ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ស្នើសុំឲ្យអង្គការ UNICEF បង្កើនកិច្ចសហការ ជាមួយអាជ្ញាធរមីន ជួយគាំទ្រផ្នែកបច្ចេកទេស និងថវិកា ក្នុងការងារសកម្មភាពមីន

73

ភ្នំពេញ ៖ប្រមុខ អាជ្ញាធរមីន បាន ស្នើសុំឲ្យអង្គការ UNICEF បង្កើនកិច្ចសហការបន្ថែមទៀតជាមួយអាជ្ញាធរមីន ពិសេសជួយគាំទ្រផ្នែកបច្ចេកទេស និងថវិកាសម្រាប់គាំទ្រដល់ការកាត់បន្ថយគ្រោះថ្នាក់ដោយសារមីននៅកម្ពុជា។

នារសៀលថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៩ លោក ទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន បានទទួលជួបពិភាក្សាការងារជាមួយលោកស្រី Ms. Cristian Munduate, ប្រធានអង្គការ UNICEF ប្រចាំនៅកម្ពុជា នៅអគ្គលេខាធិការដ្ឋានអាជ្ញាធរមីន។

លោក ទេសរដ្ឋមន្ត្រី ក្នុងនាមសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានអាជ្ញាធរមីន លោក បានមានប្រសាសន៍ថ្លែងនូវអំណរគុណដ៏ជ្រាលជ្រៅជូនចំពោះអង្គការ UNICEF ដែលបានជួយគាំទ្រដល់កម្ពុជាក្នុងការងារសកម្មភាពមីន នាពេលកន្លងមក។

ជាមួយគ្នានេះដែរ លោក ទេសរដ្ឋមន្ត្រី បានជម្រាបជូនពីអាណត្តិការងាររបស់អាជ្ញាធរមីន ក៏ដូចជាកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជារួមជាមួយដៃគូអភិវឌ្ឍ បានឆ្លើយតបយ៉ាងសកម្មចំពោះតម្រូវការផ្នែកមនុស្សធម៌ និងការអភិវឌ្ឍដោយធ្វើការបោសសម្អាតផ្ទៃដីមានមីនជាច្រើនម៉ឺនហិកតាជូនដល់សហគមន៍មូលដ្ឋាន។

ស្របពេលដែលអត្រាគ្រោះថ្នាក់កំពុងកើនឡើងខ្ពស់ លោកទេសរដ្ឋមន្រ្តី បានស្នើសុំឲ្យអង្គការ UNICEF បង្កើនកិច្ចសហការបន្ថែមទៀតជាមួយអាជ្ញាធរមីន ពិសេសជួយគាំទ្រផ្នែកបច្ចេកទេស និងថវិកាសម្រាប់គាំទ្រដល់ការកាត់បន្ថយគ្រោះថ្នាក់ដោយសារមីននៅកម្ពុជា។

ជាការឆ្លើយតបលោកស្រី Cristian Munduate បានមានប្រសាសន៍សំដែងនូវសុឆន្ទៈ និងបង្ហាញនូវគោលជំហបន្តគាំទ្ររាជរដ្ឋាភិបាលកម្ពុជាក្នុងការងារអប់រំកាត់បន្ថយគ្រោះថ្នាក់ដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម ក្នុងនោះអង្គការ UNICEF បានឯកភាពជួយសកម្មភាពមួយចំនួនដូចខាងក្រោមនេះ៖ រៀបចំកិច្ចប្រជុំសម្របសម្រួលការងារអប់រំកាត់បន្ថយគ្រោះថ្នាក់ដោយសារមីន ផលិតវីដេអូខ្លីៗអំពីសារអប់រំមីន បោះពុម្ព Poster អប់រំមីន បោះពុម្ពសៀវភៅសរសេរអប់រំមីនផលិតប៉ាណូអប់រំពីមីន និង បណ្តុះបណ្តាលនគរបាលស្តីពីការអប់រំមីន។

អង្គការ UNICEF និងអាជ្ញាធរមីន គ្រោងនឹងចុះទៅសិក្សាពីបញ្ហានៃការកើនឡើងគ្រោះថ្នាក់ដោយសារមីន និងសំណល់ជាតិផ្ទុះពី សង្គ្រាម នៅតាមបណ្តាខេត្តដែលមានអត្រាគ្រោះថ្នាក់ខ្ពស់ នាពេលខាងមុខនេះ ដើម្បីរកវិធានការណ៍ទប់ស្កាត់ជាបន្ទាន់៕

អត្ថបទដែលជាប់ទាក់ទង