ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

គណបក្សប្រជាជនកម្ពុជាក្លាយជា អនុប្រធាន គណៈកម្មាធិការប្រតិបត្តិ នៃអង្គការជាអ្នកប្រជាធិបតេយ្យនិយមកណ្តាល អន្តរជាតិ ទទួលបន្ទុកតំបន់អាស៊ីប៉ាស៊ីហ្វិក

1,741

ភ្នំពេញ៖ គណបក្សប្រជាជនកម្ពុជាCPP) ទើបនឹងបានទទួលតួនាទីថ្មីមួយទៀត នៅលើឆាកអន្តរជាតិ ដោយក្លាយជា អនុប្រធាន គណៈកម្មាធិការប្រតិបត្តិ នៃអង្គការជាអ្នកប្រជាធិបតេយ្យនិយមកណ្តាលអន្តរជាតិ (IDC-CDI) ទទួលបន្ទុកតំបន់អាស៊ីប៉ាស៊ីហ្វិក។ នេះបើតាមសេចក្តីប្រកាសរបស់គណបក្សប្រជាជនកម្ពុជា នៅរសៀល ថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០១៨នេះ។

សេចក្តីប្រកាសរបស់ គណបក្សប្រជាជនកម្ពុជា បានបញ្ជាក់ថា «កិច្ចប្រជុំគណៈកម្មាធិការប្រតិបត្តិ នៃអង្គការជាអ្នកប្រជាធិបតេយ្យនិយមកណ្តាលអន្តរជាតិ (IDC-CDI) ដែលបានប្រារព្ធធ្វើឡើង នៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៨ នៅក្រុងប្រ៊ុយស៊ែល ប្រទេសប៊ែលហ្ស៊ិក បានអនុម័តជាឯកច្ឆ័ន្ធ ផ្តល់តួនាទីជូន គណបក្សប្រជាជនកម្ពុជា ជាអនុប្រធាន IDC-CDI ទទួលបន្ទុកតំបន់អាស៊ីប៉ាស៊ីហ្វិក»។

IDC-CDI ត្រូវបានបង្កើតឡើងនៅឆ្នាំ១៩៦១ ដែលមានសមាជិកចំនួន៩៤ គណបក្សនយោបាយ អង្គការ ឬសមាគមនយោបាយមកពីទ្វីបអឺរ៉ុប អាមេរិកឡាទីន អាហ្រ្វិក និងអាស៊ីប៉ាស៊ីហ្វិក ដែលគំនិត និងសកម្មភាពរបស់ខ្លួន តម្រង់ទិសដោយគោលការណ៍ ប្រជាធិបតេយ្យនិយមកណ្តាល និងមនុស្សនិយម។

សេចក្តីប្រកាសបានបញ្ជាក់ថា ជាងមួយទស្សវត្សមកហើយ គណបក្សប្រជាជនកម្ពុជា ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជានាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា គណបក្សនេះបានប្រកាន់ខ្ជាប់នូវតម្លៃ ប្រជាធិបតេយ្យនិយមកណ្តាល និងបានក្លាយជាសមាជិកពេញសិទ្ធិនៃគ្រួសារ IDC-CDI នៅក្នុងកិច្ចប្រជុំគណៈកម្មាធិការប្រតិបត្តិនៅក្រុងលីស្បុន (Lisbon) ប្រទេសព័រទុយហ្កាល់ នៅខែមេសា ឆ្នាំ២០១៦។

CPP ចាត់ទុកថា នេះជាការទទួលស្គាល់ កិច្ចប្រឹងប្រែងរបស់គណបក្សប្រជាជនកម្ពុជា ដែលបានរួមគ្នាជំរុញតម្លៃ និងគោលការណ៍រួម ក្នុងការពង្រឹងលទ្ធិប្រជាធិបតេយ្យនៅលើពិភពលោក ដែលធ្វើឱ្យសង្គមនានា មានភាពយុត្តិធម៌ និងវិបុលភាពជាងមុន។ គណបក្សប្រជាជនកម្ពុជា ជឿជាក់ថា សន្តិភាព ស្ថិរភាព មិត្តភាព និងទំនួលខុសត្រូវ ជាលក្ខខណ្ឌចាំបាច់សម្រាប់ការអភិវឌ្ឍ ការបញ្ចៀសវប្បធម៌ហិង្សា និងទប់ស្កាត់អំពើជ្រុលនិយម ដើម្បីផ្តល់ភាពសុខដុមរមនាជូនដល់ប្រជាជនយើងទាំងអស់គ្នា៕

អត្ថបទដែលជាប់ទាក់ទង