លោក Julian Assange គឺជាជនជាតិអូស្ត្រាលី ដែលមានជំនាញខ្ពស់ផ្នែក ព័ត៌មានវិទ្យា ព្រមទាំងជាម្ចាស់វែបសាយ WikiLeaks ត្រូវចាប់ខ្លួន
(ឡុងដ៍)៖ ស្ថាបនិកគេហទំព័រ WikiLeaks លោក ជូលៀន អាស្សាង (Julian Assange) ត្រូវបានចាប់ខ្លួនហើយនៅទីក្រុងឡុងដ៍ នៃចក្រភពអង់គ្លេស នាថ្ងៃព្រហស្បតិ៍នេះ ក្រោយរដ្ឋាភិបាលអេក្វាឌ័របានសម្រេចដកសិទ្ធិជ្រកកោណរបស់លោក នៅក្នុងស្ថានទូតប្រចាំទីក្រុងឡុងដ៍ ប៉ុន្តែភ្លាមៗនេះមិនទាន់មានព័ត៌មានល្អិតបន្ថែម ជុំវិញការចាប់ខ្លួននៅឡើយទេ។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មានអាមេរិក CNN នៅល្ងាចថ្ងៃព្រហស្បតិ៍ ទី១១ ខែមេសា ឆ្នាំ២០១៩។
លោក Julian Assange បានរស់នៅជ្រកកោនក្នុងស្ថានទូតអេក្វាឌ័រ ប្រចាំទីក្រុងឡុងដ៍អស់រយៈពេលជាង ០៧ឆ្នាំមកហើយ។ ម្យ៉ាងវិញទៀត ការចាប់ខ្លួននេះត្រូវបានគេមើលឃើញថា ជាការបើកផ្លូវមួយក្នុងការធ្វើបត្យាប័នរូបលោក ទៅកាន់ទីក្រុងវ៉ាស៊ីនតោន ជាទីដែលលោកអាចនឹងត្រូវប្រឈមមុខនឹងការកាត់ទោស ពាក់ព័ន្ធនឹងការទម្លាយឯកសារសំងាត់ជាច្រើនរបស់សហរដ្ឋអាមេរិក។
គួរបញ្ជាក់ថា លោក Julian Assange គឺជាជនជាតិអូស្ត្រាលី ដែលមានជំនាញខ្ពស់ផ្នែក ព័ត៌មានវិទ្យា ព្រមទាំងជាម្ចាស់វែបសាយ WikiLeaks ដ៏ល្បីល្បាញបំផុតនៅលើសកលលោក ដែលមានជំនាញខាងទម្លាយឯកសារសម្ងាត់ នៃបណ្តាមេដឹកនាំនយោបាយ និងពាណិជ្ជកម្មល្បីៗនៅទូទាំង ពិភពលោក ក្នុងនោះក៏មានសហរដ្ឋអាមេរិកផងដែរ។
ការទម្លាយរឿងសម្ងាត់របស់រដ្ឋាបាលអាមេរិកកាលពីឆ្នាំ២០១០ បានធ្វើឲ្យទៅក្រុងវ៉ាស៊ីនតោន កៀរគរសម្ព័ន្ធមិត្តដេញតាមចាប់រូបលោកពីប្រទេសមួយទៅប្រទេសមួយ រហូតដល់ខែសីហា ឆ្នាំ២០១២ ទើបលោក Assange អាចគេចផុតការយាយី និងទទួលបានសិទ្ធិជ្រកកោណ នៅក្នុងស្ថានទូតអេក្វាឌ័រ ប្រចាំនៅទីក្រុងឡុងដ៍ ប៉ុន្តែសហរដ្ឋអាមេរិកនៅតែព្យាយាមរិះរកគ្រប់ វិធីថែមទៀតដើម្បីស្នើសុំបត្យាប័ន បញ្ជូនលោកទៅកាត់ទោសនៅសហរដ្ឋអាមេរិកនៅទីបំផុត៕