ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ទិដ្ឋភាពបឹងទន្លេសាបពីលើអាកាស

117

ភ្នំពេញ៖ ទន្លេសាបជាបឹងទឹកសាបធំជាងគេនៅអាស៊ីអាគ្នេយ៍ ជាបឹងដែលផ្តល់ទិន្នផលត្រីច្រើនជាងគេលើពិភពលោក ជាជម្រកសត្វស្លាបទឹកធំជាងគេនៅក្នុងតំបន់ ជាកន្លែងដែលអាចប្រមូលផលសត្វពស់ច្រើនជាងគេលើពិភពលោក (៥លានក្បាលក្នុង ១ ឆ្នាំ) ហើយបាតុភូតដែលមានតែមួយនៅលើពិភពលោកគឺនៅពេលរដូវវស្សា ទន្លេសាបស្រូបយកទឹកពីជំនន់ទន្លេមេគង្គ ហើយនៅរដូវទឹកសម្រក គឺទន្លេសាបបញ្ចេញទឹកពីអាងរបស់ខ្លួនមកទន្លេមេគង្គវិញ។ នេះបើតាមការផ្សព្វផ្សាយលើបណ្ដាញសង្គម facebook របស់លោកនេត្រ ភក្រ្តា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថាន នៅថ្ងៃទី 21 ខែឧសភាឆ្នាំ 2019។

លោកនេត ភក្រ្តា បានលើកឡើងថា ទន្លេសាបជាបឹងទឹកសាបធំជាងគេនៅអាស៊ីអាគ្នេយ៍។ ប្រជាជនកម្ពុជាហៅបឹងទន្លេសាប ជាកូនសមុទ្រទឹកសាបដោយសារវិសាលភាពដ៏ធំរបស់បឹងនេះ។ បឹងទន្លេសាប ជាអាងស្តុកទឹកធម្មជាតិ និងជាជំរកមច្ឆជាតិដ៏សំខាន់សម្រាប់ប្រជាជនកម្ពុជា។ នៅរដូវប្រាំងបឹងមានទំហំតូច ប្រហែល ២៧០០ គ.ម២ និងមានជម្រៅជាង១ម៉ែត្រប៉ុណ្ណោះ។​ នៅរដូវវស្សាវិញ ទឹកទន្លេមេគង្គច្រាលឡើងតាមទន្លេសាប ចូលមក បឹងទន្លេសាប ធ្វើឱ្យបឹងនេះមានទំហំដល់ទៅជាង ១៦០០០ គ.ម២ និងជម្រៅដល់ទៅ ៩ម៉ែត្រ។ បឹងទន្លេសាប ពង្រីក​វិសាលភាពរបស់ខ្លួននៅរដូវវស្សា ដោយពង្វាតផ្ទៃទឹកចូលទៅតាមតំបន់ព្រៃរនាម ដែលនៅជុំវិញ បង្កលក្ខខណ្ឌអនុគ្រោះដល់ការពងកូនរបស់មច្ឆាជាតិ។ កត្តានេះហើយដែលធ្វើឱ្យបឹងទន្លេសាប ក្លាយជាប្រភពត្រីទឹកសាបធំជាងគេនៅលើពិភពលោក។ បឹងទន្លេសាប ផ្គត់ផ្គង់ជីវភាព​ប្រជាជនកម្ពុជាប្រមាណជាង ៣លាននាក់ ផ្តល់ត្រីទឹកសាប ៧៥%នៃផលិតផលត្រីទឹកសាបសរុបក្នុង​ប្រទេស។

ចរន្តទឹកដែលហូរបញ្ច្រាស់គ្នាចូលនិងចេញពីបឹងទន្លេសាប ជាលក្ខខណ្ឌការពារទឹកជំនន់នៅរដូវវស្សា និង ការខ្វះខាតទឹកនៅរដូវប្រាំង។ នៅរដូវវស្សា បឹងទន្លេសាបផ្តល់៥០%នៃទឹកដែលហូរទៅស្រោចស្រប់តំបន់ដីសណ្តរទន្លេមេគង្គ។

ដៃបឹងទន្លេសាបមានដូចជា÷

ដៃបឹងទន្លេសាបខាងឆ្វេងមាន÷
ស្ទឹងស្រែង មានប្រភពពីភ្នំដងរែក
ស្ទឹងសៀមរាប មានប្រភពមកពីភ្នំគូលែន
ស្ទឹងរលួស
ស្ទឹងជីក្រែង
ស្ទឹងស្ទោង
ស្ទឹងសែន ដែលមានប្រវែង ៤៥០គ.ម។

ដៃបឹងទន្លេសាបខាងស្ដាំមាន÷
ស្ទឹងសេរីសោភ័ណ្ឌ
ស្ទឹងមង្គលបូរី
ស្ទឹងសង្កែ
ស្ទឹងមោង(ស្ទឹងដូនតី)
ស្ទឹងស្វាយដូនកែវ
ស្ទឹងពោធិ៍សាត់
ស្ទឹងបូរិបូណ៍ ៕

អត្ថបទដែលជាប់ទាក់ទង