ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សម្ដេចក្រឡាហោម ជំរុញអោយអង្គការសង្គមស៊ីវិល លើកយកបញ្ហាប្រឈម ដែលជួបប្រទះ យកមកដោះស្រាយរួមគ្នា ដើម្បីផលប្រយោជន៍ទាំងអស់គ្នា

76

ភ្នំពេញ​៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានអនុញ្ញាតឲ្យលោកស្រី រ៉ូណា ស្មីត អ្នករាយការណ៍ពិសេសរបស់ អង្គការសហប្រជាជាតិ​ ទទួលបន្ទុកសិទ្ធិមនុស្ស នៅកម្ពុជា ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ​ នារសៀលថ្ងៃពុធ​ ៥កេីត​ ខែពិសាខ​ ឆ្នាំកុរ​ ឯកស័ក​ ព.ស២៥៦២​ ត្រូវនឹងថ្ងៃទី​៨​ ខែឧសភា​ ឆ្នាំ​២០១៩ នៅទីស្ដីការក្រសួងមហាផ្ទៃ​ ។

សម្ដេចក្រឡាហោមស ខេង បានជំរុញដល់អង្គការក្រៅរដ្ឋាភិបាល និងសង្គមស៊ីវិលលើកយកបញ្ហាប្រឈមដែលកំពុងជួបប្រទះ ក៏ដូចជាក្តីកង្វល់នានា យកមកដោះស្រាយរួមគ្នា ដើម្បីឲ្យរាជរដ្ឋាភិបាល និងសង្គមស៊ីវិលកាន់តែយល់ច្បាស់គ្នា និងទទួលបានផលប្រយោជន៍រួមគ្នាផងដែរ។

លោក ផាត សុផានិត អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ បានមានប្រសាសន៍ថា ដើម្បីជំរុញដល់ការលើកកម្ពស់ទំនាក់ទំនង និងភាពជាដៃគូ រវាងអង្គការក្រៅរដ្ឋាភិបាល សង្គមស៊ីវិល ជាមួយរាជរដ្ឋាភិបាល យើងបានដាក់ចេញនូវ យន្តការវេទិកាជួបគ្នាចំនួន ២ ដងក្នុងមួយឆ្នាំ រវាងរាជរដ្ឋាភិបាល អង្គការក្រៅរដ្ឋាភិបាល និងសង្គមស៊ីវិល ដែលនេះគឺជាបើកឱ្យមានការចូលរួមផ្ដល់មតិយោបល់ បញ្ហាប្រឈមនានា យកមកដោះស្រាយ ដើម្បីជាប្រយោជន៍ទាំងអស់គ្នា ក្នុងការបំពេញភារកិច្ចប្រកបដោយប្រសិទ្ធភាព ដែលវេទិការទាំងនេះ គឺធ្វើឡើងក្នុងខែមករា និងខែកក្កដា។

ក្នុង​កិច្ចប្រជុំ លោកស្រី រ៉ូ​ណា ស្មី​ត បានលើកឡើង ៤​ចំណុច រួមមាន​៖ បច្ចុប្បន្នភាព​នៃ​លំហរ​សេរីភាព និង​ការបំពេញ​ការងារ​ របស់អង្គការសង្គមស៊ីវិល ការអនុវត្ត​យន្តការ​ច្រកចេញចូល​តែមួយ កំណែ​ទម្រង់​ច្បាប់ យុទ្ធនាការ​បង្ក្រាប​គ្រឿង​ញៀន និង​ការបង្កើត​វេទិការ​រវាង​ក្រសួងមហាផ្ទៃ និង​សង្គម​ស៊ីវិល​។

​បន្ទាប់ពី​កិច្ចប្រជុំ លោក ផាត សុ​ផានិត បាន​ប្រាប់​ថា សម្ដេច​ក្រឡាហោម ស ខេង បាន​ពន្យល់​យ៉ាង​លម្អិត​ អំពីការវិវត្តន៍ចុងក្រោយ និង​ប្រកបដោយ​ភាព​វិជ្ជមាន ពាក់ព័ន្ធ​នឹង​ការងារ​សំខាន់ៗ ទាំង​៤ ដែល​លោកស្រី រ៉ូ​ណា​ស្មី​ត ចង់ដឹង​។ បន្ទាប់ពី​ស្ដាប់​ការពន្យល់​នេះ​រួចមក អ្នករាយការណ៍​ពិសេស​អង្គការ​សហ​ប្រជា​តិ​រូបនេះ បាន​សម្ដែង​ការកោតសរសើរ​នូវ​វឌ្ឍនភាព​ការងារ​ទាំងនេះ គិត​ចាប់តាំងពី​ក្រោយ​ជំនួប​លើក​ទី​៦ រវាង​លោកស្រី និង​សម្ដេច ស ខេង កាលពី​ចុងឆ្នាំ​២០១៨​កន្លងទៅ​។

​លោកស្រី រ៉ូ​ណា ស្មី​ត ក៏បាន​សំណូម​ឲ្យ​ក្រសួងមហាផ្ទៃ កែលម្អរ​ចំណុច​ខ្វះខាត​មួយចំនួន ដើម្បី​ឲ្យ​កិច្ចការ​សំខាន់​ទាំង​៤ ដែល​លោកស្រី ផ្ដោត​ការយកចិត្តទុកដាក់​នោះ កាន់តែ​ដំណើរការ​ប្រកបដោយ​ភាព​វិជ្ជមាន ដូចជា​ព​ន្លឿ​ន​ការពង្រីក​ហេដ្ឋារចនាសម្ព័ន្ធ​ពន្ធនាគារ ដើម្បី​កាត់បន្ថយ​ភាព​ចង្អៀត​ណែន និង​ការពង្រឹង​អាជ្ញាធរ​មូលដ្ឋាន ឲ្យ​មាន​ភាពស៊ីសង្វាក់​គ្នា​នឹង​ការអនុវត្ត​សិទ្ធិ​របស់​សង្គម​ស៊ីវិល ជាដើម​។

សូមរំលឹកថា លោកស្រី រ៉ូណា ស្មីត បានមកបំពេញបេសកកកម្ម លើកទី៧ នៅកម្ពុជា ចាប់ពីថ្ងៃទី២៩ ខែមេសា ដល់ថ្ងៃទី៩ ខែឧសភា ឆ្នាំ២០១៩​។ លោកស្រី បានជួបជាមួយមន្ត្រីជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា អ្នក​នយោបាយ អង្គការសង្គមស៊ីវិល និងសហគមន៍អន្តរជាតិ ជាដើម។ លោកស្រី នឹង​ធ្វើ​សន្និសីទ​កាសែត នៅរសៀល​ថ្ងៃទី៩ ខែឧសភា នៅទីស្នាក់ការ​ឧត្តមស្នងការ​អង្គការ​សហប្រជា​ជាតិ​ ទទួលបន្ទុក​សិទ្ធិ​មនុស្ស ​ប្រចាំ​កម្ពុជា ៕

អត្ថបទដែលជាប់ទាក់ទង