នាយកដ្ឋានបុគ្គលិក ចេញសេចក្តីប្រកាសព័ត៌មានពាក់ព័ន្ធនឹងការចុះផ្សាយព័ត៌មាន ពីភាពមិនប្រក្រតីក្នុងសកម្មភាពដឹកនាំរបស់ស្នងការនគរបាលខេត្តស្វាយរៀង
ភ្នំពេញ ៖ យោងតាមការចុះផ្សាយព័ត៌មានរបស់វិទ្យុអាស៊ីសេរី ស្តីពីភាពមិនប្រក្រតីក្នុងសកម្មភាពការងារដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ កឹង ឃន ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង។
នាយកដ្ឋានបុគ្កលិក នៃអគ្គស្នងការដ្ឋាននគរបាលជាតិ កាលពីថ្ងៃទី៨មេសាឆ្នាំ២០១៩ បានចាត់ក្រុមការងារចុះធ្វើការស្រាវជ្រាវយ៉ាងហ្មត់ចត់តាមការចង្អុលបង្ហាញរបស់ លោក នាយឧត្តមសេនីយ៍ អគ្គស្នងការនគរបាលជាតិ ជាលទ្ធផលបង្ហាញឲ្យឃើញថា៖
១-ក្រោយពីមានការចុះផ្សាយខាងលើ កាលពីថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៩ រដ្ឋបានខេត្តស្វាយរៀង បានធ្វើការឆ្លើយតបម្តងរួចមកហើយ គឺរដ្ឋបាលខេត្តទទួលយកទាំងស្នាដៃដឹកនាំ និងការយកចិត្តដាក់អនុវត្តផែនការ ព្រមទាំងបទបញ្ជារបស់គណៈបញ្ជាការឯកភាពខេត្ត របស់ស្នងការ។
២-ការលើកឡើងអំពីស្នាមម្រាមដៃរបស់មន្រ្តីនគរបាលដែលបានប្តឹងពីការដឹកនាំ គាបសង្កត់មន្រ្តីថ្នាក់ក្រោម និងប្រព្រឹត្តអំពើពុករលួយ ជាលទ្ធផលរកពុំឃើញបណ្តឹងអនាមិកនោះទេ។
៣-ដោយឡែកការងារតែងតាំងមន្រ្តីនគរបាលទូទាំងខេត្ត គឺមានតម្លាភាព ដោយផ្អែកលើលក្ខណៈសម្បត្តិ សមត្ថភាព និងអតីតភាពការងារ មិនពាក់ព័ន្ធទៅនឹងសាច់ញាតិនោះទេ។
៤-ចំពោះច្រកតំបន់តាមបន្ទាត់ព្រំដែន ចំនួន ២កន្លែង ក្នុងនោះគឺ៖ ច្រកទ្វារព្រំដែនទ្វេភាគីសំរោង និងបុសមន ដែលបានចុះផ្សាយថា រកចំណូលមិនក្រោម ២០,០០០ដុល្លារ ក្នុងមួយយប់ជាថ្នូរអនុញ្ញាតអោយនាំទំនិញចូលមកកម្ពុជាដោយសេរីនោះ តាមការចុះពិនិត្យទីតាំងភូមិសាស្រ្តជាក់ស្តែង គឺពុំអំណោយផលនាំអោយមានការចរាចរទំនិញផ្សេងៗយ៉ាងគគ្រឹកគគ្រេងឆ្លងកាត់តាមតំបន់នោះទេ ម៉្យាងវិញទៀត ច្រកតំបន់តាមបន្ទាត់ព្រំដែននីមួយៗ គឺស្ថិតក្រោមការគ្រប់គ្រងរបស់សមត្ថកិច្ចចម្រុះ ចំនួន ៣ស្ថាប័ន រួមមាន៖ មន្រ្តីសាលាខេត្ត សមត្ថកិច្ចគយ និងសមត្ថកិច្ចនគរបាលធ្វើការគ្រប់គ្រងត្រួតពិនិត្យត្រឹមត្រូវតាមច្បាប់។
៥-ផ្អែកតាមការស្រង់មតិជាទូទៅចំពោះការដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ កឹង ឃន ជាស្នងការនគរបាលខេត្តស្វាយរៀង ភាគច្រើនទទួលបាននូវការគាំទ្រចំពោះសកម្មភាពការងារដឹកនាំពោរពេញដោយសមត្ថភាព និងការយកចិត្តទុកដាក់អំពីសុខទុក្ខរបស់មន្រ្តីថ្នាក់ក្រោម ជាពិសេសការកសាងហេដ្ឋារចនាសម្ព័ន្ធនានាចំណុះស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង ដែលជាហេតុនាំមកនូវកត្តាសាមគ្គីភាពផ្ទៃក្នុងអង្គភាពយ៉ាងល្អប្រសើរ។
