ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រោងចក្រម្ជុល ត្រូវភ្លើងឆេះបំផ្លាញសម្ភារៈខ្ទេចអស់ទាំងស្រុង

121


ភ្នំពេញ៖ រោងចក្រផលិតម្ជុល នៅខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ត្រូវបានភ្លើងឆេះបំផ្លាញទ្រព្យសម្បត្តិសម្ភារៈខ្ទេចទាំងស្រុង ទោះបីជាសមត្ថកិច្ចបាន ប្រើរថយន្តពន្លត់អគ្គិភ័យអស់ ៤១គ្រឿង និងឡានទឹកអស់ ៤៦ឡានចេញជួយអន្តរាគមន៍យ៉ាងណាក្តី។

បើយោងតាមរបាយការណ៍ នាយកដ្ឋានបង្ការ និងពន្លត់អគ្គិភ័យ នៃក្រសួងមហាផ្ទៃ នៅយប់ថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០១៨នេះ បានបញ្ជាក់ថា ករណីអគ្គិភ័យឆាបឆេះរោងចក្រផលិតម្ជុល នៅខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ បានបំផ្លាញទ្រព្យសម្បត្តិខ្ទេចទាំងស្រុង។ នៅម៉ោង ២៖២០នាទីរសៀលថ្ងៃនេះ រោចក្រផលិតម្ជុលឈ្មោះ មិកូដុ ក្នុងតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ ស្ថិតតាមបណ្តោយផ្លូវជាតិលេខ៤ ភូមិភ្លើងឆេះរទេះខាងលិច សង្កាត់ភ្លើងឆេះរទេះ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ត្រូវភ្លើងឆេះ។ រោងចក្រនេះ​ជាប្រភេទសំណង់ ថ្មប្រក់ស័ង្កសី ទំហំ ៤៥ម៉ែត្រគុណនឹង៦៩ម៉ែត្រ មានម្ចាស់ឈ្មោះ គីម សុវណ្ណភូមិ ភេទប្រុស អាយុ៣៣ឆ្នាំ មុខរបរ អ្នកចាត់ការទូទៅ និងពាណិជ្ជកម្មអន្តរជាតិ (តំណាងរោងចក្រ)។

មូលហេតុ នៃការឆេះនេះ ត្រូវបានសមត្ថកិច្ចកំណត់ថា បណ្តាលមកពីឆ្លងចរន្តអគ្គិសនី ដែលបណ្តាលឲ្យខូចខាតឆេះរោងចក្រអស់ រួមទាំងសម្ភារៈមួយចំនួន រួមមាន ម៉ាស៊ីនដោតម្ចុលចំនួន ១០គ្រឿង ម៉ាស៊ីនជ្រលក់ពណ៌ចំនួន ៣គ្រឿង ម៉ាស៊ីនរែងម្ចុលចំនួន ១គ្រឿង ម៉ាស៊ីនសម្ងួតម្ចុលចំនួន ៣គ្រឿង ឆេះផលិតផលសម្រេចអស់ ១០០ភាគរយ។

ករណីគ្រោះអគ្គិភ័យនេះ ពុំបណ្តាលឲ្យឆេះរាលដាល ដល់រោងចក្រដែលនៅក្បែរខាង និងមិនបណ្តាលឲ្យមានអ្នកស្លាប់ ឬរបួសឡើយ ហើយត្រូវបានពន្លត់ចប់នៅម៉ោង ៤៖០០នាទីល្ងាច នាថ្ងៃដដែល៕

 

អត្ថបទដែលជាប់ទាក់ទង