ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រដ្ឋសភា​ និងរាជរដ្ឋាភិបាល មានជំនឿថា ច្បាប់ស្តីពីការគ្រប់គ្រងប្រេងកាត និងផលិតផលប្រេងកាត ជាយន្តការការពារធនធានប្រេងដោយតម្លាភាព

88

ភ្នំពេញ៖ នៅក្នុងឱកាសពិនិត្យសិក្សាសេចក្តីព្រាងច្បាប់ ស្តីពីការគ្រប់គ្រងប្រេងកាត និងផលិតផលប្រេងកាត រួមគ្នា ទំាងគណៈកម្មការជំនាញរដ្ឋសភានិងតំណាងរាជរដ្ឋាភិបាល បានសម្តែងសុទិដ្ឋិយមថា​ សេចក្តីព្រាងច្បាប់ខាងលើនេះ នឹងក្លាយជាយន្តការដ៏សំខាន់មួយសម្រាប់ធានាការពារដល់ការអភិវឌ្ឍធនធានប្រេងកាតរបស់កម្ពុជាឲ្យមានតម្លាភាព ប្រសិទ្ធភាពក្នុងការលើកកម្ពស់សេដ្ឋកិច្ចជាតិ ជីវភាពប្រជាពលរដ្ឋ។

គណៈកម្មការសាធារណការ ដឹកជញ្ជូន ប្រៃសណីយ៍ ឧស្សាហកម្ម រ៉ែ ថាមពល ពាណិជ្ជកម្ម រៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នៃរដ្ឋសភា ដឹកនាំដោយ លោកស្រីនិន សាផុន បានជួបប្រជុំជាមួយ តំណាងរាជរដ្ឋាភិបាល ដែលដឹកនាំដោយ លោកសុខ ខាវ៉ាន់ រដ្ឋលេខាធិការក្រសួងរ៉ែនិងថាមពល នៅព្រឹកថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៩ នៅវិមានរដ្ឋសភា ដើម្បីពិនិត្យសិក្សាសេចក្តីព្រាងច្បាប់ស្តីពីការគ្រប់គ្រងប្រេងកាត និងផលិតផលប្រេងកាត។

លោក សុខ ខាវ៉ាន់ បានមានប្រសាសន៍ឲ្យដឹងថា សេចក្តីព្រាងច្បាប់ខាងលើនេះ បានកាត់តែងឡើងតំាងពីឆ្នាំ១៩៩៩ ដោយមានការចូលរួមពីអ្នកជំនាញច្បាប់ជាតិ និងអន្តរជាតិ។ លោកបន្តថា នៅក្នុងអាណត្តិទី៦នៃរដ្ឋសភានេះ រាជរដ្ឋាភិបាលបានខិតខំជំរុញដើម្បីឲ្យសេចក្តីព្រាងច្បាប់នេះបានអនុម័ត ក្លាយជាយន្តការច្បាប់ក្នុងការគ្រប់គ្រង និងអភិវឌ្ឍធនធានប្រេងកាតឲ្យមានប្រសិទ្ធភាព តម្លាភាពនិងគណនេយ្យភាព ព្រមទំាងផ្តល់ទំនុកចិត្តដល់អ្នកវិនិយោគទុនដែលវិនិយោគនៅក្នុងឧស្សាហកម្មប្រេងកាតនេះ។

លោករដ្ឋលេខាធិការបានមានបន្ថែមថា​ សេចក្តីព្រាងច្បាប់ស្តីពីការគ្រប់គ្រងប្រេងកាត និងផលិតផលប្រេងកាត បានតាក់តែងឡើង ស្របតាមបទដ្ឋាននិងឧត្តមានុភាពជាអន្តរជាតិក្នុងវិស័យរ៉ែ និងបានការពារដល់បរិស្ថាន និងធនធានធម្មជាតិ ដោយនិរន្តរភាព។

នៅក្នុងឱកាសពិនិត្យសិក្សា សេចក្តីព្រាងច្បាប់ស្តីពីការគ្រប់គ្រងប្រេងកាត និងផលិតផលប្រេងកាតនេះ ក្រសួងរ៉ែនិងថាមពល បានធ្វើបទបង្ហាញយ៉ាងលម្អិត ពីយុទ្ធសាស្រ្តក្នុងការគ្រប់គ្រងធនធានរ៉ែ និងប្រេងកាតនៅកម្ពុជា។ ដំណើរការតាក់តែងសេចក្តីព្រាងច្បាប់ស្តីពីប្រេងកាតនេះ ព្រមទំាងបានធ្វើបទបង្ហាញពីយន្តការលើកកម្ពស់ការចូលរួម និងផ្សព្វផ្សាយព័ត៌មានពីធនធានរ៉ែនិងប្រេងកាត ជូនដល់គណៈកម្មការជំនាញរដ្ឋសភា ទៀតផង។

លោកស្រីនិន សាផុន បានថ្លែងការកោតសរសើរចំពោះការខិតខំរបស់រាជរដ្ឋាភិបាលក្នុងការចងក្រងសេចក្តីព្រាងច្បាប់នេះឡើង។ លោកស្រីមានជំនឿមុតមាំថា សេចក្តីព្រាងច្បាប់នេះ នឹងជួយជំរុញការអភិវឌ្ឍនៅកម្ពុជា កាន់តែលឿនឡើង សំដៅរួមចំណែក ដល់ការលើកកម្ពស់ជីវភាពប្រជាជនឲ្យកាន់តែសម្បូរសប្បាយឡើង។ ជាមួយគ្នានេះ រដ្ឋសភាគ្រោងរៀបចំសិក្ខាសាលា ដើម្បីផ្សព្វផ្សាយ ដល់អ្នកពាក់ព័ន្ធទំាងអស់ បានស្វែងយល់សេចក្តីព្រាងច្បាប់ស្តីពីការគ្រប់គ្រងប្រេងកាត និងផលិតផលប្រេងកាតនេះ ផងដែរ៕

អត្ថបទដែលជាប់ទាក់ទង