គគ្រើក ការរៀបចំព្រឹត្តិការណ៍មហាសង្ក្រាននៅកូរ៉េ មានបងប្អូនពលករចូលរួមជាង១ម៉ឺននាក់
កូរ៉េខាងត្បូង ៖ ការរៀបចំមហាសង្ក្រាននៅសាធារណរដ្ឋកូរ៉េ កាលពីថ្ងៃទី១៤ ខែមេសា ឆ្នាំ២០១៩នេះ ជាព្រឹត្តិការណ៍ដ៏ធំមួយដោយមានមានបងប្អូនពលករខ្មែរធ្វើដំណើរមកពីទីឆ្ងាយៗ រាប់រយគីឡូម៉ែត្រ និងចំណាយពេលច្រើនម៉ោង ដើម្បីមកចូលរួម ហើយចំនួននេះមានកើនឡើងប្រមាណជាង១ម៉ឺននាក់ ដែលជាចំនួនមួយច្រើនជាងឆ្នាំកន្លងទៅ។
មហាសង្ក្រាននេះបានរៀបចំឡើងក្រោមការសហការរវាងក្រសួងការងារ និងបណ្ដុះ បណ្ដាលវិជ្ជាជីវៈនិងស្ថានទូតកម្ពុជាប្រចាំនៅប្រទេសកូរ៉េខាងត្បូង។
លោកបណ្ឌិត អ៉ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះ បណ្ដាលវិជ្ជាជីវៈលើកឡើងថា៖ « មានបងប្អូនពលករខ្មែរជាងមួយម៉ឺននាក់ បានធ្វើដំណើរមកពីឆ្ងាយរាប់រយគីឡូម៉ែត្រនិងបានចំណាយពេលវេលាច្រើនម៉ោង ដើម្បីមកចូលរួម ខ្ញុំសូមអរគុណដល់ទឹកចិត្តស្រឡាញ់រាប់ អានគ្នាដ៏ស្មោះសររបស់បងប្អូនខ្មែរទាំងអស់។ ឆ្នាំនេះកម្មវិធីរបស់យើងពិតសម្បូរបែបដោយមានក្រុមសិល្បៈតន្ត្រី និងអ្នកចម្រៀងនៃសមាគមនានា និងមានសិល្បករមកពីក្នុង ប្រទេសបានមកចូលរួមសម្ដែងក្នុងកម្មវិធីយើងរួមជាមួយ ក្រុមសិល្បករ របស់បងប្អូននៅកូរ៉េផ្ទាល់ហើយ ខ្ញុំសង្ឃឹមថាបងប្អូនសប្បាយរីករាយ ហើយរាំលេងទាំងអស់គ្នា។ ទន្ទឹមនេះក៏មានការរៀបចំកម្មវិធីអបអរឆ្នាំថ្មីនៅតាមកន្លែងផ្សេងៗទៀតនៅក្នុងប្រទេសកូរ៉េផងដែរ។
លោករដ្ឋមន្ត្រី បានពាំនាំមកនូវសេចក្ដីនឹករលឹកការផ្ដាំផ្ញើសាកសួរសុខទុក្ខ និងពរសព្វសាធុការក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរនេះពីសំណាក់រាជរដ្ឋាភិបាលពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិតជូនដល់បងប្អូនខ្មែររស់នៅកូរ៉េខាងត្បូងទាំងអស់ សូមប្រកបដោយពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ និងសូមឆ្នាំថ្មី នាំមកនូវជោគជ័យសេរីសួស្ដីគ្រប់ប្រការដល់បងប្អូនខ្មែរទាំងអស់។
លោកបណ្ឌិត អ៉ិត សំហេង មានប្រសាសន៍ថា ការរៀបចំកម្មវិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ យើងនៅសាធារណរដ្ឋកូរ៉េពិតណាស់មិនអាចគ្រប់គ្រាន់ ដូចយើងនៅជួបជុំ គ្រួសារនៅស្រុកកំណើតយើងទេ តែបញ្ជាក់ថា ខ្មែរយើងទោះទៅដល់ទីណាសម្បូរសប្បាយយ៉ាងណាក្ដីក៏ខ្មែរ មិនភ្លេចប្រពៃណីវប្បធម៌ខ្មែរឡើយ។ ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា និង ក្រសួងការងារ និងបណ្ដុះបណ្ដាល វិជ្ជាជីវៈ លោករដ្ឋមន្រ្តី សូមគោរពកោតសរសើរបងប្អូនខ្មែររស់នៅកូរ៉េខាងត្បូងទាំងអស់ ដែលបានថែរក្សាប្រពៃណីជាតិជាពូជពង្សខ្មែរអង្គរ ដ៏រុងរឿងនៃយើង។
ឆ្នាំនេះប្រជាពលរដ្ឋខ្មែរយើងធ្វើបុណ្យចូលឆ្នាំខ្មែរ ក្នុងបរិយាកាសប្បាយរីករាយណាស់។ នៅក្នុងប្រទេសប្រជាជនខ្មែរធ្វើបុណ្យចូលឆ្នាំក្នុងបរិយាកាសសុខសាន្ត សន្តិភាព អភិវឌ្ឍន៍ ដោយសប្បាយរីករាយខ្លាំងណាស់ ដូច្នេះសូមបងប្អូនយើងត្រូវជឿជាក់លើរាជរដ្ឋាភិបាលកម្ពុជា ជឿជាក់លើការដឹកនាំប្រកបដោយ គតិបណ្ឌិតរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដើម្បីបន្តអភិវឌ្ឍប្រទេសកម្ពុជា ឆ្ពោះទៅកាន់ចក្ខុវិស័យ ឆ្នាំ២០៣០ ជាប្រទេសដែលមានចំណូលមធ្យម កម្រិតខ្ពស់ ឈានទៅឆ្នាំ២០៥០ ជាប្រទេស ដែលមានចំណូលខ្ពស់៕