នឹងបញ្ជូនកីឡាលើកទម្ងន់៨នាក់ទៅហាត់នៅចិនត្រៀម SEA GAMESនៅប្រទេសហ្វីលីពីន
ភ្នំពេញ៖សហព័ន្ធកីឡាលើកទម្ងន់កម្ពុជាបានប្រកាសឲ្យដឹងពី ការបញ្ជូនកីឡាករកីឡាការិនីរបស់ខ្លួន ទៅធ្វើការហ្វឹកហាត់នៅប្រទេសចិន រយៈពេលយូរដើម្បីត្រៀមខ្លួនសម្រាប់ព្រឹត្តិការណ៍ការប្រកួតកីឡា SEA GAMES ២០១៩ លើកទី៣០ នៅប្រទេសហ្វីលីពីន។
លោកវ៉ាត់ ចំរើនដែលជាប្រធានសហព័ន្ធកីឡាលើកទម្ងន់កម្ពុជា បានមានប្រសាសន៍ថាសហព័ន្ធនឹងបញ្ជូន កីឡាករ-កីឡាការិនីរបស់ខ្លួនចំនួន៨នាក់ទៅធ្វើការហ្វឹកហាត់នៅប្រទេសចិនមុនពេលការប្រកួតកីឡា SEA GAMES ២០១៩ លើកទី៣០ចាប់ផ្តើមការប្រកួត។
លោកបានបន្តថា សម្រាប់ប្រភេទទម្ងន់ដែលសហព័ន្ធត្រូវទៅចូលរួម SEA GAMESឆ្នាំនេះរួមមាន បុរសមានក្នុងប្រភេទទម្ងន់ ៥៥ គីឡូក្រាមទម្ងន់ ៦១គីឡូក្រាម ទម្ងន់ ៦៧ គីឡូក្រាម និងទម្ងន់៧៣ គីឡូក្រាម
និងនារីមានក្នុងប្រភេទទម្ងន់ ៤៥ គីឡូក្រាមទម្ងន់ ៤៩គ.ក្រ ៥៥គីឡូក្រាម និងទម្ងន់៥៩គីឡូក្រាម។
លោកប្រធានសហព័ន្ធបានដាស់តឿន សុំឲ្យកីឡាករកីឡាការិនីនៅពេល ទៅដល់ប្រទេសចិនត្រូវខិតខំប្រឹងប្រែង ហាត់ឲ្យបានម៉ត់ចត់និងឲ្យអស់ ពីសមត្ថភាពដើម្បីដណ្តើមមេដាយ ជូនប្រទេសកម្ពុជាយើងហើយលោកអរគុណដល់ កីឡាការិនីខ្មែរឥស្លាមដែល បានក្លាយជាកីឡាការិនីលើកទម្ងន់តំណាង ឲ្យកម្ពុជាចូលរួមការប្រកួតកីឡាSEA GAMESនៅហ្វីលីពីន៕