ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

គ.ជ.ប ៖ ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា អាណត្តិទី៣បានប្រព្រឹត្តទៅដោយរលូននិងគ្មានការរារាំង

107
ភ្នំពេញ ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានដឹងថា ដំណើរការនៃការបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សា រាជធានីខេត្តក្រុងស្រុកខណ្ឌនិងការរាប់សន្លឹកឆ្នោតបានប្រព្រឹត្តទៅដោយរលូនគ្មានការរារាំង គ្មានអំពើហិង្សា គ្មានការគំរាមកំហែង និងមានសន្តិសុខសណ្ដាប់ធ្នាប់ល្អ។
  ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាអាណត្តិទី៣ ឆ្នាំ២០១៩ បានប្រព្រឹត្តទៅនៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៩ នេះ។
  គ.ជ.ប បានឲ្យដឹងថា ថ្ងៃអាទិត្យ ទី២៦ ខែឧសភា ឆ្នាំ២០១៩ ដែលជាថ្ងៃបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា អាណត្តិទី៣ ការិយាល័យបោះឆ្នោតទូទាំងប្រទេស ដែលមានចំនួន ២០៣ការិយាល័យ បានបើកឱ្យដំណើរការ​ព្រមៗ​គ្នានៅម៉ោង ៧ព្រឹក ដោយគ្មានការរាំងស្ទះ។​ ដោយសារអ្នកបោះឆ្នោត គឺជាសមាជិកក្រុមប្រឹក្សា​ឃុំ សង្កាត់ក្នុងមុខតំណែង ដូចនេះមានការិយាល័យបោះឆ្នោតក្នុងខេត្តខ្លះ ត្រូវបានបិទបញ្ចប់ការបោះ​ឆ្នោត​​ជាបន្តបន្ទាប់ដោយអ្នកបោះឆ្នោតបានមកបោះឆ្នោតគ្រប់ចំនួន ហើយគណៈកម្មការការិយាល័យបោះឆ្នោត ក៏បានបន្តនីតិវិធីជាបន្តបន្ទាប់ ដើម្បីរាប់សន្លឹកឆ្នោតជាបន្តទៀត។
   គិតត្រឹមម៉ោង ១០:៣០ព្រឹក ក្នុងចំណោមការិយាល័យបោះឆ្នោតទាំង ២០៣ការិយាល័យ​ មានការិយាល័​​យ​បោះឆ្នោតចំនួន ១៩៦ការិយាល័យ ត្រូវបានបិទបញ្ចប់ការបោះឆ្នោត និងការិយា​ល័យ​បោះឆ្នោត ចំនួន ៧ ទៀតមិនទាន់បិទការបោះឆ្នោត ដោយសារមានអ្នកមិនទាន់បានបោះឆ្នោតចំនួន ១០នាក់ ក្នុងនោះមានអ្នកបោះឆ្នោត ចំនួន ១នាក់ បានទទួលមរណភាព ដោយគ្រោះថ្នាក់ចរាចរណ៍​ (ឃុំក្រែក ស្រុក​ពញាក្រែក ខេត្តត្បូងឃ្មុំ) និងមានការិយាល័យរាប់សន្លឹកឆ្នោត ចំនួនជាង ៥០% បានបញ្ចប់ការរាប់សន្លឹកឆ្នោត៕
អត្ថបទដែលជាប់ទាក់ទង