មន្ត្រីចុះរុះរើស្លាកយីហោអាជីវកម្មជនជាតិចិន ដែលប្រើប្រាស់ពាក្យពេចន៍មិនត្រឹមត្រូវ
(ព្រះសីហនុ)៖ មន្ត្រីនៃមន្ទីរពាណិជ្ជកម្មខេត្តព្រះសីហនុ សហការជាមួយអាជ្ញាធរមូលដ្ឋាន ចុះរុះរើស្លាកយីហោអាជីវកម្មជនជាតិចិន ចំនួនពីរទីតាំង ដែលទី១ គឺជាហាងលក់សម្លៀកបំពាក់ ឈ្មោះថា «ក្មេងស្រីជនជាតិចិន» និងទី២ គឺជាហាងលក់ម្ហូបឈ្មោះថា «តូបលក់សាច់កម្ពុជា»។
លោក វ៉េង សុធី រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានដឹកនាំមន្រ្តី
ចុះទម្លាក់ស្លាកយីហោអាជីវកម្មខាងលើ បន្ទាប់ពីបានពិនិត្យឃើញថាហាងទាំងពីរនេះ បានប្រើប្រាស់ពាក្យពេចន៍ខ្មែរមិនត្រឹមត្រូវ ដែលបានមកពីការបកប្រែភាសាអង់គ្លេស របស់ជនជាតិចិនដែលជាម្ចាស់ហាង និងពុំមានច្បាប់អនុញ្ញាតប្រកបអាជីវកម្ម ពីមន្ទីរពាណិជ្ជកម្មខេត្ត ក៏ដូចជាច្បាប់អនុញ្ញាតពីស្ថាប័នពាក់ព័ន្ធផ្សេងទៀត។
នៅក្នុងឱកាសនោះ លោក រដ្ឋលេខាធិការ វ៉េង សុធី បានធ្វើការណែនាំ និងពន្យល់ជនជាតិចិនម្ចាស់ហាង អំពីច្បាប់ស្តីពីសហគ្រាសពាណិជ្ជកម្ម ច្បាប់ស្តីពីវិធានពាណិជ្ជកម្ម និងបញ្ជីពាណិជ្ជកម្ម ច្បាប់ស្តីពីពាណិជ្ជនាម ព្រមទាំងនីតិវិធីក្នុងការស្នើសុំនាមករណ៍ផ្លូវការសម្រាប់អាជីវកម្ម ឬ ក្រុមហ៊ុននៅក្នុងប្រទេសកម្ពុជា។
«យើងបានប្រាប់គាត់ឱ្យបំពេញលក្ខខណ្ឌបីចំនុច ទី១ ត្រូវប្រើប្រាស់ពាក្យពេចន៍ឱ្យបានត្រឹមត្រូវ ចំពោះស្លាកយីហោជាភាសាខ្មែរ ទី២ ការលើកស្លាកយីហោ ត្រូវសុំការអនុញ្ញាតជាមុនពីក្រសួង ឬមន្ទីរពាណិជ្ជកម្ម និងស្ថាប័នពាក់ព័ន្ធ និងទី៣ ការដាក់ពាក្យសុំលើកស្លាកយីហោអាជីវកម្ម ត្រូវធ្វើតាមរយៈច្រកចេញចូលតែមួយ របស់សាលារាជធានី ឬខេត្ត» លោក រដ្ឋលេខាធិការ វ៉េង សុធី បានគូសបញ្ជាក់។
ទន្ទឹមគ្នានោះដែរ លោក រដ្ឋលេខាធិការ ក៏បានលើកឡើងពីកិច្ចប្រឹងប្រែងរបស់ក្រសួងពាណិជ្ជកម្ម ក្នុងការលើកកម្ពស់បរិយាកាសធុរកិច្ច និងវិនិយោគ ព្រមទាំងការខិតខំពង្រឹងអនុវត្តន៍ច្បាប់កម្មសិទ្ធិបញ្ញា និងច្បាប់ពាក់ព័ន្ធ នៅក្នុងប្រទេសកម្ពុជា ដើម្បីធានាដល់ការលូតលាស់នៃវិស័យឯកជន ដែលជាក្បាលម៉ាស៊ីនដ៏សំខាន់នៃកំណើនសេដ្ឋកិច្ចជាតិ៕