ពិភាក្សា ពីវឌ្ឍនភាព នៃការលក់លេខ ចុះបញ្ជីយានយន្តរបស់គណៈកម្មការអន្តរក្រសួង
ថ្ងៃចន្ទ ៤រោច ខែចេត្រ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី០៨ ខែមេសា ឆ្នាំ២០១៩ លោកស្រី កុយ សុដានី អនុរដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងជាប្រធានគណៈកម្មការអន្តរក្រសួង ដើម្បីគ្រប់គ្រងការលក់លេខចុះបញ្ជីរថយន្តគ្រួសារ និងរថយន្តធុនស្រាល បានអញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាស្តីពីវឌ្ឍនភាពនៃការលក់លេខចុះបញ្ជីយានយន្តរបស់គណៈកម្មការអន្តរក្រសួង។
កិច្ចប្រជុំនេះ បានផ្ដោតសំខាន់លើរបៀបវារៈ ចំនួនបួន រួមមាន៖
១. បទពិសោធន៍នៃបែបបទនិងនីតិវិធីនៃការលក់ ដេញថ្លៃលេខពិសេស នៅប្រទេសថៃ
២. គម្រោងទស្សនៈកិច្ចសិក្សាពីបទពិសោធន៍នៃការចុះបញ្ជីលេខពិសេសផ្ទាល់ខ្លួននៅប្រទេសសិង្ហបុរី និងទីក្រុងហុងកុង ក្នុងគោលបំណងដើម្បីទទួលបានបទពិសោធន៍លើការកំណត់តម្លៃមូលដ្ឋាន និងវិធីសាស្ដ្រដេញថ្លៃលេខពិសេសផ្ទាល់ខ្លួន
៣. ពិនិត្យសេចក្តីព្រាងប្រកាសអន្តរក្រសួងស្តីពីការលក់លេខចុះបញ្ជីរថយន្តគ្រួសារ និងរថយន្តធុនស្រាល
៤. ពិភាក្សាអំពីការរៀបចំប្រព័ន្ធទិញលេខចុះបញ្ជីផ្ទាល់ខ្លួន៕