ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

លោក ពេជ្រ ស្រស់ និងព្រាប កុល បានបន្តបើកវេទិកា ឆ្លើយឆ្លងលើបណ្តាញសង្គម បន្ទាប់ពីបញ្ចប់ធ្វើជាវាគ្មិននៅក្នុងកម្មវិធីតុមូលប្រចាំសប្តាហ៍របស់ទូរទស្សន៍

75

ភ្នំពេញ៖ បន្ទាប់ពីបញ្ចប់ធ្វើជាវាគ្មិននៅក្នុងកម្មវិធីតុមូលប្រចាំសប្តាហ៍របស់ទូរទស្សន៍បាយ័នអំពីប្រធានបទ “នយោបាយ និងការវិនិយោគរបស់ចិន នៅកម្ពុជា” លោក ពេជ្រ ស្រស់ និងព្រាប កុល បានបន្តបើកវេទិកាលើបណ្តាញសង្គមបន្តទៀត ដោយបញ្ចេញមតិយោបល់ក្តៅៗដោយឌៀមដាមគ្នាទៅវិញទៅមកយ៉ាងចាស់ដៃ មិនសំចៃមាត់ឡើយ។

កាលពីថ្ងៃទី១៧ឧសភា លោកព្រាប កុល ប្រធានអង្គការតម្លាភាពកម្ពុជា បានសរសេរលើហ្វេសប៊ុកថា សាធារណ:ជនអាចមើលរូបនេះ រួចវិនិច្ឆ័យថា 1 ទល់និង 3។
កម្មវិធីពិភាក្សានេះ នឹងចាក់ផ្សាយនៅតាមកញ្ចក់ទូរទស្សន៍ បាយ័ន BTV តាមកាលវិភាគដូចខាងក្រោម៖
ថ្ងៃសៅរ៍ទី18 ឧសភា ម៉ោង 6 ព្រឹក និងម៉ោង 6 ល្ងាច
ថ្ងៃអាទិត្យទី 19 ឧសភា ម៉ោង 8:30 យប់
ប្រធានបទ “ភូមិសាស្ត្រនយោបាយ និងការវិនិយោគរបស់ចិន”។ វាគ្មិន៖ បណ្ឌិតសភាចារ្យ រស់ ចន្ត្រាបុត្រ ព្រាប កុលនិងពេជ្រ ស្រស់ ហើយអ្នកសម្របសម្រួល គឺលោកសយ សុភាព (បើមិនមានការកាត់សំឡេងខ្ញុំទេ ធានាថាល្អមើល)។

ជាមួយនឹងសំណេររបស់លោកព្រាប កុលនោះ លោកពេជ្រ ស្រស់ ក៏បានឆ្លើយតបវិញភ្លាមៗដែរដោយបញ្ជាក់លើហ្វេសប៊ុកនៅថ្ងៃទី១៨ឧសភាថា “សំណេររបស់លោក​ ព្រាប​ កុល​ នេះ បង្ហាញពីចរិកដ៏ស្មោកគ្រោកមួយក្នុងនាមជាអ្នករៀនសូត្រ មិនគួរណាប្រើសម្តីឲ្យមហាជនយល់ច្រឡំនោះទេ។1ទល់នឹង​3តើចង់មានន័យដូចម្តេច? សេចក្តីថ្លៃថ្នូររបស់មនុស្ស​គឺស្ថិតត្រង់និយាយអ្វីជាការពិត ហើយគោរពនូវសេចក្តីថ្លៃថ្នូររបស់អ្នកដទៃ។ មនុស្សធុនលោក ព្រាប​ កុល​ គឺ​ មិនខុសពីសត្វស្វាប្រឡាក់លាមកមាន់នោះទេ”។

លោក ព្រាប កុល បានវាយបកទៅលោកពេជ្រ ស្រស់វិញថា “ទើបសុំខ្ញុំថតស៊ែលហ្វី (selfie) មិនទាន់បាន 3 ថ្ងៃផង លោក មេបក្ស ពេជ្រ ស្រស់ ដៀលខ្ញុំដល់ក…សុទ្ធតែ “ខ្ញុំមានចរិតស្មោកគ្រោក និងជាសត្វស្វាប្រឡាក់លាមកមាន់…” ។ ខ្ញុំនិយាយថា1 ទល់ 3 គឺសំដៅទៅលើទស្សន: និងនិន្នាការចំពោះការវិនិយោគរបស់ចិន ដែលប្រិយមិត្តអាចស្តាប់ខ្លឹមសាទាំងស្រុង នៅក្នុងកិច្ចពិភាក្សាតុមូលនោះ និងយោងបទវិភាគកន្លងមករបស់ លោក សយ សុភាព តាមកញ្ចក់ទូរទស្សន៍។ ខ្ញុំមិននឹកស្មានថាឧត្តមមន្ត្រីខ្មែរ មានសម្តី ឆ្នាស់អីឆ្នាស់ (nasty) យ៉ាងនេះសោះ”។

