ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

គោឧសភរាជ បរិភោគគ្រាប់ធញ្ញជាតិពោត ស្រូវ និងសណ្តែក ដោយឡែកល្ង ស្មៅ ស្រា ជាង៨០ភាគរយ

64


តាកែវ៖ គោឧសភរាជ បានបរិភោគគ្រាប់ធញ្ញជាតិចំនួន ៧មុខ រួមមាន ស្រូវ ពោត សណ្តែក ល្ង ស្មៅ ស្រា និងទឹកដែល
ក្នុង នោះ គឺគោឧសភរាជបរិភោគស្រូវ ៨៥ភាគរយ ពោត ៩០ភាគរយ និងសណ្តែក ៨៨ភាគរយ ដោយឡែកល្ង ស្មៅ ស្រា និងទឹក គោមិនបរិភោគនោះទេ។

តាមការផ្សងរបស់គោឧសភរាជ បានបង្ហាញឲ្យដឹងថា ការបង្កបង្កើនផលនៅឆ្នាំ២០១៩នេះ ស្រូវ ពោត និងសណ្តែក ទទួលបានផលល្អប្រសើរ ដោយឡែកល្ង ស្មៅ ស្រា និងទឹក គោឧសភរាជមិនបរិភោគនោះឡើយ។ លទ្ធផលនៃការផ្សងនេះ គឺដូចគ្នាទៅនឹងឆ្នាំ២០១៨។

ព្រះរាជពិធីច្រត់ព្រះនង្គ័លក្រោមព្រះរាជាធិបតីព្រះមហាក្សត្រ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ត្រូវបានធ្វើឡើងនាព្រឹកថ្ងៃពុធ ០៤រោច ខែពិសាខ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៩នេះ ស្ថិតក្នុងកីឡដ្ឋានក្រុងដូនកែវ ខេត្តតាកែវ។ តាម ព្រះរាជបវេណី បែបព្រហ្មញ្ញសាសនា ព្រះរាជពិធីត្រូវបានប្រារព្ធឡើងជាបន្តបន្ទាប់តាមលំអាន។
តាមលំអានព្រះរាជប្រវេណីមុននឹងការចាប់ផ្តើមព្រះរាជពិធី តាអាចារ្យបានធ្វើពិធីបួងសួងដល់ទសបរមី ទេវតាថែរក្សាប្រទេសកម្ពុជា និងវត្ថុស័ក្តិសិទ្ធិក្នុងលោកប្រោសព្រំប្រសិទ្ធព្រះពុទ្ធពរជ័យសេរីមហាប្រសើរថ្វាយព្រះមហាក្សត្រខ្មែរ និងព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ និងប្រជារាស្ត្រខ្មែរ ក៏ដូចជាសុំឱ្យទឹកភ្លៀងធ្លាក់បរិបូរណ៍ទៀងទាត់តាមកាលវេលា និងសូមឱ្យការបង្កបង្កើនផលទទួលបានផលល្អប្រសើរ។

លោក អ៊ូច ភា អភិបាលខេត្តតាកែវ ដែលព្រះមហាក្សត្ររាជានុញ្ញាតធ្វើជាស្តេចមាឃ តំណាងដ៏ខ្ពង់ខ្ពស់របស់ព្រះអង្គ បានចាប់ផ្តើមភ្ជួរលើវាលព្រះស្រែ និងព្រោះគ្រាប់ស្រូវដោយលោកស្រី ស្រី ប៊ុណ្ណាដាវី ភរិយាលោក អ៊ូច ភា ដែលជ្រើសតាំងជាមេហួ ចំនួន៣ជុំ។
ព្រាហ្មណ៍ ព្រះរាជ គ្រូបុរោហិត បានធ្វើពិធីសូត្រមន្តប្រោសព្រំទឹកលើគោឧសភរាជ និងដោះយកគោឧសភរាជទៅបរិភោគគ្រាប់ធញ្ញជាតិចំនួន ៧មុខ រួមមាន៖ ស្រូវ ពោត សណ្តែក ល្ង ស្មៅ ស្រា និងទឹក ដែលបានរៀបចំទុករួចជាស្រេចនោះ។
ក្នុងចំណោមធញ្ញជាតិទាំង ៧មុខនោះ គោឧសភរាជបរិភោគស្រូវ ៨៥ភាគរយ ពោត ៩០ភាគរយ និងសណ្តែក ៨៨ភាគរយ ដោយឡែកល្ង ស្មៅ ស្រា និងទឹក គោមិនបរិភោគនោះទេ។

