ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

លោកស្រីរ៉ូណាស្មីត ប្រាប់លោករដ្ឋមន្ត្រីការបរទេស ឲ្យដឹងពីបច្ចុប្បន្នភាព លើការវិវត្តនាពេលបច្ចុប្បន្ន និងស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា

78

ភ្នំពេញ៖ លោកស្រី រ៉ូណាស្មីត អ្នករាយការណ៍ពិសេស អង្គការសហប្រជាជាតិ ទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជា បានសរសេរលើហ្វេសប៊ុកផ្លូវការថា “នៅក្នុងជំនួបប្រជុំ នារសៀលថ្ងៃទី៧ឧសភានេះ ជាមួយឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបតិ្តការអន្តរជាតិ ខ្ញុំត្រូវបានជម្រាប ឲ្យដឹងពីបច្ចុប្បន្នភាព លើការវិវត្តនាពេលបច្ចុប្បន្ន និងស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា។ យើងបានពិភាក្សា ផ្លាស់ប្តូរទស្សនៈគ្នាផងដែរ ស្តីពីរបាយការណ៍ នាពេលខាងមុខរបស់ខ្ញុំ ដែលនឹងត្រូវដាក់ជូន ក្រុមប្រឹក្សាសិទ្ធិមនុស្ស នៅក្នុងខែកញ្ញាឆ្នាំនេះ”។

លោក កេត សោផាន់ អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានបញ្ជាក់ ប្រាប់អ្នកសារព័ត៌មានថា៖ ឧបនាយករដ្ឋមន្ត្រីរំពឹងថា នៅក្នុងរបាយការណ៍របស់លោកស្រី នៅពេលប៉ុន្មានខែខាងមុខនេះ នឹងផ្អែកទៅលើតថភាពពិត ការវិវឌ្ឍពិតនៅកម្ពុជា ដែលប្រជាធិបតេយ្យនៅកម្ពុជា ផ្អែកទៅតាមភាព ជាក់ស្តែងរបស់ខ្លួន ជាប្រទេសនៅអាស៉ី ក៏ដូចជាប្រវត្តិជាក់ស្តែងរបស់ប្រទេសកម្ពុជា។

បើតាមអ្នកនាំពាក្យ បានស្រង់សម្ដីរបស់លោកស្រី រ៉ូណាស្មីត មកបញ្ជាក់ប្រាប់អ្នកសារព័ត៌មានបន្ថែមទៀតថា លោកស្រីបានកោតសរសើរថា តាំងពីរាជរដ្ឋាភិបាលកម្ពុជា បានចេញសេចក្តីថ្លែងការណ៍ បន្តពង្រឹងលទ្ធិប្រជាធិបតេយ្យ កាលពីថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០១៩ កម្ពុជាពិតជាមានការវិវឌ្ឍល្អប្រសើរជាងមុន។ លោកស្រីបានបន្តថា ការលើកស្ទួយសិទ្ធិមនុស្ស គឺជាកាតព្វកិច្ចរបស់រាជរដ្ឋាភិបាល។ បើប្រធៀបនឹងបណ្តាប្រទេសនៅអាស៉ី ប្រទេសកម្ពុជា បានផ្តល់សច្ចាប័ន ដល់សន្ធិសញ្ញា ស្តីពីសិទ្ធិមនុស្សច្រើនជាងគេបំផុត។ លោកស្រីក៏បានថ្លែងអំណរគុណដល់ក្រសួងការបរទេស ដែលបានជួយសម្រួលដល់លោកស្រី ក្នុងការជួបជាមួយបណ្តាមន្រ្តីជាន់ខ្ពស់របស់រាជរដ្ឋាភិបាល តំណាងសង្គមស៉ីវិល និងសមាជិកសហគមន៍ការទូត ដោយរលូនបំផុតផងដែរ៕

អត្ថបទដែលជាប់ទាក់ទង