ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

បង្ក្រាបទីតាំងហ្គេមបាញ់ត្រី អត់ច្បាប់ដ៏ ធំមួយកន្លែង ដកហូតទូហ្គេមសរុបជាង ៣២គ្រឿង

89

អភិបាលខណ្ឌមានជ័យ បានបញ្ជាដោយផ្ទាល់អោយ ចុះបង្ក្រាបទីតាំងហ្គេមបាញ់ត្រី អត់ច្បាប់ដ៏ ធំមួយកន្លែង ដកហូតទូហ្គេមសរុបជាង ៣២គ្រឿង ។

អាជ្ញាធរចម្រុះខណ្ឌមានជ័យ រួមទាំង កម្លាំង នគរបាល ប្រជាការពារ និង អាជ្ញាធរ សង្កាត់ ដឹកនាំដោយ លោកឌី រ័ត្នខេមរុណ អភិបាលរង ខណ្ឌមានជ័យ បានបើកការចុះបង្ក្រាបទីតាំងបើកល្បែងហ្គេមបាញ់ត្រីខុសច្បាប់ដ៏ធំមួយកន្លែង ដែលជាអតីតផ្ទះសំណាក់មារាឌី ស្ថិតនៅតាមបណ្តោយផ្លូវលេខ ២១៧ ក្បែរនឹងស្ពានអាកាសស្ទឹងមានជ័យ ក្នុងសង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ កាលពីវេលាម៉ោង១១ និង០០នាទីព្រឹកថ្ងៃទី ១០ ខែមេសា ឆ្នាំ២០១៩នេះ ។

ការចុះបង្ក្រាបទីតាំងហ្គេមបាញ់ត្រីខុសច្បាប់ខាងលើនេះ ក៏មានការចូលរួមដឹកនាំ នីតិវិធី ដោយលោកស្រី កែវ សុគន្ធា ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញផងដែរ ។

ជាលទ្ធផល នៃការចុះបង្ក្រាប កម្លាំងចម្រុះ រកឃើញមានទូហ្គេមបាញ់ត្រីចំនួន៦គ្រឿងធំៗ , ទូហ្គេមបាញ់គ្នា២គ្រឿងធំ , ទូហ្គេមប្រណាំងឡាន២គ្រឿងធំ , ទូហ្គេមប្រដាល់គ្នា ៦គ្រឿង , ទូហ្គេមវៃពុង១៦គ្រឿង សរុបទាំងអស់៣២គ្រឿង និងឃាត់ខ្លួនជនជាតិចិន៥នាក់ ក្នុងនេាះមានម្នាក់ជាមេកា ។

យ៉ាងណាមិញ ក្រោយការបង្ក្រាប សម្ភារះដែលជាទូហ្គេមទាំងអស់ត្រូវបានធ្វើកំណត់ហេតុដកហូត ប៉ុន្តែក្នុងនេាះពំុមានការដឹកជញ្ចូនយកចេញពីទីតាំងខាងលើនេះឡើយ ដោយសម្ភារះ និងទូហ្គេមមានច្រើន ដូច្នេះហើយលោកស្រីព្រះរាជអាជ្ញារង សម្រេចរក្សាទុកនៅក្នុងទីតាំងដដែលនេះបណ្តេាះអាសន្នសិន ហើយចំពេាះទីតាំងក៏ត្រូវធ្វើកំណត់ហេតុបិទទីតាំងបណ្តេាះអាសន្នសិនផងដែរ រងចាំបន្តនីតិវិធីច្បាប់នៅពេលក្រោយ ។ ដោយឡែកជនជាតិចិន៥នាក់ដែលត្រូវបានឃាត់ខ្លួន ត្រូវបញ្ចូនខ្លួនទៅកាន់ប៉ុស្តិ៍រដ្ឋបាលនគរបាលស្ទឹងមានជ័យទី២ ដើម្បីសាកសួរនាំ និងបន្តនីតិវិធីច្បាប់ផងដែរ ។

លោកឌី រ័ត្នខមេរុណ អោយដឹងថា មុនឈានដល់ការចុះបង្ក្រាប គឺកម្លាំងអាជ្ញាធរខណ្ឌ សង្កាត់ចុះរដ្ឋបាល ទីតាំងខាងលើ ដោយឃើញទីតាំងនេះបានលើកស្លាកយីហោ « មណ្ឌលកម្សាន្ត AA » ជាហេតុនាំអោយអាជ្ញាធរ ចូលទៅពិនិត្យមើល ក៏ឃើញមានសុទ្ធតែទូហ្គេមបាញ់ត្រីខុសច្បាប់ ទើបរាយការណ៍បន្តទៅកាន់លោក ពេជ្រ កែវមុនី ក៌បាន ដឹកនាំកម្លាំងចម្រុះ ដោយមានលោកម៉េង វិមានតារា អធិការនគរបាលខណ្ឌ មានជ័យចូលរួម និង មានព្រះរាជអាជ្ញាររង ដឹកនាំនីតិវិធីច្បាប់ ចុះបង្ក្រាបជាក់ស្តែងតែម្តងទៅ ។ លោកអភិបាលរង បន្តថា ទីតាំងខាងលើនេះ គឺទើបតែបើកដំណើរការបាន៣ថ្ងៃប៉ុណ្ណេាះ ប៉ុន្តែពំុទាន់មានមនុស្សស្គាល់ និងចូលលេងឡើយ គឺមានតែជនជាតិចិនចូលទៅលេងប៉ុណ្ណេាះ ។

ប្រភពព័ត៌មាន អោយដឹងថា ម្ចាស់ទីតាំងខាងលើនេះ គឺជាជនជាតិចិនដែលមកវិនិយោគរកស៊ីនៅកម្ពុជា ៕

អត្ថបទដែលជាប់ទាក់ទង