ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

មន្ត្រីជាន់ខ្ពស់ក្រសួងចំនួន២១របស់កម្ពុជា ត្រូវបានបញ្ជូនទៅចូលរួមវគ្គបណ្តុះបណ្តាលភាពជាដៃគូរវាងរដ្ឋ និងវិស័យឯកជន នៅប្រទេសចិន

81

ប៉េកាំង ៖ ក្នុងគោលបំណងពង្រឹងការស្វែងយល់កាន់តែស៊ីជម្រៅ និងការផ្លាស់ប្តូរបទពិសោធន៍ជាអន្តរជាតិ លើការ អនុវត្តភាពជាដៃគូររវាងរដ្ឋ និងវិស័យឯកជន ពិសេសក្នុងវិស័យហេដ្ឋា រចនាសម្ព័ន្ធផ្លូវថ្នល់ ស្ពាន និងថាមពលជាដើម សម្រាប់ចូលរួមចំណែកជួយជំរុញការអភិវឌ្ឍន៍សង្គម សេដ្ឋកិច្ចនៅកម្ពុជា ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងក្រសួងនានាសរុបចំនួន២១ បានចាត់បញ្ជូនមន្ត្រីជាន់ខ្ពស់របស់ខ្លួន ថ្នាក់អនុរដ្ឋលេខាធិការ១រូប និងមន្ត្រីជំនាញថ្នាក់អគ្គនាយក និងអគ្គ នាយករងមួយចំនួនទៅចូលរួមវគ្គបណ្តុះបណ្តាលស្តីពីភាពជាដៃគូរវាងរដ្ឋ និងវិស័យឯកជន (PPP) បទពិសោធន៍ នៃប្រទេសចិន ក្រោមការរៀបចំរបស់វិទ្យាស្ថានហិរញ្ញវត្ថុ និងអភិវឌ្ឍន៍អាស៊ីប៉ាស៊ីហ្វិក (AFDI) សហការជាមួយវិទ្យាស្ថានសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុកម្ពុជា (EFI) រយៈពេល៥ថ្ងៃ ចាប់ពីថ្ងៃទី០៦ ដល់ថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៩ Tangla Hotel រដ្ឋធានីប៉េកាំង ប្រទេសចិន។

ឯកឧត្ដម ពេជ្រ សម្បត្តិ អនុរដ្ឋលេខាធិការ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានបញ្ជាក់ឲ្យដឹងនៅថ្ងៃ០៨ ឧសភា ឆ្នាំ២០១៩ថា៖គិតមកដល់ឆ្នាំ២០១៩នេះ មានរយៈពេល៤ឆ្នាំហើយ ដែលរាជរដ្ឋាភិបាលកម្ពុជា បានដាក់ឲ្យអនុវត្តន៍នូវឯកសារគោល នយោបាយ ស្តីពី ការអភិវឌ្ឍន៍យន្តការ ភាពជាដៃគូររវាងរដ្ឋ និងវិស័យឯកជន (PPP) សម្រាប់គ្រប់គ្រង គម្រោងវិនិយោគសាធារណៈ ២០១៦- ២០២០ ហើយបានបង្កើតអង្គភាព នៃភាពជាដៃគូរវាងរដ្ឋ និងឯកជនថ្នាក់កណ្តាល នៃក្រសួង សេដ្ឋកិច្ច និងហិរញ្ញវត្ថុ រួចហើយ សម្រាប់សម្របសម្រួលការអនុវត្តគម្រោងវិនិយោគ ក្នុងក្របខណ្ឌភាពជាដៃគូរវាងរដ្ឋ និងឯកជន ។

ការនេះឆ្លុះបញ្ចាំងពីការយកចិត្តទុកដាក់ខ្ពស់ របស់រាជ រដ្ឋាភិបាល ក្នុងការបន្តអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធសាធា រណៈ សំដៅជំរុញការចូលរួមការវិនិយោគ ពីវិស័យឯកជន ចូលរួមស្ថាប័នហិរញ្ញវត្ថុ ដើម្បីរួមចំណែកទ្រទ្រង់ចីរភាព នៃកំណើនសេដ្ឋកិច្ចរយៈពេលវែង និងបង្កើនសមត្ថភាពប្រកួត ប្រជែងកម្ពុជាទាំងក្នុងតំបន់ និងអន្តរជាតិ។

