ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អភិបាលខណ្ឌ៖រាជរដ្ឋាភិបាលកម្ពុជា បានសម្រេច កាត់ឆ្វៀលដីរោងចក្រកែវ ជូនប្រជាពលរដ្ឋភូមិបុរីកម្មករ ដែលជាគ្រួសារអតីតបុគ្គលិករោងចក្រកែវ បានកាន់កាប់

124

ភ្នំពេញ៖កាលពីថ្ងៃអាទិត្យ ទី១៩ ខែឧសភា ឆ្នាំ២០១៩ ដោយមានការយកចិត្តទុកដាក់ និងណែនាំពីលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ លោក នុត ពុធដារ៉ា អភិបាលខណ្ឌដង្កោ លោកប្រធានការិយាល័យភូមិបាលខណ្ឌ ចៅសង្កាត់ មេភូមិ បានចុះផ្សព្វផ្សាយជូនបងប្អូនប្រជាពលរដ្ឋភូមិបុរីកម្មករ សង្កាត់ជើងឯក អំពីករណីបញ្ហាដីរវាងរោងចក្រកែវ និងប្រជាពលរដ្ឋភូមិបុរីកម្មករ។

ក្នុងឱកាសនេះ លោកអភិបាលខណ្ឌ បានផ្សព្វផ្សាយជូនបងប្អូនប្រជាពលរដ្ឋ ដូចខាងក្រោម៖ ទី១រាជរដ្ឋាភិបាលកម្ពុជា បានសម្រេច កាត់ឆ្វៀលដីរោងចក្រកែវ ជូនប្រជាពលរដ្ឋភូមិបុរីកម្មករ ដែលជាគ្រួសារអតីតបុគ្គលិករោងចក្រកែវ បានកាន់កាប់កន្លងមក ទៅតាមនីតិវិធី
លោកអភិបាលខណ្ឌបន្តថា៖ជាមួយគ្នានោះដែរលោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញ មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីរាជធានីភ្នំពេញ រដ្ឋបាលខណ្ឌដង្កោ ការិយាល័យភូមិបាលខណ្ឌ សង្កាត់ ភូមិ បាននិងកំពុងដំណើរការនីតិវិធី នៃការធ្វើប័ណ្ណកម្មសិទ្ធិជូនបងប្អូនប្រជាពលរដ្ឋ
លោកបន្តទៀតថា៖បច្ចុប្បន្នជាដំណាក់កាលនៃការកំណត់ព្រំប្រទល់រវាងដីរបស់រោងចក្រកែវ ដែលគ្រប់គ្រងដោយក្រសួងឧស្សហកម្ម និងសិប្បកម្ម ជាមួយនឹងដីលំនៅដ្ឋានដែលប្រជាពលរដ្ឋភូមិបុរីកម្មករបានកាន់កាប់។
គួរបញ្ជាក់ថា៖ កន្លងមក រដ្ឋបាលរាជធានីភ្នំពេញ មន្ទីររៀបចំដែនដីរាជធានីភ្នំពេញ និងរដ្ឋបាលខណ្ឌដង្កោ ក៏ដូចជាអជ្ញាធរសង្កាត់ ភូមិ តែងបានធ្វើការផ្សព្វផ្សាយដល់ប្រជាពលរដ្ឋភូមិបុរីកម្មករ អំពីករណីខាងលើ និងតែងបានយកចិត្តទុកដាក់គិតគូរអំពីបញ្ហានានារបស់បងប្អូនប្រជាពលរដ្ឋផងដែរ។ ចំពោះការជួបប្រជុំ និងធ្វើការផ្សព្វផ្សាយ ថ្ងៃនេះដោយសារមានបងប្អូនប្រជាពលរដ្ឋមួយចំនួនតូច ពុំបានដឹងអំពីបញ្ហាខាងលើ ទើបស្នើសុំអោយមានការពន្យល់បំភ្លឺបន្ថែម។

លោកនុតពុធដារ៉ាបានបញ្ជាក់ទៀតថា៖ការងារនេះមន្ទីរៀបចំដែនដី នគរូបនីយកម្មសំណង់និងសុរិយោដីរាជធានីភ្នំពេញ ក៏បានធ្វើការបញ្ជាក់ជូនដល់ប្រជាពលរដ្ឋដែលបានទាមទារនូវការផ្តល់កម្មសិទ្ឋិដីធ្លីតាមទំហំកាន់កាប់ជាក់ស្តែង ដែលពុំទាន់ស្រុះស្រួលពីបញ្ហាព្រំដី រវាងក្រសួងឧស្សាហកម្មនិងសិប្បកម្ម និងប្រជាពលរដ្ឋ ដែលជាហេតុនាំឲ្យរដ្ឋបាលសុរិយោដីរាជធានីភ្នំពេញ ពុំទាន់ឈានដល់ការប្រកាសតំបន់វិនិច្ឆ័យចុះបញ្ជីដីធ្លីមានលក្ខណ:ជាប្រព័ន្ឋជូនបាន(ក្បាលដីមានវិវាទ)។
ប៉ុន្តែទោះជាយ៉ាងណា លោក អភិបាលរាជធានីភ្នំពេញ និងជាប្រធានគណ:កម្មការរដ្ឋបាល នឹងខិតខំរកមធ្យោបាយដោះស្រាយជាមួយសាមីក្រសួងនិងបងប្អូនប្រជាពលរដ្ឋនាពេលខាងមុខ ៕

អត្ថបទដែលជាប់ទាក់ទង