សម្តេចតេជោ៖ សម្ព័ន្ធសមាគមខ្មែរ-ចិន បានចូលរួមចំណែកក្នុងការអភិវឌ្ឍប្រទេសកម្ពុជា
ភ្នំពេញ៖ តាមរយៈទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការនេះ កម្ពុជាសង្ឃឹមថានឹងទទួលបានផ្លែផ្កានៃទំនាក់ទំនងជាបន្តបន្ទាប់ទៀត ជាពិសេសការទាក់ទាញវិនិយោគិនពីចិនកាន់តែច្រើនទៀត និងការទទបានភ្ញៀវទេសចរពីចិនមកលេងប្រទេសកម្ពុជាកាន់តែច្រើនឡើង នាពេលខាងមុខនេះផងដែរ។
នៅល្ងាចថ្ងៃអង្គារ ៥កើត ខែចេត្រ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី៩ ខែមេសា ឆ្នាំ២០១៩នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញ ពិសារអាហារសាមគ្គីជាមួយបងប្អូនមកពីសមាគមសម្ព័ន្ធខ្មែរ-ចិន នៅមជ្ឈមណ្ឌលកោះពេជ្រ។
ពិធីនេះក៏មានការអញ្ជើញចូលរួមពីមន្ត្រីរាជរដ្ឋាភិបាលកម្ពុជា, អគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជា និង ថ្នាក់ដឹកនាំសមាគមកម្ពុជា-ចិន ព្រមទាំងបងប្អូនពាណិជ្ជករខ្មែរ-ចិន ជាច្រើនរូបទៀតផងដែរ។ ពិធីជួបជុំនេះ គឺដើម្បីអបអរសារទរមុនការឈានមកដល់ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរផង និងបង្កើនទំនាក់ទំនងជាមិត្តភាពនិងកិច្ចសហប្រតិបត្តិការរវាងបងប្អូនខ្មែ-ចិនឲ្យកាន់តែជិតស្និទ្ធបថែមទៀតផងដែរ។ ជាពិសេសជាងនេះទៅទៀត ការជួបជុំនេះគឺបានបង្ហាញពីការយកចិត្តទុកដាក់យ៉ាងខ្លាំងពីរាជរដ្ឋាភិបាល កម្ពុជាចំពោះបងប្អូនអ្នកវិនិយោគ, ពាណិជ្ជករ និងធុរជនចិនទាំងអស់ដែលកំពុងវិនិយោគ និងធ្វើពាណិជ្ជកម្មនៅក្នុងប្រទេសកម្ពុជា។
សម្ដេចតេជោ ហ៊ុន សែន មានសេចក្តីរីករាយដែលបានអញ្ជើញចូលរួមនៅក្នុងពិធីជួបជុំជាមួយបងប្អូនសមាជិកសមាជិកាសម្ព័ន្ធសមាគមន៍ខ្មែរ-ចិននៅលើកទី៣នាថ្ងៃនេះ។ សម្តេចតេជោនាយករដ្ឋមន្ត្រីក៏បានអរគុណដល់សម្ព័ន្ធសមាគមខ្មែរ-ចិនដែលបានចូលរួមចំណែកក្នុងការអភិវឌ្ឍប្រទេសកម្ពុជាជាបន្តបន្ទាប់។ តាមរយៈទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការល្អរវាងចិន និងកម្ពុជា បានធ្វើឲ្យទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរមានការកើនឡើងជាបន្តបន្ទាប់។
សម្តេចតេជោ ហ៊ុន សែន បានបានថ្លែងអំណរគុណដល់អ្នកវិនិយោគិនកម្ពុជា-ចិន ទាំងអស់ដែលបានចូលរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា ដែលធ្វើអោយប្រទេសជាតិសម្រេចបាននូវកំណើនសេដ្ឋកិច្ចក្នុងរង្វង់ជាង៧% និងបន្តកើនឡើងជាបន្តបន្ទាប់ទៀត។ សម្តេចតេជោ បានបញ្ជាក់ថា ចិន និងកម្ពុជានឹងបន្តកិច្ចសហប្រតិបត្តិការជាបន្តបន្ទាប់ទៀតលើគ្រប់វិស័យ ជាពិសេសវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្មនិងទេសចរណ៍។
