ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឃាត់ខ្លួនជនជាតិវៀតណាមម្នាក់ ពីបទបង្កជម្លោះ និងបណ្តេញជនជាតិវៀតណាមម្នាក់ ចេញពីប្រទេសកម្ពុជា

101

ក្រចេះ កណ្តាល ៖ កម្លាំងប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងស្រែ នាថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៩ បានឃាត់ខ្លួនបណ្តោះអាសន្នជនជាតិវៀតណាមម្នាក់ បង្កជម្លោះជាមួយមន្រ្តីគយ ដែលប្រចាំការនៅច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងស្រែ។
សមត្ថកិច្ចបានឲ្យដឹងថា ជនជាតិវៀតណាមនេះ មានឈ្មោះ ចិន មិញខាញ់ ភេទប្រុស អាយុ ៣២ឆ្នាំ ទីលំនៅ ឃុំស៊ុនថាញ់ ស្រុកស៊ុនឡុក ខេត្តដុងណាយ ប្រទេសវៀតណាម មុខរបរត់ម៉ូតូឌុបក្នុងតំបន់ព្រំដែន និងបានដឹកទំនិញ តាមកូនរ៉ឺម៉កតូចមួយ ក្នុងទិសដៅចេញពីប្រទេសកម្ពុជា លុះមកដល់បារ៉ាស់ត្រួតពិនិត្យ សាម៉ីខ្លួនបានបងជម្លោះ ជាមួយមន្រ្តីគយ ដែលប្រចាំការ ឈានដល់ទាញយកពូថៅគំរាម ឃើញករណីជាក់ស្តែង កម្លាំងប៉ុស្តិ៍បានធ្វើការឃាត់ខ្លួនបណ្តោះអាសន្ន រង់ចាំការដោះស្រាយបន្ត។
នៅវេលាម៉ោង ១៣និង០០នាទី ថ្ងៃខែឆ្នាំដដែល មន្រ្តីវរៈយោធាការពារព្រំដែនវៀតណាម៨០១ បានស្នើសុំធ្វើការសម្របសម្រួល។ យោងតាមការស្នើសុំពីភាគីមិត្ត ដោយមានការធ្វើលិខិតធានា និងឲ្យសាម៉ីខ្លួនធ្វើកិច្ចសន្យាទទួលកំហុស និងសុំការសុំអភ័យទោស កម្លាំងនគរបាលប៉ុស្តិ៍ ក៏បានអនុញ្ញាតឲ្យសាម៉ីខ្លួន ត្រឡប់ទៅប្រទេសវៀតណាមវិញ។

ចំណែកកម្លាំងប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តជាតិក្អមសំណ នាថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៩ វេលាម៉ោង ១២និង០០នាទី បានសហការជាមួយនាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនិតិវិធី​បណ្តេញជនជាតិវៀតណាមចំនួន ០១នាក់ ចេញពីប្រទេស។
សមត្ថកិច្ចបានឲ្យដឹងថា ជនជាតិវៀតណាមនេះ មានឈ្មោះ TRAN THI DIEU NHUNG ភេទស្រី អាយុ៤១ឆ្នាំ និងបានធ្វើការប្រគល់ជូនភាគីវៀតណាមរួចរាល់ជាស្ថាពរ៕

អត្ថបទដែលជាប់ទាក់ទង