ចុះហត្ថលេខាលើកិច្ចព្រមព្រៀង ហិរញ្ញប្បទានសហប្រតិបត្តិការសម្រាប់គម្រោងចំនួន ២ ដែលមានទឹកប្រាក់១៩០ លានដុល្លារ
ភ្នំពេញ៖ លោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ឋមុនីរ័ត្ន ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និង លោក Hideaki Iwasaki នាយកស្តីទីស្ថានតំណាងធនាគារអភិវឌ្ឍន៍អាស៊ីប្រចាំកម្ពុជា បានចុះហត្ថលេខាលើកិច្ចព្រមព្រៀង ហិរញ្ញប្បទានសហប្រតិបត្តិការសម្រាប់គម្រោងចំនួន ២ ដែលមានទឹកប្រាក់សរុបចំនួន ១៩០ លានដុល្លារអាមេរិក៖ ១) គម្រោងខ្សែច្រវ៉ាក់ផលិតកម្មប្រកបដោយភាតរៈបរិស្ថាន និង ២) គម្រោងកែលម្អផ្លូវជនបទជំហានទី ៣ , នាព្រឹក ថ្ងៃសុក្រ ទី៦ ខែកក្កដា ឆ្នាំ២០១៨ នៅទីស្តីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ។
លោកទេសរដ្ឋមន្រ្តី បានថ្លែងអំណរគុណដល់ ADB និងមូលនិធិអាកាសធាតុបៃតង ដែលបានផ្តល់ការជឿទុកចិត្ត និងជឿជាក់លើការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា តាមរយៈការអនុម័តផ្តល់ហិរញ្ញប្បទានសហប្រតិបត្តិការសម្រាប់គម្រោងចំនួននេះ និងបានវាយតម្លៃខ្ពស់ចំពោះតួនាទីដ៏សំខាន់របស់ដៃគូអភិវឌ្ឍន៍ទាំងអស់ ដែលបានរួមចំណែកយ៉ាងធំធេងក្នុងការអភិវឌ្ឍនៅកម្ពុជា សំដៅកាត់បន្ថយភាពក្រីក្ររបស់ប្រជាជន និងបែងចែកផ្លែផ្កានៃកំណើនប្រកបដោយសមធម៌ដល់គ្រប់ស្រទាប់វណ្ណៈ នៃប្រជាជន តាមរយៈការបន្តធានាសម្រេចឲ្យបាននូវចីរភាព នៃកំណើនសេដ្ឋកិច្ចក្នុងរយៈពេលវែង ។ ជាមួយគ្នានោះ ទេសរដ្ឋមន្រ្តី ក៏បានថ្លែងអរគុណចំពោះក្រសួងបរិស្ថាន និងក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ចីរភាព ដែលបានផ្តល់ការគាំទ្រយ៉ាងទាន់ពេលវេលាក្នុងសំណើសុំហិរញ្ញប្បទាន សម្រាប់គម្រោងខ្សែច្រវ៉ាក់ផលិតកម្ម ប្រកបដោយភាតរៈបរិស្ថាន។
លោករដ្ឋមន្រ្តី ក៏បានរំលឹកឡើងវិញអំពីកិច្ចសហប្រតិបត្តិការ ADB ដែលបានផ្តល់ហិរញ្ញប្បទានសហប្រតិបត្តិការសរុបចំនួន ២,៩៥ប៊ីលានដុល្លារ ដោយគិតបញ្ចូលទាំងកិច្ចព្រមព្រៀងចំនួន៥ ដែលបានចុះហត្ថលេខាក្នុងថ្ងៃនេះ ដែលក្នុងនោះ ឥណទានសម្បទានមានទឹកប្រាក់សរុបចំនួនប្រមាណ២,៤៦ប៊ីលានដុល្លារ សម្រាប់អនុវត្តកម្មវិធី និងគម្រោងចំនួន១០១ និងហិរញ្ញប្បទានឥតសំណតមានទឹកប្រាក់សរុបចំនួនប្រមាណ ៤៨៧លានដុល្លារ សម្រាប់អនុវត្តកម្មវិធីនិងគម្រោងចំនួន៥១។ ទាំងនេះបង្ហាញពីការប្តេជ្ញាបន្តពង្រឹងភាពជាដៃគូក៏រឹងមាំរបស់ ADB ជាមួយរាជរដ្ឋាភិបាលកម្ពុជា៕