ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

បិទនេសាទ ឆ្នាំ២០១៩ ចាប់ពីខែមិថុនា ដល់ ខែតុលា សង្ឃឹមថាមិនមានបទល្មើសកើតឡើង

64

ភ្នំពេញ៖ រដ្ឋបាលជលផល នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានចេញសេចក្តីជូនដំណឹង ពីរដូវបិទនេសាទ ឆ្នាំ២០១៩ ចាប់ពីខែមិថុនា ដល់ ខែតុលា។

ក្នុងសេចក្តីជូនដំណឹងរដ្ឋបាលជលផល បានជម្រាបជូន សាធារណជន និងអ្នកនេសាទទាំងអស់ថា រដូវបិទនេសាទ សម្រាប់ការនេសាទ នៅក្នុងដែននេសាទទឹកសាប ត្រូវបានកំណត់ ដូចខាងក្រោម៖ ចាប់ពីថ្ងៃទី០១ ខែមិថុនា ដល់ ថ្ងៃទី៣០ ខែកញ្ញា ចំពោះដែននេសាទទឹកសាប ដែលស្ថិតនៅខាងជើង ខ្សែស្របទន្លេចតុម្មុខ ដែលរួមមានខេត្តទាំងអស់ជំរុញបិទន្លេសាប និងបណ្តាខេត្តកំពង់ចាម ត្បូងឃ្មុំ ក្រចេះ រតនគិរី មណ្ឌលគិរី ព្រះវិហារ ប៉ៃលិន ឧត្តរមានជ័យ និងរាជធានីភ្នំពេញ និងខេត្តកណ្តាលផ្នែកខាងជើងចតុម្មុខ។  ចាប់ពីថ្ងៃទី១ ខែកក្កដា ដល់ ថ្ងៃទី៣១ ខែតុលា ចំពោះដែននេសាទទឹកសាប ដែលស្ថិតនៅខាងត្បូង ខ្សែស្របទន្លេចតុម្មុខ ដែលមាន រាជធានីភ្នំពេញ ផ្នែកខាងត្បូងចតុម្មុខ ខេត្តកណ្តាល ព្រៃវែង តាកែវ កំពង់ស្ពឺ និងស្វាយរៀង។

លោកអេងជាសានប្រធានរដ្ឋបាលជលផលបានបញ្ជាក់ថា នៅក្នុងរយៈពេល បិទនេសាទនេះអ្នកនេសាទទាំងអស់ ត្រូវប្រើប្រាស់ឧបករណ៍នេសាទគ្រួសារតែប៉ុណ្ណោះ ។ចំពោះឧបករណ៍អួនមាញ់ចៃរ៉ាជនសាបនាមឈ្នក់ មិនត្រូវអនុញ្ញាតឲ្យប្រើប្រាស់ឡើយក្នុងរដូវបិទនេសាទឧបករណ៍មងអាចធ្វើនេសាទបានតែប្រវែង 100 ម៉ែត្រតែប៉ុណ្ណោះ។ ម្យ៉ាងទៀតសូមអ្នកនេសាទទាំងអស់ អនុវត្តតាមអនុសាសន៍ទាំង 7 ចំណុចរបស់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែន ឲ្យបានខ្ជាប់ខ្ជួន ជាពិសេសជួយការពារកន្លែង អភិរក្សជលផល ឲ្យបានគង់វង្សដើម្បីទុករក្សាពូជត្រី។ រដ្ឋបាលជលផលសង្ឃឹមថា អ្នកនេសាទទាំងអស់ និងអនុវត្តតាមសេចកក្តី ជូនដំណឹងដើម្បីចូលរួមសម្ដែងថែរក្សា និងការពារធនធានជលផល ឲ្យបានគង់វង្ស សម្រាប់ប្រជាពលរដ្ឋខ្មែរយើង នៅក្នុងជំនាន់នេះ ក៏ដូចជាជំនាន់ក្រោយៗទៀត។

សូមបញ្ជាក់ថា ទោះបីជាមានការហាមឃាត់ ក្នុងរដូវបិទនេសាទក៏ដោយ ក៏នៅមានជនខិលខូចមួយចំនួន លួចនេសាទដោយខុសច្បាប់ផងដែរ៕

អត្ថបទដែលជាប់ទាក់ទង