ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ប៉ូលីសព្រហ្មទណ្ឌបាញ់ប្រាំគ្រាប់សង 5000 ដុល្លា របញ្ចប់រឿង ហើយមិនបានបញ្ជូនខ្លួនជនបង្កទៅតុលាការនោះទេ

214

ភ្នំពេញ៖ ក្នុងករណីនគរបាលព្រហ្មទណ្ឌម្នាក់ បាញ់ប្រាំគ្រាប់ បណ្ដាលឱ្យបែកកញ្ចក់ឡាន និងបង្កការភ័យខ្លាច ដល់ម្ចាស់រថយន្តនោះ មានការចរចា និងសម្របសម្រួលសម្របសម្រួល រវាងជនរងគ្រោះ ជាមួយជនដៃដល់ ដោយទទួលសំណងជាលុយ ចំនួន៥ពាន់ដុល្លារអាមេរិក។

ការសង ៥០០០ ដុល្លារ ដល់ជនរងគ្រោះ និង ជនដៃដល់ រួចខ្លួនពីសំណាញ់តុលាការហើយព្រឹក ថ្ងៃទី 3 ខែឧសភានេះ ដោយគ្រាន់តែមេលើ យកទៅ ដាក់វិន័យតាមច្បាប់ប៉ូលីស ប៉ុណ្ណោះ។

ថ្មីៗនេះ នណារក៏ដឹងថា មានករណីបាញ់បោះសេរីជាច្រើនករណី  ក៏ត្រូវ សមត្ថកិច្ចមូលដ្ឋានបាន បញ្ជូនសំណុំរឿង និងបញ្ជូនខ្លួនជនបង្កបានបាញ់បោះ ទៅកាត់ទោសនៅតុលាការផងដែរ  តែចំណែកជនបង្ក រូបនេះ បែរជាមានវាសនា ល្អជាងគេ ។

ជាមួយនឹងករណីនេះ លោកពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជា និងជាសមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះនិងផ្ដល់យោបល់ បានលើកឡើងក្នុងផេកហ្វេសប៊ុកផ្លូវការរបស់លោក នៅព្រឹកថ្ងៃទី 3 ឧសភានេះថា “នៅកម្ពុជាគួរដល់ពេលអនុវត្តច្បាប់ស្តង់ដារតែមួយហើយ គឺមិនអាចធ្វើ ឲ្យច្បាប់ថយអំណាចនោះទេ ហើយរឿងបាញ់បោះសេរីកន្លងមក គឺទាំង ឧកញ៉ានិងទាំងក្មួយអ្នកធំគឺត្រូវបាន អនុវត្តច្បាប់នៅក្នុងពន្ធនាគារ ក៏ប៉ុន្តែហេតុអ្វីបុគ្គលម្នាក់នេះដែលប្រើអាវុធ រហូតដល់ប៉ងសម្លាប់ពលរដ្ឋ  បែរជាមិនជាប់គុកទៅវិញ។ បើសិនជាអ្នកអនុវត្តច្បាប់ធូររលុងរបៀបនេះ គឺ​ស្មើ នឹងបើកដៃឲ្យពួកជនឧក្រិដ្ឋធ្វើនូវអ្វីៗតាមទំនើងចិត្ត ហើយពលរដ្ឋរស់ក្នុងភាពភ័យខ្លាច សង្គមនឹងក្លាយទៅជា អសន្តិសុខ ហើយអំពើអយុត្តិធម៌នឹង កើតពាសពេញផ្ទៃប្រទេសគឺមិនខានឡើយ ជាពិសេស​ គឺការគំរាមកំហែង ដល់ពលរដ្ឋខ្មែរទន់ខ្សោយពីសំណាក់ អ្នកមានអំណាចនឹងបន្តកើតមានមិនឈប់ឈរ ដោយសារតែច្បាប់គ្មាននូវ ឥទ្ធិពលលើជនពាល និងអ្នកមាននូវ អំណាច។ នៅក្នុងករណីខាងលើនេះ ខ្ញុំនឹងសួរទៅក្រសួងយុត្តិធម៌ គឺដើម្បីតាមដានការអនុវត្តច្បាប់របស់តុលាការដែលមិនអនុវត្តច្បាប់ស្មើភាពលើបុគ្គលបាញ់បោះលើពលរដ្ឋខ្មែរនឹង ប៉ុនប៉ងសម្លាប់ដោយចេតនា បែរជាមិនជាប់គុកទៅវិញ”។

