ឃាត់ខ្លួនជនសង្ស័យចំនួន ០២នាក់ ពាក់ព័ន្ធករណី ជួញដូរ-ប្រើប្រាស់សារធាតុញៀន និងប្រើប្រាស់អាវុធខុសច្បាប់
(បន្ទាយមានជ័យ)៖ នៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០១៩ វេលាម៉ោង ០៥ និង ៣០នាទី នៅចំណុចម្តុំកាស៊ីណូផ្កាយប្រាំ ស្ថិតក្នុងភូមិក្បាលស្ពាន១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ដឹកនាំដោយលោកវរសេនីយ៍ទោ អ៊ុ សាខន នាយរងសេនាធិការ ប្រចាំការមូលដ្ឋានកងរាជអាវុធហត្ថក្រុង បានចុះប្រតិបត្តិការបង្រ្កាបករណី ជួញដូរ-ប្រើប្រាស់នូវសារធាតុញៀនខុសច្បាប់ និងប្រើប្រាស់អាវុធខុសច្បាប់ និងឃាត់ខ្លួនជនសង្ស័យបានចំនួន ០២នាក់ ។
លោកវរសេនីយ៍ទោ អ៊ុ សាខន បានអោយដឹងថា ៖ នៅវេលាម៉ោង ១៥ និង ០០នាទី នាថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០១៩ លោកបានទទួលព័ត៌មានស្តីពីករណី ជួញដូរ-ប្រើប្រាស់នូវសារធាតុញៀនខុសច្បាប់ និងប្រើប្រាស់អាវុធខុសច្បាប់ នៅចំណុចកើតហេតុខាងលើ និងដោយមានការសម្របសម្រួលពីលោកស្រី ឆេង ហាក់ងិង ព្រះរាជអាជ្ញាររងអមសាលដំបូងខេត្ត លោកបានដឹកនាំកម្លាំងចុះប្រតិបត្តិការបង្រ្កាបភ្លាមៗនៅនឹងកន្លែងតែម្តង រហូតឃាត់ខ្លួនជនសង្ស័យបានចំនួន ០២នាក់ ១-ឈ្មោះ អ៊ុច សារ៉េច ភេទ ប្រុស អាយុ ១៩ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ បច្ចុប្បន្នរស់នៅភូមិក្បាលកោះ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ២-ឈ្មោះ អិន ឈិនអ៊ី ភេទ ប្រុស អាយុ ១៩ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ បច្ចុប្បន្នរស់នៅភូមិគីឡូត៍ម៉ែត្រលេខ៤ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត និងដកហូតវត្ថុតាងរួមមាន ៖ -គ្រឿងញៀនមេតំហ្វេតាមីន ទឹកកក ចំនួន ០៩ថង់ ស្មើ ១៥.០៣ក្រាម -គ្រឿងញៀនមេតំហ្វេតាមីនគ្រាប់ ចំនួន ០៨ថង់ ស្មើ ១០.០៨ក្រាម -កាំបិតស៊ាំម៉ូរ៉ៃ ចំនួន ០១ដើម ។ ក្រោយទទួលបានចម្លើយសារភាពរបស់ជនសង្ស័យ លោកបានកសាងសំណុំរឿងបញ្ជូនជនសង្ស័យ រួមជាមួយវត្ថុតាង ទៅទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត ដើម្បីចាត់ការបន្តតាមនីតិវិធី ។
ដោយបានការអនុញ្ញាតពីលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ លោកវរសេនីយ៍ឯក ស ប៊ុនសឿង មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត ទទួលការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន បានចាត់តាំងមន្ត្រីជំនាញ ដើម្បីចាត់ការបន្តតាមនីតិវិធី ។
លោកវរសេនីយ៍ឯក ស ប៊ុនសឿង បានបញ្ជាក់ថា ៖ ក្រោយពីធ្វើការសាកសួរ ជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនពិតជាបាន ជួញដូរ ប្រើប្រាស់សារធាតុញៀន និងប្រើប្រាស់អាវុធដោយខុសច្បាប់ពិតប្រាកដមែន ។ ផ្អែកលើចម្លើយសារភាពរបស់ជនសង្ស័យ យោងតាមរបាយការណ៍របស់មូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត និងយោងលើវត្ថុតាង ជនសង្ស័យខាងលើ អាចត្រូវចោទពីបទ ជួញដូរ-ប្រើប្រាស់នូវសារធាតុញៀនខុសច្បាប់ និងប្រើប្រាស់អាវុធខុសច្បាប់ បច្ចុប្បន្នកម្លាំងជំនាញបានកសាងសំណុំរឿងបញ្ជូនជនសង្ស័យ រួមជាមួយវត្ថុតាង ទៅតុលាការដើម្បីចាត់ការទៅតាមនីតិវិធី ៕