ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

វិភាគ៖ ករណីបើកឡានបុករះ ហើយអ្នកបើកបរត្រូវមហាជនវាយឲ្យរបួសធ្ងន់ គឺជាករណីមិនគួរកើតមានក្នុងសង្គមខ្មែរទៀតទេ!

354

កាលពីរសៀលថ្ងៃអាទិត្យ ទី១១ ខែមីនា ឆ្នាំ២០១៨ មានករណីអ្នកបើកឡានទំនើបម្នាក់ ជាបណ្ឌិត និងជាសាស្ត្រាចារ្យ នៅសាកលវិទ្យាល័យឯកជនមួយនៅភ្នំពេញ បង្កគ្រោះថ្នាក់ចរាចរណ៍ បុករះ ហើយបើករត់។ មហាជនបានដេញតាម រហូតក្លាយជាអំពើហិង្សាវាយអ្នកបើកឡាននោះ បែកក្បាលហូរឈាម។
សូមជម្រាបថា បុរសដែលបើករថយន្តបង្កគ្រោះថ្នាក់ចរាចរណ៍ បុករះជាបន្តបន្ទាប់តាមដងផ្លូវ ចាប់ពីម្តុំទួលសង្កែ ខណ្ឌប្ញស្សីកែវ រហូតដល់ម្តុំមន្ទីរពេទ្យលោកសង្ឃ ហើយត្រូវបានប្រជាពលរដ្ឋ តាមវាយ និងកម្ទេចរថយន្ត កាលពីរសៀលថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៨ មានឈ្មោះ ស៊ុយ សារ៉េត គឺជាបណ្ឌិត និងជាសាស្ត្រាចារ្យបង្រៀននៅសាកលវិទ្យាល័យកម្ពុជា។
សមត្ថកិច្ចបញ្ជាក់ថា បន្ទាប់ពីពិនិត្យឃើញស្ថានភាពជំងឺធ្ងន់ធ្ងរ ក្រុមគ្រួសារបានបញ្ជូនលោកសាស្ត្រាចារ្យ ស៊ុយ សារ៉េត ទៅសង្គ្រោះបន្ទាន់ នៅមន្ទីរពេទ្យប្រទេសវៀតណាម កាលពីយប់មិញ ហើយមិនទាន់មានបញ្ហាដល់អាយុជីវិតទេ។
សាក្សីបានឲ្យដឹងថា រថយន្តបង្កហេតុ ដែលបើកដោយលោក ស៊ុយ សារ៉េត បានបើកបុកគេដំបូង នៅម្តុំវត្តទួលអស់លោក ក្នុងខណ្ឌប្ញស្សីកែវ ហើយបន្តបើករត់ រហូតដល់ម្តុំផ្សារធំថ្មី ជិះ២-៣ជុំ ហើយបន្តបើករត់គេចតាមផ្លូវម្តុំផ្សារដេប៉ូ ក៏បុករះឡានម៉ូតូតាមផ្លូវ ហើយមិនឈប់ ក៏បន្តទៅដល់ម្តុំក្រោយមន្ទីរពេទ្យលោកសង្ឃ ក៏ត្រូវបានប្រជាពលរដ្ឋជិះម៉ូតូជិត ២០០គ្រឿង ដេញតាមទាន់ ក៏កើតជាអំពើហិង្សានេះតែម្តង។
ពាក់ព័ន្ធករណីគ្រោះថ្នាក់ចរាចរណ៍ ដែលឈានដល់ការប្រើអំពើហិង្សា លើបុរសអ្នកបើកបររថយន្តបង្ក បណ្តាលឲ្យរងរបួសធ្ងន់ កាលពីរសៀលថ្ងៃអាទិត្យ នៅម្តុំមន្ទីរពេទ្យលោកសង្ឃ ក្នុងរាជធានីភ្នំពេញ ត្រូវបានស្នងការប៉ូលិសរាជធានីភ្នំពេញ ចេញបញ្ជាឲ្យសមត្ថកិច្ច ស្រាវជ្រាវរកអ្នកពាក់ព័ន្ធទាំងអស់ ដែលបានវាយប៉ងសម្លាប់ និងកម្ទេចរថយន្តនោះ មកដាក់ទោសតាមច្បាប់។
តាមប៉ូលិស ករណីគ្រោះថ្នាក់នេះ អ្នកបើកបរបង្កគ្រោះថ្នាក់ចរាចរណ៍ ដែលរត់គេចពីកន្លែងកើតហេតុ គឺច្បាប់ជាអ្នកអនុវត្ត ប៉ុន្តែចំពោះអ្នកដែលវាយអ្នកបើកបរ ក៏ត្រូវតែទទួលទោសផងដែរ ព្រោះវាជាអំពើអសីលធម៌ក្នុងសង្គម និងមិនគួរឲ្យមានកើតឡើងក្នុងរូបភាពបែបនេះទៀត។
