អភិបាលរាជធានីជំរុញឲ្យអាជ្ញាធរ និងសមត្ថកិច្ចចំណុះ ឲ្យគណៈបញ្ជាការឯកភាពរាជធានី ពង្រឹងបន្ថែមលើកិច្ចការពារសន្តិសុខ សណ្តាប់ធ្នាប់ ក្នុងយុទ្ធនាការឃោសនាបោះឆ្នោត
ភ្នំពេញ៖ គណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ នៅរសៀល ថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០១៨ បានបើកកិច្ចប្រជុំមួយ ជាមួយកងកម្លាំងមានសមត្ថកិច្ចនិងអាជ្ញាធរខណ្ឌទាំង១២ ដើម្បីដាក់ចេញជាវិធានការថ្មីៗទៀតលើការពង្រឹងសន្តិសុខ សុវត្តិភាពជូនប្រជាពលរដ្ឋ ពិសេសគឺការពង្រឹងលើកិច្ចការពារសន្តិសុខ សណ្តាប់ធ្នាប់
សុវត្ថិភាពក្នុងយុទ្ធនាការឃោសនាបោះឆ្នោត ដែលបាននឹងកំពុងប្រព្រឹត្តិទៅនេះនាប៉ុន្មានថ្ងៃនេះ។
លោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ក្នុងកិច្ចប្រជុំនោះបានលើកឡើងថា ការបើកអោយមានកិច្ច
ប្រជុំគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ នេះឡើង
គឺដើម្បីអោយអាជ្ញាធរនិងកម្លាំងមានសមត្ថកិច្ចទាំងអស់ ពង្រឹងសន្តិសុខ សុវត្តិភាពជូនប្រជាពលរដ្ឋ ពិសេសកិច្ចការពារសន្តិសុខ ក្នុងយុទ្ធនាការឃោសនាបោះឆ្នោត ។
លោកអភិបាលរាជធានីភ្នំពេញបានបញ្ជាក់ថា ក្នុងរយៈពេលប៉ុន្មានថ្ងៃនេះ ពោលគឺក្នុងអំឡុងនៃយុទ្ធនាការឃោសនាបោះឆ្នោត នៅរាជធានីភ្នំពេញ
មានសន្តិសុខ សណ្តាប់ធ្នាប់ល្អប្រសើរ ហើយកិច្ចការងារនេះ គណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ នឹងធ្វើអោយបានល្អថែមទៀត សំដៅធ្វើយ៉ាងណាបង្កភាពកក់ក្តៅជូនប្រជាពលរដ្ឋនៅក្នុងរាជធានីភ្នំពេញ។
លោកបន្តថា ការទទូលបាននូវភាពល្អប្រសើរនេះ វាមិនមែនបានមកដោយស្រួលៗនោះទេ គឺពិតជាបានមកពីអាជ្ញាធរនិងកម្លាំងមានសមត្ថកិច្ចរបស់យើងទាំងអស់រួមគ្នាធ្វើ ទាំងថ្ងៃទាំងយប់។
ក្នុងកិច្ចប្រជុំនោះដែរ លោកអភិបាលរាជធានីក៏នូវបានណែនាំអោយអាជ្ញាធរទាំង១២ខណ្ឌ កម្លាំងមានសមត្ថកិច្ចទាំង២ភេទ បន្តយកចិត្តទុកដាក់បន្ថែមទៀត ដើម្បីការពារសន្តិសុខ សុវត្ថិភាពជូនប្រជាពលរដ្ឋ ពិសេសការពារនិងទប់ស្តាត់អោយបាននូវអំពើលួច ឆក់ប្លន់ គាស់ផ្ទះជាដើម ។ សម្រាប់អាជ្ញាធរទាំង១២ខណ្ឌត្រូវបង្កើតក្រុមការងារមួយ ដោយចែកចេញជាវេនប្រចាំការទាំងយប់និងថ្ងៃបន្ថែមលើការងារដែលមានស្រាប់ ហើយបើមានបញ្ហាអ្វីឬគ្មានបញ្ហាអ្វីក៏ដោយត្រូវរាយការណ៍មករដ្ឋបាលរាជធានីភ្នំពេញនៅរាល់ម៉ោង៤ល្ងាចរាល់ថ្ងៃ ពោលគឺក្រុមការងារនេះត្រូវអនុវត្តការងាររហូតដល់ការបោះឆ្នោតបានបញ្ចប់ជាស្ថាពរ។
លោកឃួង ស្រេង ក៏បានបន្ថែមទៀតថា ក្នុងរដូវកាលWorld Cup 2018 សម្រាប់រាជធានីភ្នំពេញ ក៏នៅតែរក្សាបាននូវសន្តិសុខ សណ្តាប់ធ្នាប់យ៉ាងល្អ
មិនមានបទល្មើសអ្វីគួរអោយកត់សំគាល់ឡើយ ។ ប៉ុន្តែទោះបីជាយ៉ាងណាក្តីអាជ្ញាធរនិងសមត្ថកិច្ចរបស់យើង
ត្រូវតែខិតខំបន្ថែមទៀត សំខាន់ធ្វើអោយប្រជាពលរដ្ឋមានភាពកក់ក្តៅ៕