អ្នករកស៊ីជាន់ខ្ពស់គឺឡើងត្នោត បង្កគ្រោះថ្នាក់ដល់ជីវិត កសិករម្នាក់បានស្លាប់ចោលប្រពន្ធ និងកូន២នាក់ ដោយសារធ្លាក់ពីលើដើមត្នោត
ខេត្តកណ្ដាល៖ បុរសម្នាក់បានស្លាប់ដោយធ្លាក់ពីលើដើមត្នោត នៅភូមិត្រពាំងអណ្តូង ឃុំសំរោងលើ ស្រុកអង្គស្នួល ខេត្តកណ្តាល ស្លាប់ចោលប្រពន្ធនិងកូនពីរនាក់ នៅវេលាម៉ោង១៣និង៣៥នាទី ថ្ងៃព្រហស្បត្តិ៍ ទី២៣ ខែឧសភា ឆ្នាំ២០១៩។
ប្រពន្ធរបស់សព បានឲ្យដឹងថា គាត់បាន
ពឹងបងថ្លៃឲ្យជួយទៅរកមើលប្តីគាត់ព្រោះ បាត់យូរពេក ពេលនោះបងថ្លៃឈ្មោះ លៀង រីម ភេទប្រុស អាយុ៥៨ឆ្នាំ មុខរបរកសិករ នៅភូមិ ឃុំ កើតហេតុខាងលើ បានមកប្រាប់គាត់ថា៖ ប្តីរបស់ឯងបានធ្លាក់ពីលើដើមត្នោតស្លាប់បាត់ហើយ ពេលឮបងថ្លៃនិយាយដូចនេះ គាត់ក៏ទៅមើលឃើញប្តីធ្លាក់ ពីលើដើមត្នោតស្លាប់មែន។
ជនរងគ្រោះ ឈ្មោះ កែវ លាក់ ភេទប្រុស អាយុ៥៩ឆ្នាំ រស់នៅភូមិកើតហេតុ។
សមត្ថកិច្ចស្រុកអង្គស្នួល បានចុះមកដល់កន្លែងកើតហេតុ ដោយមានចូលរួមពីនគរបាលប៉ុស្តិ៍រដ្ឋបាល លោកក្រុមប្រឹក្សាឃុំ គ្រូពេទ្យ មេភូមិ ប្រពន្ធសព បានធ្វើការពិនិត្យ លើសព ឃើញថាគ្មានស្លាកស្នាមអ្វីផ្សេងទេ ដោយ
លោកគ្រូពេទ្យ និងជំនាញ បានសន្និដ្ឋានថា ពិតជាស្លាប់ដោយសារ ធ្លាក់ពីលើដើមត្នោតប្រាកដមែន ដោយសារដាច់ខ្សែបង្អោងឬស្សី បណ្តាលឲ្យធ្លាក់ទាំងបង្អោង និងមនុស្ស មកជាមួយគ្នា ពីលើដើមត្នោត ដល់ដី៕