បុរសដែលបានប្រើហិង្សាទះកំផ្លៀងស្ត្រីម្នាក់ ត្រូវអាវុធហត្ថភ្នំពេញឃាត់ខ្លួន យកមកសួរចម្លើយ
(ភ្នំពេញ)៖ បុរសម្នាក់ដែល ទះកំផ្លៀងស្ត្រីម្នាក់ឱ្យដួលអុកគូទនៅនឹងថ្នល់ ត្រូវបានអាវុធហត្ថរាជធានីភ្នំពេញ ស្រាវជ្រាវរហូតរកឃើញអត្តសញ្ញាណ និងបាន នាំយកមកសួរចម្លើយ នៅទីបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ នៅរសៀលថ្ងៃទី១១មេសានេះ។
លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានអះអាងថា បន្ទាប់ពីកម្លាំងជំនាញរបស់លោក បានធ្វើការកំណត់អត្តសញ្ញាណរថយន្តរបស់ជនបង្ក ដឹងថាជារថយន្តរបស់ក្រុមហ៊ុនមួយ លោកក៏បានស្នើទៅក្រុមហ៊ុនឲ្យចេញមុខទទួលខុសត្រូវ។
ក្រុមហ៊ុនបានសហការជាមួយសមត្ថកិច្ចអាវុធហត្ថ ដោយនាំយកជនសង្ស័យ ទៅប្រគល់ដល់បញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ។
ជនសង្ស័យមានឈ្មោះ ឡោ ប៊ុនភ័ក្ត្រ អាយុ៤៣ឆ្នាំ មុខរបរជាអ្នកបើកបររថយន្តឲ្យក្រុមហ៊ុន កំពុងត្រូវបានកម្លាំងជំនាញ របស់កងរាជអាវុធហត្ថរាជធានីភ្នំពេញ សួរនាំនិងកសាងសំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីផ្តន្ទាទោសតាមច្បាប់។
សូមរំលឹកថា កាលពីថ្ងៃទី៩ ខែមេសា ឆ្នាំ២០១៩ បុរសម្នាក់បានទះកំផ្លៀងនារីម្នាក់ឱ្យដួលអុកគូទទៅនឹងថ្នល់ បន្ទាប់ពីមានជម្លោះពាក្យសម្តីនឹងគ្នា។ ហេតុការណ៍ហិង្សានេះ កើតឡើងនៅចំណុចផ្លូវលេខ១៣៦ កែងនឹងផ្លូវលេខ១៥ សង្កាត់ផ្សារកណ្តាលទី១ ខណ្ឌដូនពេញ៕