លោកពេជ្រ ស្រស់ ក៏បានឆ្លើយថា ពិតណាស់ខ្ញុំសុំលោក កុល ថតគឺដោយសារខ្ញុំមើលឃើញលោក កុល ជាបុគ្គលមួយរូបដែលគួររាប់អាន ក៏ប៉ុន្តែសំណេររបស់លោក កុល គឺមិនដូចដែលអ្វីខ្ញុំឲ្យតម្លៃទៅរូបលោក កុល ទេ
ម្យ៉ាងវិញទៀតខ្ញុំជាឧត្តមមន្រ្តី បែរទៅសុំលោកកុល ថត តើខ្ញុំបង្ហាញពីអ្វី ? គឺច្បាស់ណាស់គឺខ្ញុំបង្ហាញពីភាពខ្មែរដូចគ្នាដោយមិនរើសអើងនូវនិន្នាការ ឬបក្ខពួកនិយមក៏ប៉ុន្តែលោក កុល បែរសរសេរបែបកេងចំណេញ ហើយលាបពណ៌មកលើរូបខ្ញុំខ្លាំងពេក ទើបលោក កុល សមនឹងទទួលពាក្យទាំងអស់នេះពីខ្ញុំ ហើយខ្ញុំទៅចូលរួមវេទិកាថ្ងៃមុននោះគឺស្ថិតក្នុងមុខងារជាបក្សនយោបាយ ដូច្នេះលោក កុល គួរពិនិត្យនូវខ្លឹមសារខ្លួនឯងឡើងវិញថា ប៉ះពាល់ដល់រូបខ្ញុំដែរឬទេ……? ហើយលោក កុល មើលសំណេររបស់ខ្ញុំសរសេរថ្ងៃនោះ អមរូបថតលោក កុលផងនោះ តើវាមានអត្ថន័យយ៉ាងណាដែរ….? ខ្ញុំឆ្នាស់ ពីព្រោះលោក កុល ជាហេតុ។ ចប់…។ សរសេរដូចគ្នា ប៉ុន្តែតែសំណេរមានន័យខុសគ្នាម្នាក់ន័យរួមគ្នាកសាងប្រទេស រីឯម្នាក់ទៀតន័យ
ញុះញង់ឲ្យមានការរើសអើង និង ឲ្យយល់ច្រឡំពីសំណាក់មហាជន ពោល គឺ សំណេរមានក្បត់ធាតុពិត។ មនុស្សអាក្រក់គឺថាតែងតែគិតអាក្រក់។

លោកព្រាប កុល បានសរសេរថា ថ្ងៃនេះ(១៦ឧសភា ) លោក សយ សុភាព អញ្ចើញខ្ញុំចូលរួមធ្វើជាវាគ្មិននៅក្នុងកម្មវិធីតុមូលប្រចាំសប្តាហ៍របស់ទូរទស្សន៍បាយ័នអំពីប្រធានបទ “នយោបាយ និងការវិនិយោគរបស់ចិន នៅកម្ពុជា”។ សហវាគ្មិន រួមមាន ឯកឧត្តម រស់ចន្ត្រាបុត្រ បណ្ឌិតសភាចារ្យ និងជាទីប្រឹក្សានាយករដ្ឋមន្ត្រី និង លោក ពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជា។
នេះជាលើកដំបូង ដែលខ្ញុំចូលរួមក្នុង វេទិការតុមូល ដែលសម្របសម្រួលដោយ លោក សយ សុភាព និងក៏លើកទី១ ដែលខ្ញុំជួបផ្ទាល់ជាមួយសហវាគ្មិនទាំងពីររូបនេះ។ សូមអរគុណដល់លោក សយ សុភាព ដែលបានអញ្ជើញខ្ញុំ ដើម្បីមានឱកាសបង្ហាញទស្សន: និងគោលជំហរ អំពីបញ្ហា នយោបាយ និងសេដ្ឋកិចរបស់ប្រទេសកម្ពុជា និងអំពីការរងឥទ្ធិពលបរទេស។ល។ ខ្ញុំបានលើកចំណុចសំខាន់ៗ និងអនុសាសន៍ជាគន្លឹះមួយចំនួនផងដែរ។

លោកព្រាប កុល បានបន្តថា ក្រោយចប់កម្មវិធីពិភាក្សាតុមូល លោក ពេជ្រ ស្រស់ បានសុំខ្ញុំថត ស៊ែលហ្វី (selfie) មួយប៉ុស្តិ៍ ហើយបានផ្ញើររូបមកឱ្យខ្ញុំ។ ខ្ញុំយល់ថារូបថតនេះ អាចធ្វើឱ្យមានភាពចម្រូងចម្រាស់ខ្លះ ជាក់ជាមិនខាន ពីព្រោះខ្មែរយើងខ្លះចូលចិត្តយករូបថតទៅវិភាគ និងសន្និដ្ឋាន ទៅតាមគំនិត និងនិន្នាការរបស់ខ្លួន។ ទោះជាយ៉ាងនេះក្តី ខ្ញុំចង់ឃើញវប្បធម៌នយោបាយថ្មី ដែលខ្មែរគ្រប់និន្នាការអាចជជែកដេញដោលគំនិត និងទស្សន:ដោយប្រើបញ្ញាញ្ញាណ និងសមត្ថភាព បង្ហាញជាសាធារណ:ឱ្យប្រជាពលរដ្ឋបានស្តាប់ និងពិចារណា ហើយរាល់គំនិតខ្វែងគ្នាជារឿងធម្មតា និងជាធាតុមួយមិនអាចខ្វះបាននៅក្នុងសង្គមប្រជាធិបតេយ្យ។
លោកព្រាប កុល បាននិយាយអួតថា ” ក្នុងសង្វៀង ជជែកដេញដោល ឬពិភាក្សា មិនថាថ្នាក់ជាតិ ឬនៅលើឆាកអន្តរជាតិ ខ្ញុំមិនដែលចាវ ឬរារែកម្តងណាឡើយ។ ប៉ុន្តែបើឱ្យខ្ញុំចូលក្នុងសង្វៀនជេរប្រមាថ ឬកាប់ចាក់គ្នា ឬរៀបចំល្បិចកិចកល់ ខ្ញុំសូមមិនចូលរួមពាក់ព័ន្ធជាមួយទេ”៕

អត្ថបទដែលជាប់ទាក់ទង