លោកបន្តថា៖ ការបណ្តុះបណ្តាល និងកសាងសមត្ថភាពធនធានមនុស្សពាក់ព័ន្ធ នឹងយន្តការរៀបចំគ្រប់គ្រង និងប្រតិបត្តិគម្រោង ក្នុងភាពជាដៃគូររវាងរដ្ឋ និងឯកជន គឺជាការងារចាំបាច់មួយដើម្បីឲ្យយើងពង្រីកវិសាលភាព និងធានាបានគុណភាព នៃសេវាសាធារណៈ និងការលើកកម្ពស់សុខុមាលភាពសង្គម។

លោក ផេង រុនជុង នាយកវិទ្យាស្ថានហិរញ្ញវត្ថុ និងអភិវឌ្ឍន៍អាស៊ីប៉ាស៊ីហ្វិក បានលើកឡើងថា តាមរយៈកិច្ចសហប្រតិបត្តិការដ៏ល្អរបស់ប្រទេសយើងទាំងពីរ ក៏ដូចជាស្ថាប័នពាក់ព័ន្ធ លោកសង្ឃឹមថា សិក្ខាកាមដែលជាមន្ត្រីជាន់ខ្ពស់ នៃក្រសួងនានារបស់កម្ពុជា នឹងទទួលបាននូវព័ត៌មានចំណេះដឹងកាន់តែស៊ីជម្រៅ ស្តីពីការវិវត្តថ្មីៗ ក្នុងការអនុវត្តគោលការណ៍ នៃភាពជាដៃគូររវាងរដ្ឋ និងឯកជន ដើម្បីជាឧត្តមប្រយោជន៍ដល់ការអនុវត្តឲ្យកាន់តែមានប្រសិទ្ធភាព ក្នុងបរិបទដែលកម្ពុជា កំពុងមានការអភិវឌ្ឍន៍ និងរីកចម្រើនគ្រប់វិស័យ។

យោងតាមការលើកឡើងរបស់ ឯកឧត្ដម កៅ អ៊ីមរ៉ន អនុរដ្ឋលេខាធិការក្រសួងព័ត៌មាន បានបញ្ជាក់ថា៖ វគ្គបណ្តុះ បណ្តាលដែលមានរយៈពេល៥ថ្ងៃនេះ ពិតជាមានសារសំខាន់ ដោយកម្ពុជាទទួលបានការអញ្ជើញ ផ្តល់បទបង្ហាញចែករំលែកបទពិសោធន៍ ពីសំណាក់វាគ្មិនជំនាញ កម្រិតយល់ដឹងខ្ពស់មកពីស្ថាប័នរដ្ឋ និងឯកជនចិន ដែលមានបទពិសោធន៍ពាក់ព័ន្ធនឹង PPP នេះ។

អនុរដ្ឋលេខាធិការក្រសួងព័ត៌មានរូបនេះ បានគូសបញ្ជាក់ថា វគ្គបណ្តុះបណ្តាលនេះ បានផ្តោតសំខាន់ទៅលើគោលការណ៍ទូទៅជាបទពិសោធន៍ នៃភាពជោគជ័យរបស់ភាគីចិន ក្នុងការអភិវឌ្ឍន៍ និងអនុវត្តគម្រោង PPP ការសិក្សាស្វែងយល់ពីការអនុវត្ត PPP លើគម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ និងដឹកជញ្ជូន ការវាយតម្លៃ និងគ្រប់គ្រងហិរញ្ញវត្ថុ នៃគម្រោង PPP ដំណោះស្រាយបញ្ហា និងហានិភ័យរបស់ PPP ជាដើម៕ ដោយ៖ សារីទ្ធ

អត្ថបទដែលជាប់ទាក់ទង