គណបក្សប្រជាជនកម្ពុជា បើកយុទ្ធនាការឃោសនាបោះឆ្នោតនៅកោះពេជ្រនឹងមាន សមាជិក សមាជិកា ជាង១០ម៉ឺននាក់
ភ្នំពេញ៖ ប្រមុខគណបក្សប្រជាជនកម្ពុជា សម្តេចតេជោ ហ៊ុន សែន នៅថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០១៨ស្អែកនេះ នឹងចេញដឹកនាំបើកយុទ្ធនាការឃោសនារកសំឡេងឆ្នោត ដោយផ្ទាល់ក្រោមការចូលរួមពីសមាជិក សមាជិកា ជាង១០ម៉ឺននា់។
ជាមួយការចេញបើកយុទ្ធនាការឃោសនារកសំឡេងឆ្នោតនេះ សម្តេចតេជោ ហ៊ុន សែន នឹងថ្លែងសុន្ទរកថាគន្លឹះ ក៏ដូចជាប្រកាសដាក់ចេញនូវគោលនយោបាយដឹកនាំ និងអភិវឌ្ឍន៍ជាតិសំខាន់ៗមួយចំនួននៅពេលគណបក្សមួយនេះបន្តឈ្នះឆ្នោតដឹកនាំរាជរដ្ឋាភិបាល។
ការចេញបើកយុទ្ធនាការរកសំឡេងឆ្នោតរបស់ប្រមុខបក្សកាន់អំណាច នឹងមានការផ្សាយផ្ទាល់នៅគ្រប់ស្ថានីយទូរទស្សន៍ទាំងអស់ លើកលែងតែទូរទស្សន៍ជាតិ ជាមួយនឹងបណ្តាញផ្សព្វផ្សាយធំៗដទៃទៀត។
គួរបញ្ជាក់ថា៖គណបក្សប្រជាជនកម្ពុជា បន្ទាប់ពីសម្តេចតេជោ ហ៊ុន សែន បានថ្លែងសុន្ទរកថាបើករួចហើយ ផែនគណបក្សប្រជាជនកម្ពុជា នឹងចាប់ផ្តើមហែទៅកាន់គោលដៅតាមខណ្ឌនីមួយៗផងដែរ។ ក្រៅពីការបើកយុទ្ធនាការរកសំឡេងឆ្នោតទ្រង់ទ្រាយធំក្នុងរាជធានីភ្នំពេញហើយនោះ គណបក្សដឹកនាំរាជរដ្ឋាភិបាល ក៏នឹងមានការបើកយុទ្ធនាការនៅតាមខេត្តនានាផងដែរ។
យុទ្ធនាការឃោសនារកសំឡេងឆ្នោតនេះ មានរយៈពេល២០ថ្ងៃ ដែលចាប់ផ្តើមពីថ្ងៃស្អែកនេះ រហូតដល់ថ្ងៃទី២៧ ខែកក្កដា។ ក្រៅពីការបើកយុទ្ធនាការឃោសនា រកសំឡេងឆ្នោត គណបក្សប្រជាជនកម្ពុជានៅថ្ងៃស្អែកនេះ ក៏នឹងធ្វើពិធីអបអរសាទរខួប៦៧ថ្ងៃកំណើតរបស់ខ្លួនផងដែរ។
គណបក្សប្រជាជនកម្ពុជា មានឈ្មោះដើមថា បក្សប្រជាជនបដិវត្ដន៍ខ្មែរ បានបដិសន្ធិឡើងនៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ១៩៥១ ដោយមានប្រភពពីចលនាតស៊ូរបស់ប្រជាជនកម្ពុជា ប្រឆាំងពួកអាណានិគមនិយមដើម្បីឯករាជ្យជាតិ៕