អំពើហិង្សាវាយលើអ្នកបើកឡានបុករះ ហើយបើករត់គេចនេះ ត្រូវបានប៉ូលិសហៅថាជាទម្លាប់អសីលធម៌ក្នុងសង្គមកម្ពុជាយើង ដែលប្រជាពលរដ្ឋ តែងតែតាំងខ្លួនជាតុលាការ ហើយធ្វើកាត់ទោសលើជនបង្ក ដោយឯកចិត្ត ដោយមិនគោរពតាមច្បាប់។
ចំណែកអ្នកលេងហ្វេសប៊ុកម្នាក់ លើកឡើងថា ករណីប្រើអំពើហិង្សានេះថា សាហាវ ឃោរឃៅណាស់ ក្នុងនាមពលរដ្ឋម្នាក់ ខ្ញុំសង្កេតឃើញថា ក្រោយថ្ងៃរំដោះ 7មករា1979 ប្រជាពលរដ្ឋខ្មែរយើង មានសិលធម៌ល្អណាស់ ចេះជួយគ្នា គោរពគ្នាទៅវិញទៅមក ពិសេសគឺគោរពច្បាប់តែម្តង ប៉ុន្តែក្រោយបោះឆ្នោត តាំងពីមានក្រុមបណ្ឌិតក្បត់ជាតិ បំផ្លាញជាតិ ចូលស្រុក សិលធម៏ វប្បធម៏ របស់សង្គមយើងបានធ្លាក់ចុះ ដោយសារនយោបាយ លាបពណ៌ ញុះញង់ មិនអោយពលរដ្ឋគោរពច្បាប់ បង្កចលាចល ក្នុងសង្គម បំផ្លិចបំផ្លាញ ទ្រព្យសម្បត្តិ បង្កហិង្សា ក្លាយជាទម្លាប់របស់ក្រុមមួយចំនួនតូច ដែលនៅសេសសល់ ដូចជា ករណីម្សិលមិញនេះ តើគួរអោយកើតមានវប្បធម៌របៀបនេះ បន្តទៀត រឺ យ៉ាងណា? សូមបងប្អូនមុនធ្វើអ្វីមួយ គួរតែគិតពីផ្លូវច្បាប់ ដើម្បីសេចក្តីសុខ សំរាប់ខ្លួនយើង និង អ្នកនៅជុំវិញ សូមបញ្ចប់ហឹង្សាដោយខុសច្បាប់។
ក៏ប៉ុន្តែក៏មានអ្នកលេងហ្វេសប៊ុកម្នាក់ទៀត លើកឡើងថា នៅពេលមហាជន បាត់ជំនឿលើប្រព័ន្ធយុត្តិធម៌ ទើបនាំគ្នាសម្លាប់ និងវាយកម្ទេចរថយន្តជនបង្ករបួសស្នាម ក្រោយបើកបុករះបន្តបន្ទាប់ និងប្រឹងបើករត់គេចតាំងពីម្តុំទួលសង្កែ រហូតដល់ម្តុំពេទ្យលោកសង្ឃ។
ជាការពិត បើកបរ ពិសេសរថយន្ត បុក ហើយរត់ បានក្លាយស្ទើរតែជាទម្លាប់ ព្រោះបើសិនជា នៅកន្លែងកើតហេតុ ជួនកាល ជនរងគ្រោះ ឬក៏មហាជន ផ្ទុះហិង្សាវាយលើអ្នកបើកឡាន ដែលនៅពេលកើតហេតុគ្រោះថ្នាក់ចរាចរណ៍ម្តងៗ យើងតែងតែឃើញ ភាគីទាំងសង្ខាង ឈ្លោះទាស់ទែងគ្នា វាយតប់គ្នា ហើយបើភាគីណាមួយ មានកាំភ្លើង ក៏អាចបាញ់ថែមទៀត។
មួយវិញទៀត អ្នកបើកបរខ្លះ យល់ថា កាលណាខ្លួន រត់រួចពីកន្លែងកើតហេតុ ហើយប៉ូលិស ឬក៏មហាជនដេញចាប់មិនទាន់ គឺរួចខ្លួន។ នេះជាការមិនទទួលខុសត្រូវ ហើយក៏ផ្ទុយពីទ្រឹស្តី និងច្បាប់ចរាចរណ៍ ដែលបានកំណត់ ឲ្យអ្នកបើកបរ ត្រូវតែឈប់នៅកន្លែងកើតហេតុ នៅពេលជួបបញ្ហាអ្វីមួយ ហើយដោះស្រាយដោយសន្តិវិធី។
ក៏ប៉ុន្តែមហាជនយើងវិញ ក៏មិនអន់ដែរ។ ដូចករណីកាលពីរសៀលថ្ងៃអាទិត្យ ទី១១ ខែមីនា គ្រាន់តែលឺតាមគ្នាថា ជនបង្ក បើកឡានបុកមនុស្ស បណ្តាលឲ្យស្លាប់ និងរបួស ក៏ចាប់ផ្តើមប្រើហិង្សា វាយបំផ្លាញឡានថ្មី ទំនើបរបស់គេ មិនអស់ចិត្ត ប្រើដុំថ្ម គាប់ វាយបែកក្បាលបុរសអ្នកបើកបរនោះថែមទៀត។
