ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

លោកឃួងស្រេង៖ អ្នកជួយប្អូនៗក្មួយៗ ឲ្យរួចផុតពីអន្ទាក់គ្រឿងញៀន គឺជាអ្នកមានគុណចំពោះប្អូនៗ

119

ភ្នំពេញ៖ អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ លោកឃួងស្រេង រួមជាមួយមន្ត្រីជាច្រើនរូបទៀតកាលពីរសៀលថ្ងៃទី២៧មេសាបានអញ្ជើញទៅសួរសុខទុក្ខនិងសំណេះសំណាលជាមួយប្អូនៗក្មួយៗដែលកំពុងស្នាក់នៅព្យាបាល,អប់រំ,ស្តារនិតិសម្បានិងបណ្តុះបណ្តាលវិជ្ជាជីវៈបន្សាបគ្រឿងញៀននៅមជ្ឈមណ្ឌលឧិកាសខ្ញុំក្នុងសង្កាត់ឃ្មួញខណ្ឌសែនសុខ។

  លោកឃួងស្រេងថ្លែងថាអ្នកជួយប្អូនៗក្មួយៗពីអន្ទាក់គ្រឿងញៀនគឺជាអ្នកមានគុណរបស់ប្អូនៗក្មួយៗព្រោះរាជរដ្ឋាភិបាល,អាជ្ញាធរចង់ជួយប្អូនៗក្មួយៗអោយក្លាយខ្លួនជាមនុស្សល្អមនុស្សមានតំលៃសំរាប់សង្គម។ដូច្នេះប្អូនៗក្មួយៗត្រូវផ្តល់យុត្តិធម៌ដល់អ្នកដែលបានជួយសង្គ្រោះប្អូនៗពីអន្លង់មរណៈដោយសារគ្រឿងញៀន។

   លោកបន្តថា៖បើប្អូនៗមិនអាណិតនរណាក៏ហីទៅចុះតែប្អូនៗត្រូវតែអាណិតខ្លួនឯងអាណិតម៉ែឪដោយត្រូវប្តេជ្ញាចិត្តឈប់ប៉ះពាល់គ្រឿងញៀនតទៅទៀតព្រោះគ្រឿងញៀនវាបំផ្លាញអ្វីៗនិងជីវិតរបស់យើងថែមទៀត។អាជ្ញាធរពិតជាមិនចង់ឲ្យប្អូនៗពេលធ្វើសមាហរណ័កម្មទៅក្នុងសង្គមគ្រួសារវិញក៏វិលមកវិញជាមួយការញៀនថ្នាំញៀនជាថ្មីមកកាន់មជ្ឈមណ្ឌលនេះទេ។ត្រូវចាំថាមានតែប្អូនៗនិងក្មួយៗខ្លួនឯងទេដែលជួយខ្លួនឯងដំបូងគេនិងត្រូវជៀសឲ្យឆ្ងាយពីគ្រឿងញៀនហើយយើងក៏មិនចង់ឃើញប្អូនៗក្មួយៗនៅទីនេះរហូតដែរ។

   លោកស្រីមុំចាន់ដានីប្រធានមជ្ឈមណ្ឌលបន្សាបគ្រឿងញៀនឧិកាសខ្ញុំបានឲ្យដឹងថាគិតត្រឹមថ្ងៃទី២៧មេសាឆ្នាំ២០១៩នេះជនរងគ្រោះដោយសារគ្រឿងញៀនដែលកំពុងស្នាក់នៅបន្សាបគ្រឿងញៀនក្នុងមជ្ឈមណ្ឌលមានចំនូន១៤៣៣នាក់,ស្រី៦៣នាក់។ការជួយជនរងគ្រោះមាន៣ចំណុចសំខាន់គឺប្រើថ្នាំ ពេទ្យ,ការអប់រំផ្លូវចិត្តនិងការធ្វើលំហាត់ប្រាណយ៉ាងទៀងទាត់ដើម្បីបណ្តេញជាតិពុលពីក្នុងខ្លួន។

    លោកស្រីប្រធានឲ្យដឹងទៀតថាជនរងគ្រោះដែលប្រើប្រាស់គ្រឿងញៀនភាគច្រើនមានជំងឺច្រើនប្រភេទដែលធ្វើឲ្យក្នុងកំឡុងពេលផ្តាច់គ្រឿងញៀនលិចចេញមកនូវជំងឺមួយចំនួនដូចជា៖រវើរវាយផ្លូវចិត្ត,ថប់ដង្ហើម,ស្ពឹកដៃជើង,រមួលក្រពើរើមរលាកក្រពះរលាកតម្រងនោមនិងជំងឺឧិកាសនិយមច្រើនប្រភេទទៀត។ទន្ទឹមនឹងការបន្សាបសារធាតុញៀនមជ្ឈមណ្ឌលក៏បានយកចិត្តទុកដាក់បណ្តុះបណ្តាលវិជ្ជាជីវះដល់ប្អូនៗក្មួយៗដូចជា៖កាត់សក់,អ៊ុតសក់,រៀនកុំព្យូទរ័,រៀនភាសាអង់គ្លេស,រៀនជួសជុលគ្រឿងអេឡិចត្រូនិកជាដើមដើម្បីឲ្យប្អូនៗអាចប្រកបរបរចិញ្ចឹមជីវិតបានពេលវិលទៅលំនៅដ្ឋានវិញ៕

អត្ថបទដែលជាប់ទាក់ទង