ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អនុរដ្ឋមន្ត្រីក្រសួងរដ្ឋបាល និងបទបញ្ញាតិទីផ្សារ នឹងជម្រុញកិច្ចសហប្រតិបត្តិការលើវិស័យកសិកម្ម ក្នុងការនាំចូលដំណាំកសិផលផ្សេងៗ ទៅកាន់ប្រទេសចិនឲ្យបានកាន់តែច្រើន

72

ភ្នំពេញ៖ theនៅព្រឹកថ្ងៃអង្គារ ៤រោច ខែចេត្រ ឆ្នាំកុរ ឯកស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៩នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជួបពិភាក្សាការងារជាមួយលោក Qin Yizhi អនុរដ្ឋមន្ត្រីក្រសួងរដ្ឋបាល និងបទបញ្ញាតិទីផ្សារនៃប្រទេសចិន។

លោក Qin Yizhi បានគោរពថ្លែងអំណរគុណ និងជម្រាបជូន សម្តេចតេជោនាយករដ្ឋមន្ត្រី អំពីទំនាក់ទំនងរវាងប្រទេសយើងទាំងពីរ កម្ពុជា-ចិន គឺមានតាំងពីជាង២០០០ឆ្នាំ មកហើយ ដែលបានស្ថាបនាឡើងដោយបុព្វបុរសនៃប្រទេសទាំងពីរបន្សល់ទុកឲ្យយើងមកដល់សព្វថ្ងៃ។ លើសពីនេះទៅទៀត ប្រទេសយើងទាំងពីរក៏កំពុងតែសប្បាយរីករាយ និងទទួលបានផ្លែផ្កាយ៉ាងល្អប្រសើរអំពីទំនាក់នងដូចជាបងប្អូន ដែលកំពុងរីកចម្រើនដុះដាលពីមួយឆ្នាំទៅមួយឆ្នាំ។

លោក Qin បានបញ្ជាក់ថា ជាភ័ព្វសំណាងណាស់ដែលប្រទេសយើងទាំងពីរ កម្ពុជា-ចិន បានដាក់ចេញនូវនយោបាយយ៉ាងត្រឹមត្រូវដែលនាំឲ្យសេដ្ឋកិច្ចកម្ពុជាមានការអភិវឌ្ឍន៍ ស្របជាមួយនឹងវិស័យផ្សេងៗទៀតយ៉ាងល្អប្រសើរ។ តាមរយៈទំនាក់ទំនងដ៏ល្អ និងគោលនយោបាយត្រឹមត្រូវនេះ បានធ្វើអោយកម្ពុជាទទួលនូវផលប្រយោជន៍យ៉ាងច្រើនពីកិច្ចសហប្រតិបត្តិការ ដែលក្នុងនោះមានវិស័យកសិកម្ម វិស័យថាមពល និងហេដ្ឋារចនាសម្ព័ន្ធជាដើម។ ទន្ទឹមនឹងនេះ លោក Qin នឹងជម្រុញកិច្ចសហប្រតិបត្តិការលើវិស័យកសិកម្ម ក្នុងការនាំចូលដំណាំកសិផលផ្សេងៗទៅកាន់ប្រទេសចិនឲ្យបានកាន់តែច្រើន។

