ឆេះផ្សារអូរអំបិលអស់តូបផ្សារ៦៧តូប ទុស្សេប្រអប់បង្គោល LV របស់អគ្គិសនី
ឆេះផ្សារអូរអំបិល អស់តូបផ្សារ៦៧តូប គឺតូបលក់ចាប់ហួយ បាញ់ទឹកអស់៣០ឡាន ដោយសារមូលហេតុ ទុស្សេប្រអប់បង្គោល LV របស់អគ្គិសនី ។ កម្លាំងសឹករងខេត្ត នគរបាលអាវុធហត្ថ មន្ត្រីអាជ្ញាធរ អ្នកសង្គ្រោះជាច្រើន ដើម្បីជួយបង្ការកុំឲ្យរាលដាលដល់ផ្ទះ សំណង់ ការ៉ាសសាំង រាប់សិបនៅម្តុំនោះ។
ឆេះផ្សារអូរអំបិលស្ថិតនៅភូមិ-សង្កាត់អូរអំបិលក្រុងសិរីសោភ័ណខេត្តបន្ទាយមានជ័យតាំងពីវេលាម៉ោង៣៖៤០ ទៀបភ្លឺថ្ងៃទី៥ឧសភា២០១៩។
ជាមួយនឹងហេតុការណ៍នេះកម្លាំងនគរបាលពន្លត់អគ្គិភ័យ បានបញ្ចេញរថយន្តឈឺច្រើនគ្រឿងដើម្បីបាញ់ពន្លត់ភ្លើងឆេះផ្សារអូអំបិល ប៉ុន្តែទោះយ៉ាងណាភ្លើងបានឆេះស្ទើរទាំងស្រុងបណ្ដាលឱ្យខូចខាតទ្រព្យសម្បត្តិអីវ៉ាន់លក់ដូរក្នុងផ្សារនោះទាំងអស់ បើទោះបីជាសមត្ថកិច្ចខំប្រឹងបាញ់ពន្លត់យ៉ាងណាក៏ដោយ។
ចំណែកអាជីវករទាំងអស់បានសម្ដែងការសោកស្ដាយយ៉ាងពន់ពេកដោយសារតែទ្រព្យសម្បត្តិក៏ដូចជាអីវ៉ាន់របស់គាត់ទំនិញរបស់គាត់បានក្លាយទៅជាចំណីព្រះអគ្គីតែមួយយប់ ធ្វើអោយគាត់បាត់បង់មុខរបរ និងជំពាក់បំណុលគេ ដោយពួកគាត់បានលើកឡើងថា ទំនិញទាំងអស់ពុំទាន់ទូទាត់អោយថ្លៃដើមគេនៅឡើយ ហើយឥឡូវនេះ ត្រូវភ្លើងឆេះខ្ទេចគ្មានសល់។ ចាំមើលអ្នកណាចេញមុខសងថ្លៃការខូចខាត ខណៈមូលហេតុមកពីទុស្សេប្រអប់អគ្គិសនី៕