អគ្គស្នងការនគរបាលជាតិ និង អគ្គព្រះរាជអាជ្ញា ចេញបញ្ជាឲ្យបញ្ជូនអនុប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃដែលបាញ់ប៉ុនប៉ងមនុស្សឃាតលើ ជនរងគ្រោះ ទៅកាន់តុលាការ
ភ្នំពេញ៖ នាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងលោកអ៊ុក សាវុធ អគ្គព្រះរាជអាជ្ញា នៃមហាអយ្យការអមសាលាឧទ្ធរណ៍ បានបញ្ជាឲ្យចាប់បញ្ជូន អនុប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ ឌួង ណាគ្រី ទៅកាន់តុលាការដើម្បីចាត់វិធានការតាមផ្លូវច្បាប់ហើយ នៅរសៀលថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០១៩នេះ។
នាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន បានថ្លែងថា «នៅពេលនេះខ្ញុំបានបញ្ជាឲ្យនាំខ្លួន ឌួង ណាគ្រី ទៅកាន់ព្រះរាជអាជ្ញា ដើម្បីចាត់វិធានការតាមផ្លូវច្បាប់ហើយនៅបន្ដិចទៀតនេះ»។
ចំណែកអគ្គព្រះរាជអាជ្ញា នៃមហាអយ្យការអមសាលាឧទ្ធរណ៍ លោក អ៊ុក សាវុធ បានបញ្ជាឲ្យព្រះរាជអាជ្ញា នៃសាលាដំបូងរាជធានីភ្នំពេញ ត្រូវតែចាត់វិធានការតាមផ្លូវច្បាប់ ចំពោះអនុប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ លោក ឌួង ណាគ្រី ដែលប៉ងបាញ់សម្លាប់ជនរងគ្រោះ២នាក់ប្ដីប្រពន្ធ នៅក្បែរអធិការដ្ឋាននគរបាល ខណ្ឌច្បារអំពៅ។
ថាលោកអគ្គព្រះរាជអាជ្ញា លោក អ៊ុក សាវុធ បានថ្លែងថា «ខ្ញុំបានណែនាំ ទៅព្រះរាជអាជ្ញារួចហើយ ថាត្រូវតែចាត់ការទៅតាមច្បាប់»។
នៅព្រឹកថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០១៩នេះ អ្នកនាំពាក្យក្រសួងយុត្តិធម៌ លោក គឹម សន្តិភាព បានបញ្ជាក់ថា ករណីអនុប្រធាននាយកដ្ឋានព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ ដែលស្រវឹងស្រាបើករថយន្តតាមរករឿង និងរហូតបាញ់រថយន្តជនរងគ្រោះទាំង ២នាក់ប្តី-ប្រពន្ធ ជាបទល្មើសព្រហ្មទណ្ឌ ត្រូវកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការ។ ការដាក់វិន័យចំពោះកំហុសរបស់មន្ត្រីនគរបាលណាម្នាក់ មិនរារាំងដល់ការអនុវត្តច្បាប់ របស់ស្ថាប័នតុលាការទេ ប្រសិនបើកំហុសនោះជាអំពើល្មើសព្រហ្មទណ្ឌ៕