ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

វិភាគ៖ បើទោះបីជាការបោះឆ្នោត ខិតជិតមកដល់ក៏ដោយ តែគ្មានសញ្ញាណាមួយ ដែលធ្វើឱ្យប៉ះពាល់ដល់តម្លៃ និងស្ថានភាពដីធ្លីនៅកម្ពុជានោះទេ

188

ភ្នំពេញ៖ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ នឹងធ្វើឡើង នៅថ្ងៃអាទិត្យ ទី២៩ ខែកក្កដា ឆ្នាំ២០១៨។ នៅពេលនេះ គណបក្សនយោបាយទាំង ២០ បានចូលរួមក្នុងយុទ្ធនាការឃោសនាបោះឆ្នោត កក្រើកទូទាំងប្រទេស ដើម្បីបង្ហាញដល់ម្ចាស់ឆ្នោតនូវគោលនយោបាយ និងកម្មវិធីនយោបាយរៀងៗខ្លួន។
អ្នកជំនាញខាងវិស័យអចលនទ្រព្យ បានលើកឡើងក្នុងវេទិកា ស្ដីពី “ការធ្វើអាជីវកម្មអចលទ្រព្យ ក្នុងប្រទេសកម្ពុជា ក្នុងថ្ងៃអនាគត” កាលពីថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០១៨ នៅមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-កូរ៉េ ក្នុងរាជធានីភ្នំពេញ បានលើកឡើងថា បើទោះបីជាការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រអាណត្តិថ្មី ខិតជិតមកដល់ក៏ដោយ គ្មានសញ្ញាណាមួយ ដែលធ្វើឱ្យប៉ះពាល់ដល់តម្លៃ និងស្ថានភាពដីធ្លីនៅកម្ពុជានោះទេ។
លោក គីម ហ៊ាង ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលវត្ថុកម្ពុជា បានលើកឡើងថា ដរាបណា ស្ថានភាពសន្តិសុខជាតិ និងនយោបាយនៅកម្ពុជា បន្តរក្សាស្ថានភាពល្អ នោះវិស័យដីធ្លី គ្មានថ្ងៃជាប់គាំង ឬធ្លាក់ចុះឡើយ មានតែបន្ដឡើងថ្លៃ ជារៀងរហូត។ ចំពោះព័ត៌មានចចាមអារាម ឬរឿងបញ្ហាដីធ្លី នឹងប្រែប្រួលនោះ លោកអះអាងថា គឺគ្មានឡើយ។
អ្នកជំនាញអចលទ្រព្យរូបនេះ បានបញ្ជាក់ថា នៅឆ្នាំ២០១៨នេះ ក្នុងចុងនីតិកាលទី៦ នៃការបោះឆ្នោត ហើយទោះបីជាមានការរំលាយគណបក្សប្រឆាំង ក៏ដោយ ក៏គ្មានចំណុចណាមួយ ដែលគួរឲ្យព្រួយរម្ភលើវិស័យអចលវត្ថុនោះឡើយ។ លំនឹងនយោបាយល្អនេះហើយ ដែលធ្វើឲ្យបរទេស នាំគ្នាមកវិនិយោគក្នុងប្រទេសកម្ពុជា ព្រោះប្រទេសណា ដែលមានលំនឹងនយោបាយល្អ នោះគេនឹងមកវិនិយោគច្រើនឡើងៗ។
ជាមួយគ្នានោះ លោកឧកញ៉ា ចេង ខេង ប្រធានក្រុមប្រឹក្សាភិបាលនៃសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា ក៏បានលើកឡើងថា រហូតមកដល់ពេលនេះ មិនមានសញ្ញាណាមួយ បង្ហាញពីការប្រែប្រួលទៅលើតម្លៃនៃអចលវត្ថុនោះឡើយ ទោះបីការបោះឆ្នោតជ្រើសរើសតំណាងរាស្ដ្រ នីតិកាលទី៦ ត្រៀមខិតជិតមកដល់នាពេលខាងមុខនេះក៏ដោយ។
ការលើកឡើងរបស់អ្នកជំនាញ អចលនទ្រព្យដីធ្លីខាងលើនេះ បានធ្វើឡើងខណៈដែលប្រជាពលរដ្ឋខ្មែរមួយចំនួន ពិសេសអ្នកមានវ័យចំណាស់ តែងតែបង្ហាញការព្រួយបារម្ភឲ្យតែជិតដល់ថ្ងៃបោះឆ្នោត ពាក់ព័ន្ធនឹងប្រទេសជាតិ ពិសេសការទិញលក់ដីធ្លីផ្ទះសម្បែង ពួកគាត់តែងតែបារម្ភ ខ្លាចមានហេតុការណ៍នយោបាយអ្វីកើតឡើង។ ក្រុមអ្នកបារម្ភទាំងនោះ ក៏នៅបារម្ភពីបញ្ហាអសនិ្តសុខ ហើយក៏នាំគ្នាទៅដកលុយចេញពីធនាគារ យកមកទុកនៅផ្ទះ ជាដើម។
ក៏ប៉ុន្តែយ៉ាងណាក៏ដោយ ការព្រួយបារម្ភរបស់ពួកគាត់ទាំងនោះ ហាក់ដូចជា ថយទៅៗ ដោយសារតែបទពិសោធន៍កន្លងមក ទោះបីជានៅឆ្នាំ២០១៣ ក្រោយការបោះឆ្នោត មានបាតុកម្មតវ៉ាពីគណបក្សប្រឆាំងតបនឹងលទ្ធផលបោះឆ្នោតក៏ដោយ តែរាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា នៅតែទ្រសភាពការណ៍ ហើយរក្សាសន្តិសុខជូនជាតិមាតុភូមិ ដោយមិនកើតកលយុគ សឹកសង្គ្រាមអ្វីនោះទេ។
នៅពេលនេះទៀត លែងមានគណបក្សប្រឆាំង ( អតីតគណបក្សសង្គ្រោះជាតិ ) ដើម្បីចូលរួមការបោះឆ្នោតទៀតហើយ ព្រោះតែគណបក្សនេះ មានមេដឹកនាំក្បត់ជាតិ ក៏ត្រូវបានតុលាការរំលាយចោល កាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧។
ម្យ៉ាងទៀត ច្បាប់បោះឆ្នោតថ្មី ក៏បានកំណត់មិនឲ្យគណបក្សនយោបាយណាមួយ ធ្វើបាតុកម្ម តវ៉ាប្រឆាំងនឹងលទ្ធផលបោះឆ្នោតទៀតនោះទេ។ រីឯសមត្ថភាពរបស់រាជរដ្ឋាភិបាល ពិសេសសម្តេចតេជោ ហ៊ុន សែន បានប្រកាសហើយប្រកាសទៀត ក្នុងការបន្តថែរក្សាសន្តិភាពជូនជាតិមាតុភូមិ ទោះបីជាតម្លៃណាក៏ដោយ។
សរុបមក មិនថាតែតម្លៃអចលនទ្រព្យ ដីធ្លីផ្ទះនោះទេ ដែលមិនប៉ះពាល់ ឬក៏ធ្លាក់ចុះ នៅពេលជិតបោះឆ្នោត តែទាំងស្ថិរភាពនយោបាយ និងទាំងសុខសន្តិភាពប្រទេសជាតិ ក៏នឹងមិនប៉ះពាល់អ្វីឡើយ ព្រោះតែសមត្ថភាពពេញលេញរបស់រាជរដ្ឋាភិបាល៕ ដោយ៖ សុខ ស្រីពៅ

អត្ថបទដែលជាប់ទាក់ទង