សូមបញ្ជាក់ថា ព្រះរាជពិធីបុណ្យច្រត់ព្រះនង្គ័ល ជាព្រះរាជ
បវេណីដ៏សំខាន់ចាត់ទុកជាវប្បមង្គលមួយដ៏ប្រសើរ របស់ប្រជាពលរដ្ឋកម្ពុជា ដែលមហាក្សត្រគ្រប់ព្រះអង្គតែងតែដឹកនាំធ្វើពុំដែលខានតាំងពីបុរាណកាលរៀងមក ដើម្បីជាការប្រកាសដល់ប្រជាពលរដ្ឋខ្មែរថារដូវបង្កបង្កើនផល រដូវធ្វើស្រែបានចូលមកដល់ហើយ។
ព្រះរាជពិធីនេះកាលពីដើមឡើយតែងតែប្រារព្ធធ្វើឡើងនៅវាលព្រះមេរុនៅខាងជើងជាប់ព្រះបរមរាជវាំង តែប៉ុន្មានឆ្នាំចុងក្រោយនេះ ព្រះរាជពិធីត្រូវព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ទ្រង់ ព្រះរាជានុញ្ញាតឱ្យធ្វើនៅតាមខេត្តវិញម្តង ដើម្បីឱ្យប្រជាពលរដ្ឋខ្មែរបានចូលរួមទស្សនា។

ព្រះបរមរាជវាំង បានប្រកាសថា នាវេលាព្រឹកថ្ងៃពុធ ៤រោច ខែពិសាខ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៩ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គសព្វព្រះរាជហឫទ័យស្តេចយាងជាព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុត ក្នុងព្រះរាជពិធីទា្វទសមាស ច្រត់ព្រះនង្គ័ល នៅទីព្រះស្រែ ភូមិត្រពាំងអង្គ សង្កាត់រកាក្រៅ ក្រុងដូនកែវ ខេត្តតាកែវ ដោយមានការយាងនិងអញ្ជើញចូលរួមដោយ ព្រះរាជវង្សានុវង្ស ឥស្សរជនជាន់ខ្ពស់ និងថ្នាក់ដឹកនាំនៃរាជរដ្ឋាភិបាលគ្រប់លំដាប់ថ្នាក់ បណ្តាអង្គទូតនានា ប្រចាំព្រះរាជាណាចក្រកម្ពុជា ព្រមទាំងភ្ញៀវជាតិ និងអន្តរជាតិជាច្រើនផងដែរ។

ក្នុងឱកាសដ៏ឧត្តុង្គឧត្តមនោះ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សព្វព្រះរាជហឫទ័យស្តេចយាងទត ពិព័រណ៍ ផលិតផលកសិកម្ម និងសិប្បកម្មកែច្នៃផលិតកម្មកសិកម្មក្នុងស្រុក ដែលបានរៀបចំឡើង ដើម្បីឆ្លុះបញ្ចំងឲ្យឃើញពីភាពរីកចម្រើនឥតឈប់ឈរចំពោះវិស័យកសិកម្មជាតិ ដែលព្រះរាជាណាចក្រកម្ពុជា សម្រេចបាននាពេលកន្លងមក។

ព្រះរាជពិធីបុណ្យប្រពៃណីនេះ ធ្វើឡើងក្នុងគោលបំណងផ្សងមើលប្រផ្នូលរបស់ស្រុកទេស ទៅតាមការបរិភោគរបស់ «គោឧសភរាជ» និងម្យ៉ាងទៀតក៏ជាការដាស់តឿន ក្រើនរំឭកដល់ប្រជាជនខ្មែរ ដែលពឹងផ្អែកលើការធ្វើកសិកម្មជាចម្បងនោះ ឱ្យបានដឹងថា រដូវវស្សាបានចូលមកដល់ហើយ ក៏ដូចជាបង្ហាញឲ្យឃើញនូវព្រះរាជហឫទ័យទុកដាក់ខ្ពស់ នៃព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ចំពោះកូនចៅប្រជានុរាស្រ្តរបស់ព្រះអង្គ និងចំពោះវិស័យកសិកម្មជាតិ៕


អត្ថបទដែលជាប់ទាក់ទង