លោក Qin បានគោរពជូនសម្តេចតេជោផងដែរ ថានៅឆ្នាំ ២០១៦ គឺរូបលោកមានកិច្ចប្រតិបត្តិការ និងបានសហការជាមួយ ឯ.ឧ ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្មនិង សិប្បកម្ម ដោយបានចុះហត្ថលេខាលើអនុសារណៈ និងឯកសារមួយចំនួនផងដែរ។ នៅឆ្នាំ២០១៧ រាល់កិច្ចការដែលបានចុះហត្ថលេខាកន្លងមក គឺទទួលបានការអនុវត្តជាបន្តបន្ទាប់ ជាមួយនោះផងដែរ ក៏មានការជួយដល់ការបណ្តុះបណ្តាលធនធានមនុស្សរបស់កម្ពុជាផងដែរ ដោយមានវគ្គសិក្សាខ្លី និងវគ្គសិក្សារយៈពេលវែង។ លោក Qin ក៏បានជម្រាបជូនសម្តេចតេជោបន្តទៀតថា នៅក្នុងដំណើរទស្សនកិច្ចរបស់រូបលោកមកកាន់ព្រះរាជាណាចក្រកម្ពុជានាពេលនេះ គឺដើម្បីស្វែងយល់ និងសិក្សាបន្ថែមទៀត ជាពិសេសដើម្បីជំរុញការនាំចេញផលិតផលកសិកម្មអោយបានកាន់តែច្រើនពីកម្ពុជា។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះ លោក Qin Yizhi ដែលបានលើកឡើងពីទំនាក់ទំនងយ៉ាងល្អរវាងប្រទេសយើងទាំងពីរ ដែលជាកត្តាសំខាន់ក្នុងការជំរុញការអភិវឌ្ឍនៅកម្ពុជា។ ទន្ទឹមនឹងនេះដែរ សម្តេចតេជោ បានស្នើសុំឲ្យលោក Qui បន្តសហការល្អជាមួយភាគីកម្ពុជាដើម្បីជួយត្រួតពិនិត្យធ្វើយ៉ាងណាឲ្យកសិផលកម្ពុជាអាចនាំចេញទៅប្រទេសចិនបានកាន់តែច្រើន ជាពិសេសតាមរយៈពង្រឹងការពិនិត្យចត្តាឡីសក្តិ និងភូតគាអនាម័យលើដំណាំកសិផលរបស់កម្ពុជា ។ ជាងនេះទៅទៀតសម្តចតេជោនាយករដ្ឋមន្ត្រី បានមានប្រសាសន៍គាំទ្រយ៉ាងខ្លាំដល់ក្រសួងនៃប្រទេសយើងទាំងពីរបានធ្វើការជាមួយគ្នាកន្លងមក ជាពិសេសក្នុងការអភិវឌ្ឍធនធានមនុស្ស។ ទន្ទឹមនឹងនេះ សម្តេចតេជោនាយករដ្ឋមន្ត្រី បានលើកទឹកចិត្តឲ្យបន្តកិច្ចសហប្រតិបត្តិការវាងក្រសួងនៃប្រទេសទាំងពីរឲ្យកាន់តែល្អរឹងមាំថែមទៀត។

ឆ្លៀតឱកាសនោះដែរ សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍គាំទ្រ និងលើកទឹកចិត្តដល់វិនិយោគគិនចិនអោយបន្តការវិនិយោគជាមួយនឹងជំនឿទុកចិត្តខ្ពស់មកលើការដឹកនាំរបស់ សម្តេចផ្ទាល់ និងការគាំទ្រនិងចង្អុលបង្ហាញរបស់លោកប្រធានាធិបតីចិន ស៊ី ជីនពីង ដែលបានចាត់ទុកគ្នាជាដៃគូយុទ្ឋសាស្រ្តគ្រប់ជ្រុងជ្រោយ និងជាមិត្តដែកថែបដែលស្ថិតស្ថេររឹងមាំជាដរាប។ កម្ពុជាអរគុណប្រទេសចិន ប្រជាជនចិន និងរដ្ឋាភិបាលចិនដែលបានជួយកម្ពុជាអោយរីកចម្រើនមកដល់សព្វថ្ងៃនេះ។

សម្តេចតេជោនាយករដ្ឋមន្រ្តីជម្រាបជូន លោក Qin ផងដែរអំពីគម្រោងអញ្ជើញទៅចូលរួមកិច្ចប្រជុំផ្លូវ១ខ្សែក្រវ៉ាត់មួយនៅទីក្រុងប៉េកាំង ចាប់ពីថ្ងៃទី ២៥ ដល់ ២៩ មេសា ខាងមុខនេះ ដែលសម្តេចតេជោ គ្រោងនឹងអញ្ជើញជួប លោកប្រធានាធិបតីចិន ស៊ីជីន ពីង និងលោកនាយករដ្ឋមន្រ្តីចិន លី ឃឺជាំង ផងដែរ៕

អត្ថបទដែលជាប់ទាក់ទង