សមត្ថកិច្ចនគរបាលខេត្តកំពង់ចាម ចាប់មនុស្ស 6 នាក់ ដាក់កុងត្រូលជជុះជំរិតទារលុយពីប្រជាពលរដ្ឋ
កំពង់ចាម៖ បើតាមរបាយការណ៍របស់មន្ទីរព័ត៌មានខេត្តកំពង់ចាម ដែល
សូមគោរពរាយការណ៍ជូន លោក រដ្ឋមន្ត្រីក្រសួងព័ត៌មានជូនជ្រាបដ៍ខ្ពង់ខ្ពស់ ហើយត្រូវបានលោករដ្ឋមន្ត្រីបង្ហោះលើផេក facebook ផ្លូវការរបស់លោកនៅថ្ងៃទី 16 ខែមេសានេះ។ លោកហួត វុទ្ធី ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ចាម បញ្ជាឱ្យសមត្ថកិច្ចវៃខ្នោះមនុស្ស៦នាក់ ពាក់ព័ន្ធការដាក់កុងត្រូលជជុះស្ទាក់យានយន្តទារប្រាក់លើផ្លូវរបៀងក្នុងព្រៃចម្ការចូលតំបន់រមណីយដ្ឋានទឹកឆាស្រុកចំការ ខេត្តកំពង់ចាម ។
របាយការណ៍ពីស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម បញ្ជាក់ថា លោក គួច ចំរើន អភិបាលខេត្តកំពង់ចាម កាលពីថ្ងៃទី១៥ ខែមេសា ឆ្នាំ២០១៩ ក្រោយពីទទួលបានដំណឹងថា មានមនុស្សមួយក្រុមបានដាក់កុងត្រូលជជុះកំហែងយកប្រាក់ ពីប្រជាពលរដ្ឋ ដោយល្មើសនឹង បទបញ្ជាលេខ០០១ របស់រាជរដ្ឋាភិបាល នៅចំណុចផ្លូវលំ ស្ថិតក្នុងភូមិសំព័រ ឃុំតាអុង ស្រុកចំការលើ ខេត្តកំពង់ចាម រួចមក , លោក គួច ចំរើន បានបញ្ជាឧត្តមសេនីយ៍ទោ ឯម កុសល ស្នងការនគរបាលខេត្តកំពង់ចាម ចាត់កម្លាំងជំនាញចុះធ្វើការត្រួតពិនិត្យ។
នៅក្នុងការចុះត្រួតពិនិត្យនគរបាលខេត្តរួមជាមួយអធិការដ្ឋាននគរបាលស្រុកចំការលើបានធ្វើការឃាត់ខ្លួនបុរសឈ្មោះ កែវ ឌឿន អាយុ៦៥ឆ្នាំ ជាតិខ្មែរ មានទីលំនៅភូមិសំព័រ ឃុំតាអុង ស្រុកចំការ
លើ ដើម្បីយកទៅធ្វើការសួរ ។
ប្រភពព័ត៌មាន បានឱ្យដឹងថា ក្នុងពេលកងកម្លាំងនគរបាលបើករថយន្តដឹកឈ្មោះ កែវ ឌឿនចេញមកដល់ចំណុចតាមផ្លូវលំក្នុងភូមិសំព័រ ស្រាប់តែមានរថយន្តចំនួន២គ្រឿង បានមកកាក់ផ្លូវរថយន្តនគរបាល ពីមុខ និងពីក្រោយ មិនអោយទៅមុខបាន ហើយក្រុមនោះ បានចុះពីលើរថយន្ត មករារាំង ជេរប្រមាថ និងបំផ្លិចបំផ្លាញរថយន្ត របស់សមត្ថកិច្ចមិនឱ្យយកឈ្មោះ កែវ ឌឿន ទៅសាកសួរ។
ក្នុងស្ថានភាពដូចខាងលើលោក ហួត វុទ្ធី ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ចាមបានសម្រេចឱ្យនគរបាល ធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន០៥នាក់ទៀតរួមមាន ៖
១-ឈ្មោះ ស្រុី វ៉ាន់ដែន ភេទប្រុស អាយុ៣៧ឆ្នាំ
២-ឈ្មោះ ស្រុី វ៉ាន់ដា ភេទប្រុស អាយុ៣៨ឆ្នាំ
៣-ឈ្មោះ ស្រុី វ៉ាន់ដេត ភេទប្រុស អាយុ៣៥ឆ្នាំ
៤-ឈ្មោះ ស្រុី គឹមស្រស់ ភេទស្រី អាយុ៣១ឆ្នាំ
៥-ឈ្មោះ ឌឿន ឧត្តម ភេទប្រុស អាយុ១៩ឆ្នាំ ជាតិខ្មែរ
ជនទាំង៥នាក់នេះមានទីលំនៅភូមិសំព័រ ឃុំតាអុង ស្រុកចំការលើ ខេត្តកំពង់ចាម ដោយបច្ចុប្បន្ននេះជនសង្ស័យទាំង៦នាក់ ត្រូវបាននាំមកកាន់ស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម ដើម្បីធ្វើការសាកសួរ និងកសាងសំណុំរឿងតាមនីតិវិធី ៕