សម្តេចតេជោនាយករដ្ឋមន្រ្តី បានមានប្រសាសន៍ក្នុងនាមគណៈបក្សប្រជាជនកម្ពុជា និងក្នុងនាមសម្តេចផ្ទាល់ សូមថ្លែងអំណរគុណចំពោះបងប្អូនខ្មែរ-ចិនដែលតែងតែគាំទ្រដល់ការដឹកនាំប្រទេសរបស់ សម្តេចរហូតមក ជាពិសេស បងប្អូនបានបោះឆ្នោតជូនគណៈបក្សប្រជាជនកម្ពុជា ដើម្បីការពារថែរក្សាសន្តិភាព និងការអភិវឌ្ឍន៍។
នៅក្នុងឱកាសនោះដែរ សម្ដេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណចំពោះសម្ព័ន្ធសមាគមខ្មែរ-ចិន ដែលបានចូលរួមក្នុងការទ្រទ្រង់មូលនិធិគន្ធបុប្ផាកម្ពុជាដែល សម្តេចបានអំពាវកាលពីឆ្នាំទៅ ហើយពេលនេះបងប្អូនសម្ព័ន្ធសមាគមន៍ខ្មែរ-ចិន បានចូលរួមបរិច្ចាគជួយមូលនិធិគន្ធបុប្ផាកម្ពុជា ជាបន្តបន្ទាប់ ដែលមានទាំងសមាជិកស្ថាបនិក សមាជិកកិត្តិយស និងសមាជិកគាំទ្រ ដែលសកម្មភាពនេះជាការចូលរួមយ៉ាងសំខាន់ដើម្បីរួមចំណែកជួយដល់កុមារកម្ពុជារបស់យើងដែលត្រូវការជំនួយសង្គ្រោះជារៀងរាល់ថ្ងៃ។
ជាថ្មីម្តងទៀត សម្តេចតេជោនាយករដ្ឋមន្ត្រី បានអំពាវនាវដល់បងប្អូនខ្មែរ-ចិន និងប្រជាពលរដ្ឋទូទៅ ទាំងអស់ត្រូវបន្តចូលរួមថែរក្សាសន្តិភាពដែលមានស្រាប់នេះអោយបានគង់វង្ស ពីព្រោះមានសន្តិភាព ទើបមានការអភិវឌ្ឍ និងការរីកចម្រើនទៅបាន។
នៅថ្ងៃនេះ សម្តេចតេជោនាយករដ្ឋមន្ត្រី បានមានប្រសាសន៍ស្វាគមន៍ចំពោះបងប្អូនចិន ដែលមានច្រើនប្រភេទមានទាំងបងប្អូនចិនតៃវ៉ាន់, ចិនតៃប៉ិ, និងចិនដ៏ទៃទៀតដែលបានមកវិនិយោគនៅកម្ពុជា។ ប៉ុន្តែសម្ដេចតេជោ គឺគាំទ្រគោលនយោបាយចិនតែមួយ។ សម្តេចតេជោ បានមានប្រសាសន៍អោយបងប្អូនចិនទាំងអស់ដឹងថា គោលនយោបាយការបរទេសរបស់កម្ពុជា គឺបានអនុវត្តជាមួយចិនតាំងពីជំនាន់ សម្តេចព្រះបរមរតនកោដ្ឋ សម្តេចព្រះ នរោត្តម សីហនុ មកម្ល៉េះ រហូតដល់ ព្រះមហាក្សត្របច្ចុប្បន្ន និងក្នុងនាម សម្ដេចដែលជានាយករដ្ឋមន្រ្តី គឺគាំទ្រគោលនយោបាយចិនតែមួយជានិច្ច ដែលគោរពអធិបតេយ្យភាពរបស់ប្រទេសចិន។ ហើយពេលនេះទំនាក់ទំនង ចិន-កម្ពុជា បានក្លាយទៅជាទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការជាយុទ្ធសាសស្ត្រគ្រប់ជ្រុងជ្រោយទៀតផង៕
នៅក្នុងឱកាស នៃពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរដែលនឹងចូលមកដល់នាពេលខាងមុខនេះ សម្តេចតេជោនាយករដ្ឋមន្ត្រី ក៏បានជូនពរដល់បងប្អូនខ្មែរ-ចិនទាំងអស់ សូមជួបតែសេចក្តីសុខ សេចក្តីចម្រើន និងពុទ្ធពរប្រាំប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ និងបដិភាណៈកុំបីឃ្លៀងឃ្លាតឡើយ។
ជាចុងក្រោយ សម្តេចតេជោ ហ៊ុន សែន បានអញ្ជើញផ្តល់កិត្តិយសបំពាក់មេដាយ និងគ្រឿងឥស្សរិយយសជូនដល់មន្ត្រីនៃសម្ព័ន្ធសមាគមខ្មែរ-ចិនដែលបានចូលរួមចំណែកក្នុងកិច្ចការសំខាន់ៗនៅក្នុងប្រទេសកម្ពុជាកន្លងមក និងបានថតរូបអនុស្សាវរីយ៍ ព្រមទាំងបានអញ្ជើញពិសារអាហារសាមគ្គីពេលល្ងាចរួមគ្នាក្នុងបរិយាកាសស្និទ្ឋស្នាល និងរីករាយក្រៃលែង៕