ប្រមុខអត្តពលកម្មយកប្រាក់ផ្ទាល់ខ្លួន លើកទឹកចិត្តកីឡាការិនីដែល បានមេដាយសំរឹទ្ធនៅ“Thailand Open “
ភ្នំពេញ៖ថ្មីៗនេះលោក អ៊ុក សិទ្ធិជាតិ ប្រធានសហព័ន្ធខ្មែរអត្តពលកម្មស្ម័គ្រចិត្តបាន ជួបសំណេះសំណាល និងផ្តល់ប្រាក់រង្វាន់លើកទឹកចិត្តចំនួន២ លានរៀលជូន ជយលាភីដល់កីឡាការិនីអត្តពលកម្មកម្ពុជា ប៊ូ សំណាង ទទួលបានមេដាយ សំរឹទ្ធមួយ គ្រឿងនៃព្រឹត្តិការណ៍ការប្រកួត“Thailand Open track and field 2019” លើវិញ្ញាសាររត់ចម្ងាយ ៣,០០០ម៉ែត្រ អាយុក្រោម១៨ឆ្នាំ( U18)នៅប្រទេសថៃ។
លោក អ៊ុក សិទ្ធិជាតិបានមានប្រសាសន៍ថា ថវិកាចំនួន២លានរៀលផ្តល់ជូនដល់កីឡាការិនីអត្តពលកម្មកម្ពុជា ប៊ូ សំណាង ទទួលបានមេដាយសំរឹទ្ធគ្រឿងជាថវិកាផ្ទាល់របស់លោក ក្នុងនាមលោកជាប្រធានសហព័ន្ធ ។ លោកបានបន្តថា សូមឲ្យកីឡាករ-កីឡាការិនីដទៃដែលមិនទទួលបាន មេដាយត្រូវខិតខំប្រឹងប្រែងហ្វឹកហាត់បន្ថែមទៀត ដើម្បីទទួលគុណផលល្អនា ពេលខាងមុខនេះ។
លោក បូរ ពុធរាត្រី ជាអគ្គលេខាធិការរងនៃសហព័ន្ធខ្មែរអត្តពលកម្មស្ម័គ្រចិត្តបាន រាយការណ៍ថា សហព័ន្ធបានបញ្ជូនកីឡាករ- កីឡាការិនីចំនួន៦នាក់ និងគ្រូបង្វឹក២ នាក់ចូលរួមព្រឹត្តិការណ៍ “Thailand Open ” នៅទីក្រុងបាងកក ប្រទេសថៃ ដោយការប្រកួត នឹងប្រព្រឹត្តចាប់ថ្ងៃទី១៦ រហូតដល់ថ្ងៃទី២២ ខែឧសភា កន្លងមក។
សម្រាប់កីឡាករ- កីឡាការិនីចំនួន៦នាក់រួមមាន កីឡាករ សឹម សាមឌី ប្រកួតលើវិញ្ញាសាចោលដុំដែក កីឡាករ ទត សាលីន ប្រកួតលើវិញ្ញាសារត់ ចម្ងាយ១០០ និង២០០ម៉ែត្រ កីឡាករ ផាត សុភុត កីឡាករ យ៉ាតពិទូ ចាន់ទិវា ប្រកួតលើ វិញ្ញាសា២០០ និង៤០០ម៉ែត្រ កីឡាការិនី ប៊ូ សំណាង និងកីឡាការិនី ថន ថារីរតនា។
គ្រូបង្វឹក២រូបដែលទៅចូលរួមដែរនោះ មានលោក បូរ ពុធរាត្រី និងលោក គៀង សាម៉ន។ ចំពោះកីឡាករ -កីឡាការិនីចំនួន៦នាក់ សុទ្ធសឹងជាកីឡាករ- កីឡាការិនីថ្នាលទំាងអស់របស់សហព័ន្ធ ដែលជំរុញឲ្យពួកគេចេញ ប្រកួតដើម្បីស្ទប់ ស្ទង់សមត្ថភាព និងបច្ចេកទេសក្នុងការហ្វឹកហាត់ កន្លងមក ព្រមទំាងចង់ឲ្យពួកគេបញ្ចេញ សមត្ថភាពទៀតផង៕