ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អភិបាលខេត្តកំពង់ចាម អំពាវនាវឲ្យបងប្អូនប្រជាពលរដ្ឋ ចូលរួមថែរក្សានិងការពារសន្តិភាពឲ្យបានគង់វង្ស ក្នុងឱកាសទិវាជាតិនៃការចងចាំ ២០ ឧសភា

93

កោកំពង់ចាម៖ ប្រធានគណៈបក្សប្រជាជនកម្ពុជា និងជាអភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម លោក​ គួច ចំរើន បានធ្វើការអំពាវនាវឲ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ចូលរួមថែរក្សានិងការពារសន្តិភាពឲ្យបានគង់វង្ស ។

ការអំពាវនាវបែបនេះបានធ្វើឡើងក្នុង«ទិវាជាតិនៃការចងចាំ ២០ ឧសភា » កាលពីព្រឹកថ្ងៃទី២០ ខែឧសភា ឆ្នាំ២០១៩ នៅមណ្ឌលឧក្រិដ្ឋកម្ម ភ្នំ ប្រុស ស្ថិតក្នុងឃុំក្រឡា ស្រុកកំពង់សៀម ខេត្តកំពង់ចាម ដោយមានការអញ្ជើញចូលរួមពី  លោក ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត រួមទាំងមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ព្រះសង្ឃ  លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងបងប្អូនប្រជាពលរដ្ឋជាច្រើននាក់ផងដែរ។

លោក​អភិបាលខេត្ត បានថ្លែងថា ការអានវិយោគថា ដោយអ្នកស្រី សម ផល្លា អនុប្រធាន មន្ទីរព័ត៌មានខេត្តកំពង់ចាម  ក្នុងពិធីនេះ គឺជាការរួម​ចំណែកតូចមួយនៃសោកនាដកម្ម ដ៏ឈឺផ្សា ដែលយើងមិនអាចបំភ្លេចបាន ដែលប្រជាពលរដ្ឋកម្ពុជាភាគច្រើនលើសលប់ បានដឹង និងយល់ច្បាស់អំពីរឿងរ៉ាវសោកនាដកម្ម ដ៏ជូរចត់ដែលខ្មែរបានឆ្លងកាត់ជិត៣ទសវត្សរ៍ ក្នុងភ្នក់ភ្លើងសង្គ្រាម និងទឹកភ្នែក ការកាប់សម្លាប់បំផ្លិចបំផ្លាញ ការជម្លៀសចេញពីទីលំនៅរបស់ខ្លួនដោយបង្ខំ និងការបង្ខំឲ្យធ្វើការដូចសត្វ គ្មានពេលសម្រាក ពេលឈឺគ្មានថ្នាំសង្កូវព្យាបាល គ្មានអាហារបរិភោគឆ្អែត គ្មានសិទ្ធិសេរីភាព គ្មានលទ្ធិប្រជាធិបតេយ្យ ហើយសូម្បីតែសិទ្ធិរស់រានមានជីវិត ដែលជាសិទ្ធិមូលដ្ឋាន មានពីកំណើតរបស់មនុស្សក៏គ្មានដែរ។

លោក​អភិបាលខេត្ត បានលើកឡើងថា សព្វថ្ងៃនេះ ក្រោយពីកម្ពុជាមានសន្តិភាពផុតពីសង្គ្រាម គឺពលរដ្ឋរស់នៅសុខស្រួលជាមួយក្រុមគ្រួសារ ហើយមានការងារ និងមុខរបបរធ្វើទៅតាមសមត្ថភាព និងចំណង់ចំណូលចិត្តរៀងៗខ្លួន ជាមួយនឹងមានជីវភាពរស់នៅធូរធារសមរម្យ។ សន្តិភាពបានផ្តល់ឱកាសគ្រប់យ៉ាង ដល់ពលរដ្ឋក្នុងការកសាងសង្គមគ្រួសារ, សហគមន៍  និងប្រទេសជាតិឲ្យកាន់តែរីកចម្រើន។ ដូច្នេះសូមបងប្អូនប្រជាពលរដ្ឋចូលរួមថែរក្សាការពារសន្តិភាពឲ្យបានគង់វង្សជារៀងរហូតតទៅ។

គួររំឭកថា ទិវាចងចាំ ២០ ឧសភា កន្លងទៅត្រូវបានគេហៅថា «ទិវាចងកំហឹង»។ ទិវានេះ ត្រូវបានសភា នៃសាធារណរដ្ឋ ប្រជាមានិត កម្ពុជានៅឆ្នាំ១៩៨៣ កំណត់យកជាថ្ងៃចងកំហឹងទៅនិងរបបខ្មែរក្រហមដែលបានកាប់សម្លាប់ប្រជាពលរដ្ឋ។ ថ្ងៃទី២០ ខែឧសភា ឆ្នាំ១៩៧៣ គឺជាថ្ងៃកំណើតរបស់សហករណ៍ នៃរបបកម្ពុជាប្រជាធិបតេយ្យខ្មែរក្រហម ដែលបានបន្តសង្គ្រាមរហូតឈានដល់ការគ្រប់គ្រងរាជធានីភ្នំពេញ នៅថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥៕

 

អត្ថបទដែលជាប់ទាក់ទង