ចំនួន១៦៥នាក់ ក្នុងសាលមហោស្របកោះពេជ្រ នាថ្ងៃទី​៥ ខែកក្កដា ឆ្នាំ២០១៨ លោក ជា ចាន់តូ អគ្គទេសាភិបាល ធនាគារជាតិនៃកម្ពុជា បានឲ្យដឹងថា
បច្ចុប្បន្ននេះ វិស័យមីក្រូហិរញ្ញវត្ថុ មានទ្រព្យសកម្មចំនួន៥,៥ពាន់លានដុល្លារ និងបានផ្ដល់ឥណទាន​សរុបប្រមាណ៤,៨ពាន់លានដុល្លារ ទៅកាន់អតិថិជនសរុបប្រមាណ១,៨លាននាក់ និងបានប្រមូលប្រាក់បញ្ញើសរុបចំនួន២,៣ពាន់លានដុល្លារ ក្នុងនោះមានអ្នកដាក់ប្រាក់បញ្ញើសរុបចំនួន១,៩លាននាក់។ ការផ្ដល់ឥណទាននេះ បានលើកម្ពស់ជីវភាពរស់នៅ របស់ពលរដ្ឋតាមរយៈការឆ្លើយតប ទៅនឹងតម្រូវការសេវាហិរញ្ញវត្ថុរបស់​អតិថិជន ក្នុងការប្រកបអាជីវកម្មប្រចាំថ្ងៃ ហើយបច្ចុប្បន្ននេះ មានពលរដ្ឋពេញវ័យកំពុងប្រើប្រាស់សេវា ហិរញ្ញវត្ថុផ្លូវការបានកើនឡើង​យ៉ាង​ឆាប់រហ័ស រហូតដល់៧៥ភាគរយ នៃប្រជាជនពេញវ័យសរុប ដែលកើនឡើងចំនួន៧ដងបើធៀបនឹងឆ្នាំ២០០៥។

លោកបានបន្តថា វិស័យធនាគារបានចូលរួមយ៉ាងសកម្ម តាមរយៈការផ្ដល់សេវាហិរញ្ញវត្ថុប្រកបដោយវិសាលភាព និងបរិយាប័ន្ន ដែលបានលើក​ស្ទួយ​ជីវភាពរស់នៅ របស់​ប្រជាពលរដ្ឋ និងកាត់បន្ថយភាពក្រីក្រនៅក្នុងប្រទេសកម្ពុជា៕

អត្ថបទដែលជាប់ទាក់ទង