លោតឌីស្យុងទ័រទ្វារចរន្តតង់ស្យុងខ្ពស់ ២៣០គីឡូវ៉ុល ពីអនុស្ថានីយ៍តាកែវ (GS TK) បណ្ដាលឲ្យដាច់ភ្លើងរាជធានីភ្នំពេញ និងតាមបណ្តាខេត្តមួយចំនួន
ភ្នំពេញ៖ អគ្គិសនីកម្ពុជាបានជូនដំណឹងថា នៅរសៀលនេះ លោតឌីស្យុងទ័រទ្វារចរន្តតង់ស្យុងខ្ពស់ ២៣០គីឡូវ៉ុល ពីអនុស្ថានីយ៍តាកែវ (GS TK) តភ្ជាប់មករាជធានីភ្នំពេញ បណ្តាលឲ្យដាច់ចរន្តអគ្គិសនីនៅរាជធានីភ្នំពេញ និងខេត្តមួយចំនួន ក្នុងពេលដែលមេឃកំពុងធ្លាក់ភ្លៀងយ៉ាងខ្លាំងនៅរាជធានីភ្នំពេញ។
អគ្គិសនីកម្ពុជាបានបញ្ជាក់ថា នៅថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៩ វេលាម៉ោង១៤:១០នាទីរសៀល មានករណីលោតឌីស្យុងទ័រទ្វារចរន្តតង់ស្យុងខ្ពស់២៣០គីឡូវ៉ុល ពីអនុស្ថានីយតាកែវ (GS TK) មករាជធានីភ្នំពេញ ដែលបណ្តាលឲ្យដាច់ចរន្តអគ្គិសនីនៅ រាជធានីភ្នំពេញ និង ខេត្តមួយចំនួន។
ក្រុមការងារបច្ចេកទេសកំពុងធ្វើការពិនិត្យ ដើម្បីស្តារប្រព័ន្ធ និងភ្ជាប់ចរន្តជូនអតិថិជនឲ្យឆាប់មានចរន្តអគ្គិសនីប្រើប្រាស់ឡើងវិញ នៅពេលទទួលបានព័ត៌មានបន្ថែមអំពីការដាច់ចរន្តអគ្គិសនីនេះ យើងខ្ញុំនឹងជូនដំណឹងជាបន្តបន្ទាប់ទៀត ។
អាស្រ័យហេតុនេះ សូមសម្តេច ទ្រង់ ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា លោក លោកស្រី មេត្តាជ្រាបជាព័ត៌មាន និងសូមអធ្យាស្រ័យចំពោះការដាច់ចរន្តអគ្គិសនី នេះដោយអនុគ្រោះ៕