ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

បុរសម្នាក់ ទះកំផ្លៀងលើស្ត្រីម្នាក់ ប្រឈម នឹងឈានដល់ការឃាត់ខ្លួន

302


ភ្នំពេញ៖ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានឱ្យដឹងថា បុរសដែលបានប្រើហិង្សាទះកំផ្លៀងស្ត្រីម្នាក់នៅផ្សារកណ្តាល កំណត់អត្តសញ្ញាណបានហើយ ហើយឈានទៅឃាត់ខ្លួន។

ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បានអះអាងថា ក្រោយពេលបានទទួលព័ត៌មានពាក់ព័ន្ធការប្រើអំពើហិង្សានេះ កម្លាំងកងរាជអាវុធហត្ថបានបើកការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ និងស៊ើបអង្កេតជាបន្តបន្ទាប់រហូតកំណត់អត្តសញ្ញាណរបស់ជនបង្កហិង្សា និងឈានទៅឃាត់ខ្លួនមកផ្តន្ទាទោសទៅតាមច្បាប់នៅថ្ងៃនេះតែម្តង។

រូបភាពនៃការប្រើអំពើហិង្សានេះ នាំឱ្យមានការរិះគន់យ៉ាងខ្លាំងពីមហាជន ព្រោះរូបភាពប្រើអំពើហិង្សានេះជារូបភាពដ៏អាក្រក់មួយនៅក្នុងសង្គមខ្មែរ។

លោកវរសេនីយ៍ឯក ទៀង ច័ន្ទខន្តិសារ អធិការនគរបាលខណ្ឌដូនពេញ បានប្រាប់ នៅព្រឹកថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៩នេះថា សមត្ថកិច្ចកំពុងស្រាវជ្រាវយ៉ាងដុតដៃដុតជើង ដើម្បីស្វែងរកជនបង្កដែលប្រើអំពើហិង្សា ដោយទះកំផ្លៀងស្ត្រីម្នាក់ នៅសង្កាត់ផ្សារកណ្តាល ខណ្ឌដូនពេញ។
លោកអធិការបានបញ្ជាក់ថា កម្លាំងនគរបាលខណ្ឌដូនពេញ បានបើកការស្រាវជ្រាវតាំងពីយប់មកម្ល៉េះ ក្រោយពីទទួលបានព័ត៌មាន និងឃើញវីដេអូបុរសដែលទះកំផ្លៀងស្ត្រីម្នាក់នោះ ដោយបានចុះដល់កន្លែងកើតហេតុស្រាវជ្រាវយ៉ាងដុតដៃដុតជើង ហើយបើទោះបីមិនទាន់ព័ត៌មានច្រើន ក៏ប៉ុន្តែកម្លាំងនគរបាលនឹងបន្តស្រាវជ្រាវ ដោយសហការជាមួយនគរបាលចរាចរណ៍ ដើម្បីស្វែងរកឲ្យឃើញជនបង្កនោះ។
កម្លាំងសមត្ថកិច្ចបានរកឃើញអត្តសញ្ញាណរថយន្តរបស់បុរសដែលបានប្រើហិង្សាទះកំផ្លៀងនារីម្នាក់ឱ្យដួលអុកគូទនៅផ្សារកណ្តាលទី១ ខណ្ឌដូនពេញហើយ។

សមត្ថកិច្ចបានអះអាងថា រថយន្តដែលបុរសប្រើហិង្សានេះជិះ គឺបានចុះបញ្ជីថាជាកម្មសិទ្ធិរបស់ក្រុមហ៊ុន មិនមែនមែនជាកម្មសិទ្ធិបុគ្គលនោះឡើយ ព្រោះតែហេតុនេះហើយទើបនាំឱ្យសមត្ថកិច្ចពិបាកកំណត់មុខសញ្ញារបស់ជនប្រើហិង្សា តែទោះជាយ៉ាងណាតាមរយៈតម្រុយនេះ គឺនឹងឈានទៅកំណត់មុខ សញ្ញារបស់បុរសប្រើហិង្សាក្នុងពេលឆាប់ៗនេះ។

សូមបញ្ជាក់ថា កាលពីថ្ងៃទី៩ ខែមេសា ឆ្នាំ២០១៩ បុរសម្នាក់បានទះកំផ្លៀងនារីម្នាក់ឱ្យដួលអុកគូទទៅនឹងថ្នល់ បន្ទាប់ពីមានជម្លោះពាក្យសម្តីនឹងគ្នា។ ហេតុការណ៍ហិង្សានេះ កើតឡើងនៅចំណុចផ្លូវលេខ១៣៦ កែងនឹងផ្លូវលេខ១៥ សង្កាត់ផ្សារកណ្តាលទី១ ខណ្ឌដូនពេញ។
យោងតាមស្ត្រីដែលជាអ្នករងនូវអំពើហិង្សាបានរៀបរាប់ឱ្យដឹងថា មុនពេលកើតហេតុបុរសបង្កអំពើហិង្សាបានបើករថយន្តយ៉ាងលឿនចូលទៅទិញថ្នាំពេទ្យ។ ដោយឃើញរថយន្តបើកលឿនស្ទើរតែបុកខ្លួនដែលកំពុងដើរនោះ នារីរងគ្រោះ ក៏បានលាន់មាត់ថាប្រញាប់ទៅណាហេតុអ្វីក៏បើកលឿនម្ល៉េះ។
បើតាមការរៀបរាប់របស់នារីរងគ្រោះ បានឱ្យដឹងថា ក្រោយខ្លួនលើកឡើងបែបនោះ បុរសបង្កអំពើហិង្សាក៏បានជេរម្តាយខ្លួន ខ្លួនក៏បានជេរតបទៅលើជនបង្កហិង្សាវិញផងដែរ។
បន្ទាប់ពីនារីរងគ្រោះជេរតបបុរសដែលគេមិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយនោះ បានស្ទុះមកទះនារីរងគ្រោះមួយកំផ្លៀងឱ្យដួលអុកគូទទៅនឹងថ្នល់តែម្តង។ ក្រោយពីទះកំផ្លៀងហើយ បុរសបង្កហេតុក៏បានបើករថយន្តចេញពីកន្លែងកើតហេតុបាត់ទៅ៕

អត្ថបទដែលជាប់ទាក់ទង