ករណីនេះដែរ លោកវីលាម ប្រធានគណបក្សខ្មែរក្រោក និងជាសមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះនិងផ្ដល់យោបល់ ក៏បានលើកឡើងផងដែរថា “លោកសង្ឃកាន់តែកាំភ្លេីងជ័រ គេចាប់ដាក់គុក មន្ត្រីនគបាលកាន់កាំភ្លេីងពិត ជិះដេញបាញ់គេ៥គ្រាប់ បង់តែ ៥០០០ដុល្លារ ទទួលរងតែវិន័យមិនទទួលទោស ។ ករណីនេះខ្ញុំចាត់ទុកថា ជាអំពេីអយុត្តិធម៌ ជាពិសេសថ្មីៗនេះ សម្ដេចតេជោប្រមុខរាជរដ្ឋាភិបាលលោកបានណែនាំច្បាស់ៗ អំពីការចូលរួមកែទំរង់ យុត្តិធម៌សង្គម ។វិធានការបែបនេះ ធ្វេីអោយពលរដ្ឋសាមញ្ញធម្មតាកាន់តែភ័យខ្លាចព្រួយបារម្ភ ចំពោះភាពអសន្តិសុខក្នុងសង្គម ជាពិសេសគាត់មានអារម្មណ៍តូចចិត្ត ចំពោះការអនុវត្តន៍ច្បាប់ដែលមានស្តង់ដាលំអៀង ១៨០ដឺក្រេ នេះទៀតផង។ ករណីនេះគួរតែ សងសំណងរដ្ឋប្បវេណីចំពោះជនរងគ្រោះទទួលរងវិន័យកងកម្លាំង និងទទួលខុសត្រូវចំពោះបណ្ដឹងអាជ្ញា
ប្រសិនជាជនរងគ្រោះសម្របសម្រួលមិនប្ដឹង” ។

កម្លាំងនគរបាលការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ បានឲ្យដឹងថា លោកវរសេនីយ៍ទោ ឌួង ណាគ្រី អនុប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃ ត្រូវបានថ្នាក់លើសម្រេច បញ្ជូនខ្លួនទៅកាន់នាយកដ្ឋានតម្រួតបទបញ្ជា នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ដើម្បីពិន័យកងកម្លាំងពាក់ព័ន្ធការបាញ់កាំភ្លើង៥គ្រាប់ គំរាមកំហែងអ្នកដទៃ។ ករណីបាញ់នោះ បណ្តាលឲ្យបែកកញ្ចក់រថយន្តរ៉ង់រ៉ូវែមួយគ្រឿង កាលពីយប់រំលងអធ្រាត្រ ឈានចូលថ្ងៃទី២ ខែឧសភា ឆ្នាំ២០១៩ នៅខណ្ឌច្បារអំពៅ។

ជនដៃដល់ដែលបាញ់៥គ្រាប់ បណ្ដាលឲ្យបែកកញ្ចក់ឡាន ក្នុងបទល្មើសជាក់ស្ដែងប៉ុនប៉ងឃាតកម្ម គឺលោកវរសេនីយ៍ទោ ឌួង ណាគ្រី អនុប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ។ ចំណែកភាគីម្ខាងទៀត ឈ្មោះ ភូ រិស្សស្តូរ៉ា ជាប្រធានក្រុមហ៊ុនសន្តិសុខ CPS។

នៅយប់កើតហេតុ គឺជនបង្កមានលក្ខណៈស្រវឹងស្រាជោកជាំ បើករថយន្តតាមរករឿងគេ ទើបឈានដល់ការបាញ់បំបែកកញ្ចក់ឡានតែម្ដង។

ក្រោយកើតហេតុ ជនបង្កត្រូវបានសមត្ថកិច្ចឃាត់ខ្លួន បញ្ជូនទៅកាន់ការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់។ ចំណែកភាគីដែលបែកកញ្ចក់រថយន្ត បានដាក់ពាក្យបណ្ដឹង និងទាមទារសំណង ចំនួន៣៥០០០ដុល្លារ លុះមានការចរចាគ្នាក្រៅប្រព័ន្ធ ភាគីទាំង២ក៏ត្រូវរ៉ូវគ្នាត្រឹម៥០០០ដុល្លារ ហើយថ្នាក់លើកសម្រេចបញ្ជូនជនដៃដល់ ទៅអង្គភាពតម្រួតបទបញ្ជា ដើម្បីអនុវត្តវិន័យកងកម្លាំង ដោយមិនបញ្ជូនទៅតុលាការនោះទេ៕

អត្ថបទដែលជាប់ទាក់ទង