លោក ថេង សុថុល អភិបាលខណ្ឌចំការមន បានដឹកនាំកម្លាំងគណៈបញ្ជារកាឯកភាព ចុះប្រមូលសំរាមកាត់ស្មៅ នៅតាមបណ្ដោយប្រឡាយបឹងបឹងត្របែក
ភ្នំពេញ៖ យោងតាមការបញ្ជាដឹកនាំផ្ទាល់ពីលោក ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ បន្តចុះរៀបចំសណ្តាប់ធ្នាប់ និងធ្វើអនាម័យ ប្រមូលសំរាមតាមដងផ្លូវសាធារណៈ មិនថាយប់ថ្ងៃក្នុងមូលដ្ឋានខណ្ឌចំការមន ដោយផ្តោតសំខាន់លើកផ្លូវសំខាន់ៗទាំង១១ខ្សែ ជាគោលកាណ៍របស់រដ្ឋបាលរាជធានីភ្នំពេញ ដាក់ឲ្យរដ្ឋបាលខណ្ឌចុះអនុវត្តន៍ ។
ជាក់ស្តែងនាព្រឹកថ្ងៃសៅរ៍ ៨រោច ខែចែត្រ ឆ្នាំច សំរិទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៩ នេះជាពិសេស លោក ថេង សុថុល អភិបាលខណ្ឌចំការមនទើបតែងតាំងថ្មី បានដឹកនាំកម្លាំងសណ្តាប់ធ្នាប់ខណ្ឌ ចុះប្រមូលសំរាមតាមបណ្ដោយផ្លូវលេខ១០៥ (ប្រឡាយបឹងបឹងត្របែក) ចាប់ពីវិទ្យាល័យព្រះយុគន្ធ រហូតដល់របងវិទ្យាល័យហ៊ុននាងបឹងត្រែបែកខាងត្បូង និងសម្អាតតាមមាត់ លូ ប្រឡាយ។
ចំពោះការងារបរិស្ថាន អនាម័យ និងសោភ័ណភាពទីក្រុងវិញ លោក ថេង សុថុល អភិបាលខណ្ឌ បានបញ្ជាឲ្យគ្រប់គោលដៅប្រជាការពារធ្វើការសំអាតសំរាម តាមដេប៉ូសំរាម, ធ្វើការប្រមូលសំរាមក្រោយពីក្រុមហ៊ុនស៊ីនទ្រីប្រមូលរួច ប៉ុន្តែមានបងប្អូនប្រជាពលរដ្ឋមួយចំនួនបញ្ចេញសំរាមខុសម៉ោងពេលកំណត់។
ជាពិសេស លោក អភិបាលខណ្ឌសូមធ្វើការបំពាវនាវ ក៏ដូចជាសំណូមពរយ៉ាងទទូចដល់បងប្អូនប្រជាពលរដ្ឋ អាជីវករ និងប្រជាពលរដ្ឋទាំងអស់ មេត្តាយកចិត្តទុកដាក់ ចូលរួមសហការជាមួយអាជ្ញាធរមូលដ្ឋាន ក្រុមហ៊ុន ស៊ីន ទ្រី ក្នុងការរៀបចំសណ្ដាប់ធ្នាប់តាមដងផ្លូវ ការទុកដាក់ វេចខ្ចប់ និងការបញ្ចេញសំរាមឲ្យបានត្រឹមត្រូវតាមការណែនាំ ម៉ោងកំណត់ សំដៅធ្វើយ៉ាងណាឲ្យលំនៅដ្ឋានយើង ភូមិយើង ផ្លូវសាធារណៈយើង បរិស្ថានយើង រាជធានីភ្នំពេញយើង ប្រកបដោយសោភ័ណភាព និងផាសុខភាព ជាទីទាក់ទាញភ្ញៀវទេសចរណ៍ជាតិ-អន្ដរជាតិ៕