អភិបាលខេត្តកោះកុង អំពាវនាវឲ្យជនខិលខូច បញ្ឈប់ជាបន្ទាន់ នូវសកម្មភាពកាប់ទន្ទ្រានដីព្រៃ របស់រដ្ឋធ្វើជាកម្មសិទ្ធិ ឬលក់ឱ្យអ្នកដទៃ
កោះកុង៖ លោកស្រីមិថុនា ពូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានចេញសារតាមរយៈហ្វេសប៊ុកផ្លូវការ (Mithona Phouthorng) នៅថ្ងៃទី 6 ខែឧសភានេះ ដោយអំពាវនាវ កុំឲ្យមាន ជនខិលខូច កាប់ទន្ទ្រានព្រៃ នៅក្នុងតំបន់ហាមឃាត់ នៅក្នុងខេត្តកោះកុង។
បើតាមលោកស្រីអភិបាលខេត្តកោះកុង បានបញ្ជាក់យ៉ាងដូច្នេះថា “នាងខ្ញុំ សូមជម្រាបជូនដំណឹងដល់ពូមីង បងប្អូនប្រជាពលរដ្ឋទាំងអស់ មេត្តាជ្រាបថា កន្លងមកមានជនខិលខូចមួយចំនួន បានលួចចូលកាប់ទន្ទ្រានដីព្រៃរបស់រដ្ឋ នៅក្នុងតំបន់ហាមឃាត់ យកធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួន នោះគឺជាអំពើល្មើសច្បាប់”។
លោកស្រី មិថុនា ភូថង បានថ្លែងថា អាស្រ័យហេតុនេះ សូមពូមីង បងប្អូនប្រជាពលរដ្ឋទាំងអស់ មេត្តាបញ្ឈប់ជាបន្ទាន់ នូវសកម្មភាពកាប់ទន្ទ្រានដីព្រៃ របស់រដ្ឋធ្វើជាកម្មសិទ្ធិ ឬលក់ឱ្យអ្នកដទៃ។ សូមពូមីង បងប្អូនទាំងអស់មេត្តា កុំចាញ់ល្បិចញ៉ុះញ៉ុង បោកបញ្ឆោត របស់ជនឆ្លៀតឱកាសមួយចំនួន ដែលចង់បាន ប្រយោជន៍ផ្ទាល់ខ្លួន។ បើមិនដូច្នោះទេ ពូមីង បងប្អូន នឹងត្រូវប្រឈមមុខ ជាមួយច្បាប់ជាធរមាន។ នាងខ្ញុំសង្ឃឹមថា ពូមីង បងប្អូនប្រជាពលរដ្ឋទាំងអស់ នឹងបញ្ឈប់នូវសកម្មភាព កាប់ទន្ទ្រានដីរដ្ឋ ដោយខុសច្បាប់ និងមិនបន្តចាញ់ល្បិចបោកប្រាស់ ញ៉ុះញ៉ុងរបស់ជនខិលខូច ឆ្លៀតឱកាសទៀតឡើយ៕