ក្រសួងអភិវឌ្ឍន៍ជនបទ ចុះអប់រំផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ ដល់សិស្ស និងពលរដ្ឋ នៅខេត្តតាកែវ និងខេត្តត្បូងឃ្មុំ មុនពេលចូលឆ្នាំខ្មែរ
គម្រោងកែលម្អផ្លូវជនបទ នៃក្រសួងអភិវឌ្ឍន៏ជនបទ បានចុះយុទ្ធនាការអប់រំផ្សព្វផ្សាយអំពីសុវត្ថិភាពចរាចរណ៍ មុនពេលចូលឆ្នាំខ្មែរជូនដល់សិស្ស និងប្រជាពលរដ្ឋក្នុងខេត្តតាកែវ និងខេត្តត្បូងឃ្មុំ ដើម្បី កាត់បន្ថយអត្រាគ្រោះថ្នាក់ចរាចរណ៍នៅតាមផ្លូវ និងឲ្យអ្នកដំណើរកាន់តែយល់ច្បាស់ ពីច្បាប់ចរាចរណ៏។
លោក គង់ សុវណ្ណ ទីប្រឹក្សាសុវត្ថិភាពចរាចរណ៍ នៃគម្រោងកែលម្អផ្លូវជនបទជំហានទី២ នៃក្រសួងអភិវឌ្ឍន៏ជនបទបានឲ្យដឹងថា ការចុះអប់រំផ្សព្វផ្សាយប្រជាពលរដ្ឋនិងសិស្សនៅតាមសាលា នៅមុនថ្ងៃបុណ្យចូលឆ្នាំខ្មែរនេះ គឺក្នុងគោលបំណងឲ្យពួកគេបានយល់ដឹងពីច្បាប់ចរាចរណ៏ នៅពេលធ្វើដំណើរ តាមដងផ្លូវត្រូវចេះការពារខ្លួន និងទប់ស្កាត់កាត់បន្ថយអត្រាគ្រោះថ្នាក់ ការបាត់បង់ជីវិត និងរបួសធ្ងន់ធ្ងរដោយសារគ្រោះថ្នាក់ចរាចរណ៍នៅតាមផ្លូវ។ លោកបន្តថា ក្រៅពីការអប់រំផ្សព្វផ្សាយដល់អ្នកធ្វើដំណើរ គម្រោង នូវមានបណ្ដុះបណ្ដាល ពីសុវត្ថិភាពចរាចរណ៍ និងជំរុញការចូលរួមអនុវត្តគោរពច្បាប់ចរាចរណ៍ គឺជាយុទ្ធសាស្រ្តស្នូល ក្នុងការផ្ដួចផ្ដើម បង្កើតចេរភាព នៃវប្បធម៌បើកបរដោយសុវត្ថិភាព មានការយោគយល់ អាធ្យាស្រ័យឲ្យគ្នា ដើម្បីគ្រប់ៗគ្នាបានជៀសឆ្ងាយនិងរួចផុតអំពីគ្រោះថ្នាក់ចរាចរណ៍។
លោក បន្តថា នៅក្នុងយុទ្ធនាការអប់រំផ្សព្វផ្សាយ និងអប់រំនេះ ក្រុមការងារសុវត្ថិភាពចរាចរណ៍ របស់គម្រោង បានបន្តផ្សព្វផ្សាយ អំពីចំណេះដឹងទាក់ទងសុវត្ថិភាពចរាចរណ៍ ដល់អ្នកបើកបរគោយន្ត អ្នកជិះកង់ និងម៉ូតូបានជាច្រើន។ ជាងនេះទៀតមន្ត្រីជំនាញ បានបិទស្ទិគ័រចំណាំង ដែលមានសារ សុវត្ថិភាពទាក់ទងនិងការប្រើប្រាស់ល្បឿន និងការបើកបរក្រោមឥទ្ធិពលគ្រឿងស្រវឹងផងដែរ។លោកបញ្ជាក់ថា ក្នុងកម្មវិធីនេះ ក្រុមការងារបានធ្វើការហែក្បួន គោយន្ត ម៉ូតូនិងកង់ កាត់តាមទីប្រជុំជន សាលារៀន វត្តអារាម និងភូមិប្រជាពលរដ្ឋ ដោយមានការផ្តល់សារអប់រំតាមរយៈឧបករណ៍បំពងសម្លេង ផ្តោតលើចំណេះដឹងអំពីល្បឿន គ្រឿងស្រវឹង មួកសុវត្ថិភាព ពិសេសការគោរពតាមច្បាប់ចរាចរណ៍។ លោកថា តាមរយៈសកម្មភាពអប់រំផ្សព្វផ្សាយ ពីសុវត្ថិភាពចរាចរណ៍ ដល់ប្រជាពលរដ្ឋតាមដងផ្លូវ ក្នុងខេត្តខាងលើនេះ នឹងអាចរួមចំណែកក្នុងការកាត់បន្ថយ ចំនួនអ្នកស្លាប់នៅក្នុងប្រទេសកម្ពុជា ស្របតាម ផែនការសកម្មភាពជាតិ សុវត្ថិភាពចរាចរណ៍ផ្លូវគោក ដែលរាជរដ្ឋាភិបាលបានកំណត់កាត់បន្ថយចំនួនអ្នកបាត់បង់ជីវិត ដោយសារគ្រោះថ្នាក់ចរាចរណ៍ ឲ្យបាន៥០%នាឆ្នាំ២០២០ខាងមុខ៕ 08 04 18 អត្ថបទ អ៊ួង សាវុធ