អាជ្ញាធររាជធានីភ្នំពេញប្រជុំពិភាក្សាជាមួយមន្ត្រីជំនាញដើម្បីដោះស្រាយបញ្ហាកកស្ទះចរាចរណ៍លើផ្លូវសហព័ន្ធរុស្ស៊ីនិងផ្លូវព្រះនរោត្តម
ភ្នំពេញ៖អាជ្ញាធររាជធានីភ្នំពេញដឹកនាំដោយលោកឃួងស្រេងជាអភិបាលកាលពីលើសៀលថ្ងៃទី៣០ខែមេសាឆ្នាំ២០១៩នេះបានកោះអញ្ជើញអាជ្ញាធរនិងមន្ត្រីពាក់ព័ន្ធមួយចំនួនមកប្រជុំពិភាក្សាគ្នានៅសាលារាជធានីភ្នំពេញដើម្បីរកមធ្យោបាយដោះស្រាយបញ្ហាកកស្ទះចរាចរណ៍តាមបណ្ដោយផ្លូវធំៗធំមួយចំនួនពិសេសនៅលើបណ្ដោយផ្លូវសហព័ន្ធរូស្ស៊ីនិងផ្លូវព្រះនរោត្ដមខណៈដែលមហាវិថីទាំងពីរនេះតែងតែប្រឈមនឹងការកកស្ទះចរាចរជាប្រចាំនោះ។
លោកឃួងស្រេងបានមានប្រសាសន៍លើកឡើងថាបញ្ហាការកកស្ទះចរាចរនៅតាមមហាវិថីធំៗទាំងពីរខាងលើនេះនៅតែជាបញ្ហាប្រឈមដូច្នេះហើយទើបរដ្ឋបាលរាជធានីភ្នំពេញរៀបចំកិច្ចប្រជុំពិភាក្សានេះឡើងដើម្បីរួមគ្នាធ្វើការដោះស្រាយសំដៅកាត់បន្ថយឲ្យបាននូវការកកស្ទេះចរាចរណ៍នៅតំបន់នេះ។
លោកអភិបាលបានបន្តទៀតថាចាប់ពីរង្វង់មូលចៅតាមបណ្តោយផ្លូវសហព័ន្ធរុស្ស៊ីមកដល់ផ្លូវព្រះនរោត្តមស្ពានក្បាលថ្នល់ឃើញថាចរាចរណ៍ពីមួយថ្ងៃទៅមួយថ្ងៃមានការកកស្ទះរាល់ថ្ងៃតែម្ដងបញ្ហានេះយើងត្រូវតែធ្វើការរដោះស្រាយ។លោកបញ្ជាក់ថាក្រោយកិច្ចប្រជុំពិភាក្សានេះអាជ្ញាធរដែនដីក៏ដូចជាមន្ត្រីជំនាញត្រូវសិក្សាឲ្យបានច្បាស់ពីបញ្ហាប្រឈមដែលបង្កឲ្យមានការស្ទះចរាចរណ៍ថាតើវាផ្ដើមចេញពីបញ្ហាអ្វី? ដែលយើងត្រូវរួមគ្នាដើម្បីធ្វើការដោះស្រាយ។
លោកអភិបាលបញ្ជាក់ថាកន្លងមកនេះប៉ូលីសជំនាញនិងអាជ្ញាធរខណ្ឌមិនដែលបានធ្វើរបាយការណ៍បញ្ជូនមករដ្ឋបាលរាជធានីភ្នំពេញពាក់ព័ន្ធបញ្ហាប្រឈមផ្តើមចេញពីបញ្ហាកកស្ទះចរាចរណ៍នេះទេ។ដូច្នេះទេចាប់ពីពេលនេះទៅអ្វីដែលយើងគួរធ្វើគឺអាជ្ញាធរក៏ដូចជាមន្ត្រីជនាញត្រូវតែចុះទៅធ្វើការសិក្សាពីបញ្ហាប្រឈមទាំងនោះដើម្បីរួមគ្នាធ្វើការដោះស្រាយ។
ក្នុងឱកាសនោះដែរលោកឃួងស្រេងក៏បានណែនាំឲ្យអាជ្ញាធរខណ្ឌនិងប៉ូលិសការិយាល័យចរាចររាជធានីភ្នំពេញសហការគ្នាដើម្បីដោះស្រាយបញ្ហាកកស្ទះការចូលនេះពិសេសនៅលើបណ្ដោយផ្លូវសហព័ន្ធរុស្ស៊ីនិងផ្លូវព្រះនរោត្ដមមុខក្រសួងមហាផ្ទៃហើយខណ្ឌសាមីជាអ្នកម្ចាស់ការទទួលខុសត្រូវ។ក្រៅពីនេះលោកឃួងស្រេងក៏បានអំពាវនាវឲ្យបងប្អូនប្រជាពលរដ្ឋអ្នកបើកបរយានយន្តទាំងអស់គោរពច្បាប់ចរាចរណ៍ផ្លូវគោកទាំងអស់គ្នាដើម្បីកាត់បន្ថយបាននូវការកកស្ទះចរាចរណ៍និងគ្រោះថ្នាក់ចរាចរណ៍៕