ផ្ទះ៣ល្វែងដែលគេទុកចោលត្រូវជនសង្ស័យ ប្រើប្រាស់គ្រឿងញៀន ដុតបង្កអោយមានអគ្គីភ័យឆេះយ៉ាងសន្ធោសន្ធៅ ធ្វើអោយស្ត្រីម្នាក់សន្លប់បាត់ស្មារតី
ភ្នំពេញ ៖បុរសម្នាក់ ដែលគេសង្ស័យថា ប្រើប្រាស់ថ្នាំញៀនរហូតបែកថ្នាំ ត្រូវបានប្រជាពលរដ្ឋនាំគ្នាព្រួតវាយបណ្ដាលឱ្យរងរបួស ខណៈដែលជនសង្ស័យរូបនេះធ្វើសកម្មភាពដុតក្រដាស់ក្នុងផ្ទះរបស់គេបណ្ដាលឱ្យឆេះរាលដាលដល់ផ្ទះប្រជាពលរដ្ឋដែលគេទុកចោលយ៉ាងសន្ធោសន្ធៅអស់៣ល្វែង ហើយក្នុងហេតុការណ៍នេះក៏បានធ្វើឲ្យស្ត្រីម្នាក់ ដួលសន្លប់ផងដែរ។
ហេតុការណ៍នេះបានបង្កការភ្ញាក់ផ្អើលនៅវេលាម៉ោង៨និង១០នាទី ថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៩ ស្ថិតនៅតាមបណ្តោយផ្លូវសហព័ន្ធរុស្សុី ក្នុងសង្កាត់ផ្សារដេប៉ូ៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។
ជនសង្ស័យមានឈ្នោះ គង់ រតនា ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរ និងស្នាក់នៅមិនពិតប្រាកដ ។
ប្រភពព័ត៌មាននៅកន្លែងកើតហេតុបានប្រាប់ឲ្យដឹងថា នៅមុនពេលកើតហេតុគេបានឃើញផ្សែង និងអណ្តាតភ្លើង បានចេញពីក្នុងផ្ទះកើតហេតុ ក៏បានរាយការណ៍ទៅសមត្ថកិច្ចចុះអន្តរាគមន៍ មួយសន្ទុះក្រោយមកស្រាប់តែឃើញជនសង្ស័យខាងលើបានលោតចុះពីលើផ្ទះកើតហេតុ ត្រូវប្រជាពលរដ្ឋចាប់បានវាយម្នាក់មួយដៃមួយជើង ទើបប្រគល់សមត្ថកិច្ច ។ ក្នុងករណីនេះដែរ ក៏មានស្ត្រីម្នាក់បានដួលសន្លប់ស្តូកស្តឹង ត្រូវបានបញ្ចូនទៅមន្ទីពេទ្យសង្គ្រោះភ្លាមៗផងដែរ ។
បន្ទាប់ពីឃាត់ខ្លួនជនសង្ស័យខាងលើ សមត្ថកិច្ចសួរនាំ ជនសង្ស័យបានសារភាពថា ខ្លួនពិតជាធ្លាប់ប្រើប្រាស់គ្រឿងញៀនពិតប្រាកដមែន ហើយចំពោះករណីអគ្គីភ័យខាងលើនេះ មកពីជនសង្ស័យបានដុតក្រដាស់ ទើបបង្កឲ្យមានការឆាបឆេះបែបនេះ តែមិនបណ្តាលឲ្យមានការរាលដាលដល់ផ្ទះអ្នកជិតខាងឡើយ។
ចំពោះករណីអគ្គីភ័យខាងលើនេះសមត្ថកិច្ចបានចេញរថយន្ត១៤រឿង មកអន្តរាគមន៍ និងបានប្រើប្រាស់អស់៤គ្រឿង ទើបរលត់ទៅវិញនៅម៉ោង០៩និង១០យប់ថ្ងៃដដែល ៕