មួយវិញទៀត ក្នុងសង្គមយើង បើសិនគ្រាន់តែលឺពាក្យថា “ចោរ” នោះបុគ្គល ដែលគេស្រែកដាក់នោះ ច្បាស់ជាត្រូវគេវាយស្លាប់ក៏មិនដឹង បើសិនជាប៉ូលិសមិនមកជួយទាន់ពេលទេនោះ។
ករណីគ្រោះថ្នាក់ចរាចរណ៍ កាលពីថ្ងៃអាទិត្យ ទី១១មីនា ក៏មិនមានប៉ូលិសប៉េអឹម ចេញអន្តរាគមន៍ឃាត់ចាប់ឡាននោះ ខណៈដែលឡាននោះ បើកបរយ៉ាងឆ្ងាយច្រើនម៉ោងពីទួលសង្កែ ទៅផ្សារថ្មី រហូតដល់ក្រោយពេទ្យលោកសង្ឃ ស្ទើរតែមួយចំហៀងទីក្រុង។ តាមធម្មតា ផ្លូវទាំងនេះ សុទ្ធតែមានប៉ូលិសឈរជើង សម្រួលចរាចរណ៍។
សរុបមក ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ បើករត់ ហើយបង្កឲ្យមនុស្សស្លាប់ និងរបួស និងទីបំផុត អ្នកបើកបរត្រូវវាយស្ទើរតែស្លាប់ស្ទើររស់នេះ បានកើតឡើងច្រើនដងហើយ ក្នុងសង្គមយើង។ តែនៅពេលនេះ រឿងដដែលៗ នៅតែបន្តកើតឡើងដដែលៗទៀត។
ដូច្នេះ អ្នកបើកបរ ពិសេសឡាន ត្រូវបង្កើនការប្រុងប្រយ័ត្ន និងការទទួលខុសត្រូវ ពិសេសនៅពេលកើតហេតុ ត្រូវឈប់ដោះស្រាយ យកអ្នករបួសទៅពេទ្យ ហើយចេញមុខទទួលខុសត្រូវតាមផ្លូវច្បាប់ ព្រោះថា បើសិនជាកើតហេតុភ្លាមៗ អ្នកបើកបរឡាន ឬម៉ូតូបង្កមិនឈប់ បែរជាបើករត់ គឺមានគេដេញតាម កាន់តែភ័យស្លន់ស្លោរ អាចជ្រុលចង្កូត បង្កគ្រោះថ្នាក់កាន់តែធ្ងន់ធ្ងរដល់អ្នកដទៃផង ហើយចុងបញ្ចប់ ត្រូវមហាជនទ្រាំមិនបាន ក៏វាយស្ទើរស្លាប់ដូច្នេះ។
រីឯមហាជនវិញ ក៏គួរតែទប់ចិត្ត គ្រាន់តែចាប់ឃាត់ជនបង្ក ដែលជាចោរ ឬក៏ជាអ្នកបើកបរ បង្កគ្រោះថ្នាក់ចរាចរណ៍ ហើយប្រគល់ឲ្យសមត្ថកិច្ច ជាអ្នកដោះស្រាយ ព្រោះប្រទេសយើងមានច្បាប់។ បើសិនជាមហាជនដោះស្រាយខ្លួនឯង វាយមនុស្ស និងកម្ទេចទ្រព្យសម្បត្តិគេ ដូចករណីកាលពីថ្ងៃទី១១មីនា នាំឲ្យកើតបទល្មើសថ្មី គឺមហាជនជាអ្នកឈឺឆ្អាលរឿងគេសោះ បែរជាខ្លួនត្រូវមានទោស ដោយប៉ូលិសចាប់ពីបទវាយមនុស្ស ប៉ុនប៉ង់សម្លាប់ និងបំផ្លាញទ្រព្យសម្បត្តិគេទៅវិញ។
ដោយឡែក អាជ្ញាធរសមត្ថកិច្ចវិញ ក៏ត្រូវតែអន្តរាគមន៍ឲ្យទាន់ពេលវេលា ព្រោះថា នៅតាមសង្កាត់ តាមខណ្ឌនីមួយៗ មិនតិចទេ ប៉ូលិស ប៉េអឹម និងក្រុមសន្តិសុខ ដែលមានអាយកូម និងម៉ូតូឡានយ៉ាងច្រើន ក៏គួរតែចេញអន្តរាគមន៍ ហើយនាំជនល្មើស និងជនរងគ្រោះ ទៅដោះស្រាយគ្នានៅប៉ុស្តិ៍ប៉ូលិស ហើយការដោះស្រាយក៏ត្រូវឈរលើត្រឹមត្រូវ យុត្តិធម៌។ នោះពិតជាអាចបញ្ឈប់ហិង្សាពីមហាជនជាមិនខាន៕
ដោយ៖ សុខ ស្រីពៅ

អត្ថបទដែលជាប់ទាក់ទង