ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ព្រះមហាក្សត្រ ស្តេចយាងជាព្រះរាជាធិបតីភាព ដ៏ខ្ពង់ខ្ពស់បំផុត ក្នុងព្រះរាជពិធីបុណ្យ រុក្ខទិវា នៅខេត្តកំពត

336

កំពត៖ នាវេលាព្រឹកថ្ងៃចន្ទ ទី ៩ ខែកក្កដា ឆ្នាំ២០១៨ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គសព្វព្រះរាជហឫទ័យ ស្តេចយាងជាព្រះរាជាធិបតីភាព ដ៏ខ្ពង់ខ្ពស់បំផុត ក្នុងព្រះរាជពិធីបុណ្យ ” រុក្ខទិវា ” ប្រារព្ធឡើងនៅលើផ្ទៃដីជាង ៥០ ហិកតា ស្ថិតក្នុងស្ថានីយដាំកូនឈើថ្មរូង ភូមិព្រែកអំពិល ឃុំកោះតូច ស្រុកទឹកឈូ ខេត្តកំពត ដោយមានការចូលរួមអមដង្ហែរ ដោយបណ្តាឥស្សរជន ជាន់ខ្ពស់ នៃរាជរដ្ឋាភិបាល បណ្តាអង្គទូតនានា និងបងប្អូនប្រជានុរាស្រ្តយ៉ាងច្រើនកុះករ ។

ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង មានព្រះរាជបន្ទូលថា ៣ ព្រៃឈើគឺជាសរសៃឈាម ក្នុងវិស័យកសិកម្មជាតិ ជាអាយុជីវិតប្រជាកសិករ និងជាខឿននៃសេដ្ឋកិច្ចជាតិ ដូច្នេះយើងត្រូវតែរួបរួមគ្នា ថែរក្សាការពារព្រៃឈើ និងដាំដើមឈើឲ្យបានគ្រប់ៗគ្នា ”

ព្រះរាជតម្រិះដ៏ខ្ពង់ខ្ពស់នៃព្រះករុណា ព្រះបាទសម្តេច ព្រះនរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ ព្រះមហាវីរក្សត្រ ព្រះវររាជបិតាឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត។

ព្រះរាជពិធីនោះក៏មានអញ្ជើញចូលរួមផងដែរ​ ពីសំណាក់សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា សម្តេចពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា សម្តេចចៅហ្វាវាំង គង់ សំអុល ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ព្រមទាំងសមាជិក សមាជិកានៃព្រឹទ្ធសភា រដ្ឋសភា ក៏ដូចជាសមាជិករាជរដ្ឋាភិបាល និងលោក លោកស្រី ឯកអគ្គរាជទូត ឯកអគ្គរដ្ឋទូតភ្ញៀវកិត្តិយសជាតិ អន្ដរជាតិ និងបងប្អូនជនរួមជាតិយ៉ាងច្រើនកុះករ។

សូមបញ្ជាក់ថា ដើមឈើ​មាន​សារសំខាន់​ណាស់ ចំពោះ​ជីវិត មនុស្ស សត្វ និង​ជីវៈចម្រុះ​គ្រប់​ប្រភេទ​។ វា​ផ្តល់​សារ​ប្រ​យោ​ជ​ន៍​យ៉ាងច្រើន​ដូច​ជា ផ្តល់​មក​នូវ​ម្លប់ ផ្លែផ្កា អុស​សម្រាប់​ដុត ជា​ឈើ​សំណង់ ជា​ជម្រក​សត្វព្រៃ ជម្រក​មច្ឆា​ជាតិ ជា​របាំង​ខ្យល់ របាំង​ទឹកជំនន់ និង​នាំ​មក​នូវ​ទឹកភ្លៀង​សំរាប់​បង្កបង្កើន​ផល​ចិញ្ចឹមជីវិត​មនុស្សលោក​។

បុណ្យ​រុក្ខទិវា​បាន​បង្កើត​ឡើង​នៅ​ក្នុង​ឆ្នាំ​១៩៥២ ក្រោម​ព្រះរាជកិច្ច​ដឹកនាំ​របស់​ព្រះ​បរម​រតន​កោ​ដ ព្រះ​មហា​វី​រក្ស​ត្រ ព្រះករុណា ព្រះបាទ សម្តេចព្រះ​នរោត្តម សីហ​នុ ក្នុង​គោលបំណង​បំផុស​ចលនា​ដាំ​ដើមឈើ​ឡើង​វិញ និង​ការ​ថែរក្សា​សម្បត្ដិ​ព្រៃឈើ​ជាតិ តែ​ពិធី​នេះ​បាន​អាក់ខាន​មួយ​រយៈ រហូត​ដល់​ឆ្នាំ​១៩៨៩ ទើប​ចាប់ផ្ដើម​ឡើង​វិញ ក្នុង​បំណង​បន្ដ​ប្រពៃណី​រុក្ខទិវា និង​ស្ដារ​ព្រៃឈើ​ឡើង​វិញ​។

បុណ្យ​រុក្ខទិវា​នេះ គឺជា​វប្បធម៌​ដ៏​ឧត្តម ដែល​ប្រជាជាតិ​កម្ពុជា​បាន​ចូលរួម​យ៉ាង​សកម្ម និង​ធ្វើ​ឲ្យសកម្ម​ភាព​នៃ​ទិវា​នេះ​មាន​ជា​រៀង​រហូត​នៅ​ក្នុង​សង្គម​ជាតិ​យើង ដែល​ធ្វើ​ឲ្យ​តំបន់​ដី​ព្រៃ​រេច​រិល ដាំ​ដុះ​ដី​ព្រៃឈើ​ឡើង​វិញ និង​ចូលរួម​ការពារ​ព្រៃឈើ​ដែល​មាន​ឲ្យ​គង់វង្ស​កាន់តែ​ប្រសើរ​ឡើង​។ ពី​មួយ​ឆ្នាំទៅ​មួយ​ឆ្នាំ យើង​សង្កេត​ឃើញ​ថា ទិវា​ដាំ​ដើមឈើ​នេះ មានការ​ចូលរួម​ពី​សំណាក់ មហាជន​ជា​ច្រើន ជា​ពិសេស​យុវជន​ដែល សសរទ្រូង​នេះ​ប្រទេស​ជាតិ ក្នុង​គោលបំណង ថែរក្សា ការពារ និង បណ្តុះ​គំនិត​ស្រឡាញ់ ព្រៃឈើ និង បរិស្ថាន​ធម្មជាតិ ដែល​កំពុង​តែ​រក​ការ កាប់​បំផ្លាញ ដែល​នាំ​ឲ្យ​ឈាន​ទៅ​រក​ការ​បាត់បង់ បន្តិច​ម្តង​ៗ​។

ហេតុ​ដូចនេះ​ហើយ យើង​ទាំងអស់​គ្នា​ដែល​ជា អ្នក​ទទួល​ប្រ​យោ​ជ​ន៍ ពី​ដើមឈើ​នោះ គប្បី​ចូលរួម ដាំ ថែរក្សា ការពារ និង ស្រឡាញ់ ព្រៃឈើ និង បរិស្ថាន​ធម្មជាតិ ឲ្យ​បាន​គ្រប់​ៗ​គ្នា ដើម្បី​ជា​ប្រ​យោ​ជ​ន៏ ដល់​ខ្លូ​ន​យើង​ផ្ទាល់ ជីវិត​សត្វព្រៃ​គ្រប់​ប្រភេទ និង ប្រពន្ធ​ជីវៈចម្រុះ ផង​ដែរ​៕

   

អត្ថបទដែលជាប់ទាក់ទង