ចាប់ឃាតករម្នាក់ ដែលបាញ់សម្លាប់ គ្រូបង្រៀនកីឡាម្នាក់ នៅសាលាតាំងរបង ស្រុកឱរ៉ាល់ ពេលកំពុងហូបបាយ
កំពង់ស្ពឺ៖ នគរបាលមូលដ្ឋាននៅស្រុកឱរ៉ាល់ បានឲ្យដឹងថា គ្រូបង្រៀនម្នាក់ត្រូវបានឃាតករដៃឆៅ ប្រើប្រាស់កាំភ្លើងបាញ់សម្លាប់ នៅនឹងកន្លែង នារសៀលថ្ងៃទី 8 ខែឧសភានេះ នៅសាលាតាំងរបេងស្រុកឱរ៉ាល់។ បន្ទាប់ពីបាញ់ប្រហារហើយ ជនដៃដល់បានព្យាយាមរត់គេចខ្លួន ប៉ុន្តែត្រូវសមត្ថកិច្ចចាប់ខ្លួនបាន ហើយវាយខ្នោះយកទៅសួរចម្លើយ។
សមត្ថកិច្ចនគរបាល បានឲ្យដឹងថា ឃាតករឈ្មោះ រាសី អាយុ៣០ឆ្នាំ ស្រុកនៅខេត្តបន្ទាយមានជ័យ ចំណែកជនរងគ្រោះឈ្មោះ តូច វាសនា។
លោកឧត្តមសេនីយ៍ទោ សម សាមួន ស្នងការនគរបាលខេត្តកំពង់ស្ពឺ បានថ្លែងថា មានករណីបាញ់សម្លាប់គ្រូបង្រៀនកីឡាម្នាក់ នៅសាលាតាំងរបង ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ខណៈដែលគ្រូបង្រៀនរូបនោះ កំពុងហូបបាយថ្ងៃត្រង់ ជាមួយគ្រូៗដទៃទៀតនៅក្នុងសាលា។
លោកឧត្តមសេនីយ៍បញ្ជាក់ថា ឃាតកម្មបាញ់សម្លាប់នេះ កើតឡើង នៅម៉ោងប្រហែល១រសៀល ថ្ងៃទី៨ ខែឧសភា ឆ្នាំ២០១៩នេះ ។ ទោះជាយ៉ាងណា លោកស្នងការនគរបាលខេត្តកំពង់ស្ពឺ នៅពុំទាន់បញ្ជាក់អំពីមូលហេតុ នៃករណីនេះឡើយ ។ បន្ទាប់ពីខ្មាន់កាំភ្លើងបាញ់សម្លាប់ជនរងគ្រោះរួច ជនបង្កព្យាយាមរត់គេចខ្លួន ប៉ុន្តែសមត្ថកិច្ចបានតាមចាប់ខ្លួន និងយកទៅសួរចម្លើយ នៅស្នងការដ្ឋាននគរបាលខេត្ត៕