ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ស្នើបន្ធូរបន្ថយទោស ទណ្ឌិត ៧៣រូប និងលើកលែងទោស៤រូប សម្រាប់បុណ្យពិសាខបូជា

71


ភ្នំពេញ៖ បន្ទាប់ពីប្រជុំនៅពិនិត្យយ៉ាងល្អិតល្អន់ ក្រសួងយុត្តិធម៌ នៅថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៩ បានសម្រេចស្នើសុំ បន្ថូយបន្ថយទោស និងលើកលែងទោស ដល់ទណ្ឌិត៧៧រូប ស្រ្តី៩រូប ក្នុងនោះបន្ធូរបន្ថយទោសចំនួន 73 រូបនិងលើកលែងទោសទាំងស្រុងចំនួន 4 រូប សម្រាប់ឱកាសបុណ្យពិខាងបូជា ឆ្នាំ២០១៩ ខាងមុខនេះ។ នេះបើតាមការបញ្ជាក់របស់ លោក គឹម សន្តិភាព រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងយុត្តិធម៌។

សូមបញ្ជាក់ថា នារសៀល ថ្ងៃច័ន្ទ ៣កើត ខែពិសាខ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី៦ ខែឧសភា ឆ្នាំ២០១៩  លោក អង្គ វង្ស វឌ្ឍានា រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងជាប្រធានគណៈកម្មការថ្នាក់ជាតិ បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំ ដើម្បីពិនិត្យលើសំណើ សុំអនុគ្រោះទោស របស់គណៈកម្មការរាជធានី~ខេត្ត(ពន្ធនាគាររាជធានី-ខេត្ត ចំនួន ២២ និងមណ្ឌលអប់រំកែប្រែចំនួន ០៣ ម១+ម៣+ម៤) ដែលបានស្នើក្នុងឱកាសពិធីបុណ្យពិសាខបូជា២០១៩ នេះ  លើបញ្ជីទណ្ឌិតដែលស្នើអនុគ្រោះទោសសរុប ២៥២ រូប (ស្រី ១៦ រូប) នៅទីស្តីការក្រសួងយុត្តិធម៌ ៕

លោក គឹម សន្តិភាព បានបញ្ជាក់ថា ក្នុងឱកាសនៃពិធីបុណ្យពិសាខបូជាឆ្នាំ២០១៩នេះ គណៈកម្មការជាតិពិនិត្យ និងវាយតម្លៃបញ្ជីឈ្មោះទណ្ឌិតស្នើសុំបន្ថូរបន្ថយទោស និងលើកលែងទោស បានស្នើសុំទៅប្រមុខរាជរដ្ឋាភិបាល ដើម្បីពិនិត្យ និងសម្រេចស្នើសុំព្រះមហាក្សត្រ ផ្តល់ការអនុគ្រោះទោសដល់ទណ្ឌិតសរុប ៧៧រូប(ស្ត្រី៩រូប) ក្នុងចំណោមបញ្ជីទណ្ឌិតស្នើសុំសរុប២៥២រូប(ស្ត្រី១៦រូប)។ ក្នុងចំណោមទណ្ឌិត៧៧រូប ដែលត្រូវបានក្រសួងយុត្តិធម៌ សម្រេចស្នើបន្ធូរបន្ថយ និងលើកលែងទោសនេះ រួមមាន៖  ១ ស្នើបន្ថយទោស៦ខែ ចំនួន៣៧រូប (ស្រី៣រូប) ២ ស្នើបន្ថយទោស៩ខែចំនួន ១៤រូប(ស្រី១រូប) ស្នើបន្ថយទោស១២ខែ ចំនួន២២រូប(ស្រី៤រូប) និងស្នើលើកលែងទោស ចំនួន៤រូប(ស្រី១រូប)

សូមបញ្ជាក់ថា ជារៀងរាល់ឆ្នាំ រាជរដ្ឋាភិបាលកម្ពុជា បានរៀបចំឱ្យមានការបន្ធូរបន្ថយ និងលើកលែងទោសដល់ទណ្ឌិតចំនួន៣ដងក្នុង១ឆ្នាំៗ ក្នុងនោះមានបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ បុណ្យពិសាខបូជា និងបុណ្យអុំទូកផងដែរ។

កាលពីអំឡុងបុណ្យចូលឆ្នាំថ្មី ប្រពៃណីខ្មែរ ឆ្នាំ២០១៩ កន្លងទៅនេះ កម្ពុជាក៏បានបន្ធូរបន្ថយទោសដល់ទណ្ឌិត៤២រូប និងលើកលែងទោសដល់ទណ្ឌិត៨រូបផងដែរ៕

អត្ថបទដែលជាប់ទាក់ទង