ក្រោយពីមន្ត្រីនគរបាលជាង២០នាក់ បានចុះហត្ថលេខារួមគ្នាទាមទារឱ្យក្រសួងមហាផ្ទៃ និងអង្គភាពប្រឆាំងអំពើពុករលួយស៊ើបអង្កេត អំពើពុករលួយរបស់លោក កឹង ឃន ស្នងការខេត្តស្វាយរៀង កាលពីដើមខែមីនាកន្លងទៅ មក ខណៈនេះ មានមន្រ្តីនគរបាលខេត្តស្វាយរៀងជិត៤០នាក់ទៀត ក៍បានចុះហត្ថលេខារួមគ្នាទាមទារឱ្យក្រសួងមហាផ្ទៃ និងអង្គភាពប្រឆាំងអំពើពុករលួយស៊ើបអង្កេត អំពើពុករលួយដុះស្លែជាយូរមកហើយ និងបានប្រើអំណាចគំរាមកំហែងជេរប្រមាថមន្ត្រីថ្នាក់ក្រោម ។
លិខិតចំហរ៣ទំព័រ របស់មន្រ្តីនគរបាលខេត្តស្វាយរៀង ទាំង៣៦ថ្មីទៀតនោះ បានចោទប្រកាន់លោក កឹង ឃន ស្នងការខេត្តស្វាយរៀង ថា មានលុយរាប់សិបលានដុល្លារ និងទ្រព្យសម្បត្តិមហាសាលមិនប្រក្រតី ដោយសារប្រព្រឹត្តអំពើពុករលួយដល់ឆ្អឹងជាច្រើនឆ្នាំមកហើយ។
ក្នុងលិខិតដដែលនោះបានអះអាងថា កាលពីអំឡុងឆ្នាំ១៩៩៣ ស្នងការរូបនេះ ជាក្រុមចោរលួចរថយន្តរបស់អង្គការ យូអិន (UN) ឬហៅថា អ៊ុនតាក់ យកទៅលក់នៅប្រទេសវៀតណាមរាប់សិបគ្រឿង។ ទន្ទឹមនឹងនេះ លោក កឹង ឃន ក៏ធ្លាប់បាញ់ប្រពន្ធខ្លួនឯងឱ្យរបួសធ្ងន់បញ្ជូនទៅព្យាបាលនៅប្រទេសវៀតណាម និងធ្លាប់យកកាំភ្លើងបាញ់កូនចៅខ្លួនឯងឱ្យរបួសធ្ងន់ដែរ។
ស្នងការរូបនេះ លើកបន្តុកកូនបង្កើតរបស់ខ្លួនឈ្មោះ ឃន ដារ៉ាសម្បត្តិជាស្នងការរង ទទួលបន្ទុកការងារព្រំដែននិង សាច់ញាតិរបស់ខ្លួនមួយចំនួនទៀតគ្រប់គ្រងច្រកព្រំដែនកម្ពុជា-វៀតណាមឬហៅថា កន្លែងខ្លាញ់ដើម្បីប្រមូលលុយពីជនជាតិវៀតណាមដឹកទំនិញចូលកម្ពុជា។
មន្ត្រីនគរបាលខេត្តស្វាយរៀងមួយចំនួនបានបង្ហើបឲ្យដឹងថា ស្នងការរូបនេះ បានលើកបន្តុកកូនបង្កើតរបស់ខ្លួនឈ្មោះ ឃន ដារ៉ាសម្បត្តិ ជាស្នងការរង ទទួលបន្ទុកការងារព្រំដែន និងសាច់ញាតិរបស់ខ្លួនមួយចំនួនទៀតគ្រប់គ្រងច្រកព្រំដែនកម្ពុជា-វៀតណាមឬហៅថា កន្លែងខ្លាញ់ដើម្បីប្រមូលលុយពីជនជាតិវៀតណាមដឹកទំនិញចូលកម្ពុជា។ ស្នងការខេត្តស្វាយរៀង លោក កឹង ឃន បានសណ្ដោងបក្សពួកជាប្រព័ន្ធគាបសង្កត់មន្ត្រីក្រោមឱវាទ ធ្វើទុក្ខបុកម្នេញមន្ត្រីស្មោះត្រង់គ្រប់រូបភាព។
លើសពីនេះស្នងការរូបនេះតែងលាបពណ៌មន្ត្រីល្អៗ ថា ជាក្រុមប្រឆាំងខ្លួន។
មន្រ្តីនគរបាលខេត្តស្វាយរៀងម្នាក់បារម្ភថា ស្នងការខេត្តស្វាយរៀងលោក កឹង ឃន អាចនឹងជះលុយរាប់ម៉ឺនដុល្លារពឹងមន្ត្រីថ្នាក់ជាតិមួយចំនួនឱ្យជួយអន្តរាគមន៍ កាងអំណាចឱ្យខ្លួន និងលុបលាងអំពើពុករលួយរបស់ខ្លួន ខណៈដែលស្នងការរូបនេះបានបាត់មុខពីខេត្តទៅរាជធានីភ្នំពេញអស់មួយរយៈ៕