ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ការប្រើប្រាស់ផលិតផលថ្នាំជក់ បង្កវិបត្តិជាច្រើនដល់សង្គម បង្កឲ្យមនុស្សស្លាប់និងខាតបង់ថវិកាយ៉ាងច្រើន

156

ភ្នំពេញ៖ ការប្រើប្រាស់ផលិតផលថ្នាំជក់បង្កជំងឺរ៉ាំរ៉ៃជាច្រើនដោយទាំងអ្នកជក់និងអ្នកស្រូបផ្សែងបារីពីគេដូចជាជំងឺមហារីកសួតជំងឺផ្លូវដង្ហើមជំងឺស្ទះសរសៃឈាមបេះដូងដាច់សរសៃឈាមខួរក្បាលចំពោះស្ត្រីមានផ្ទៃពោះដែលស្រូបផ្សែងបារីពីគេបណ្តាលឲ្យកូនកើតមុនពេលកំណត់កើតមកមិនប្រក្រតីឬកើតមកស្លាប់ជាដើម ។ រៀងរាល់ឆ្នាំប្រទេសកម្ពុជាខាតបង់ថវិកាប្រមាណ 163 លានដុល្លារអាមេរិកទៅលើការព្យាបាលជំងឺនឹងការបាត់បង់កម្លាំងពលកម្ម។ ជាងនេះទៅទៀតទឹកប្រាក់ដែលប្រជាជនកម្ពុជាបានចំណាយទៅលើការទិញបារីជក់ប្រមាណជា 201 លានដុល្លារអាមេរិក។

លោកស្រីកែវសុខពិសីអភិបាលរងរាជធានីភ្នំពេញបានថ្លែងនៅក្នុងសិក្ខាសិលាស្ដីពីការអនុវត្តបរិស្ថានគ្មានផ្សែងបារីនៅតាមគ្រឹះស្ថានសិក្សាក្នុងរាជធានីភ្នំពេញកាលពីព្រឹកថ្ងៃទី 29 ខែឧសភាឆ្នាំ 2019 នៅមន្ទីរអប់រំយុវជននិងកីឡារាជធានីភ្នំពេញ ។ លោកស្រីអភិបាលរងរាជធានីភ្នំពេញបានថ្លែងថាបើយោងតាមច្បាប់ស្តីពីការត្រួតពិនិត្យផលិតផលថ្នាំជក់គឺមានគោលបំណងការពារសុខភាពសាធារណៈហើយមានវិសាលភាពគ្របដណ្ដប់លើគ្រប់សកម្មភាពពាក់ព័ន្ធនឹងផលិតផលថ្នាំជក់គ្រប់ប្រភេទដែលផលិតនៅក្នុងស្រុកឬនាំចូលពីបរទេសនិងចែកចាយលក់នៅក្នុងព្រះរាជាណាចក្រកម្ពុជាដែលបច្ចុប្បន្នការធ្វើពាណិជ្ជកម្មខុសច្បាប់នៃផលិតផលថ្នាំជក់កំពុងបង្កជាកង្វល់ដ៏ធំនៅទូទាំងពិភពលោក។

លោកស្រីបានបន្តថាសិក្ខាសាលានេះមានគោលបំណងសំខាន់ស្នើឲ្យលោកគ្រូ អ្នកគ្រូផ្សព្វផ្សាយការអនុវត្តបរិស្ថានគ្មានផ្សែងបារីឲ្យកាន់តែទូលំទូលាយនិងស៊ីជម្រៅដល់សិស្សានុសិស្សនៅតាមសាលារៀនគ្រឹះស្ថានសិក្សាទាំងអស់ក្នុងរាជធានីភ្នំពេញដើម្បីឲ្យស្រទាប់យុវជនរបស់យើងដែលជាទំពាំងស្នងឬស្សីបានយល់ដឹងនិងជួយទប់ស្កាត់ផលប៉ះពាល់សុខភាពជំងឺឈឺថ្កាត់ដែលបណ្ដាលមកពីការប្រើប្រាស់ផលិតផលថ្នាំជក់ដូចជាការជក់បារីឬការស្រូបផ្សែងបារីពីគេជាដើម។

លោកស្រីបានបន្ថែមថា កាអនុវត្តបរិស្ថានគ្មានផ្សែងបារីក្នុងរាជធានីភ្នំពេញមិនមែនជារឿងថ្មីនោះទេរដ្ឋបាលរាជធានីភ្នំពេញបានផ្ដួចផ្ដើមអនុវត្តបរិស្ថានគ្មានផ្សែងបារីនេះតាំងពីឆ្នាំ 2013 មកម៉្លេះហើយបានបង្កើតក្រុមការងារគ្មានផ្សែងបារីថ្នាក់រាជធានីថ្នាក់។ហើយរដ្ឋបាលខណ្ឌក៏បានផ្សព្វផ្សាយបន្តដល់ប្រជាពលរដ្ឋនិងបានណែនាំឲ្យសង្កាត់ទាំងអស់ឲ្យដាក់បញ្ចូលការងារបរិស្ថានគ្មានផ្សែងបារីទៅក្នុងផែនការសកម្មភាពអភិវឌ្ឍន៍របស់សង្កាត់ប្រចាំឆ្នាំផងដែរ។
លោកស្រីបានលើកឡើងថា
ការសង្កេតអំពីការអនុវត្តច្បាប់ស្តីការត្រួតពិនិត្យផលិតផលថ្នាំជក់របស់អង្គការចលនាដើម្បីសុខភាពកម្ពុជាយើងឃើញថាពួកគាត់មានការយល់ដឹងកាន់តែច្រើនអំពីការហាមឃាត់ការជក់បារីនៅទីកន្លែងធ្វើការនិងកន្លែងសាធារណៈហើយមានបិទស្លាកសញ្ញាហាមជក់បារីក៏មានកាន់តែច្រើនឡើងផងដែរ។ ជាក់ស្ដែងយើងពិនិត្យឃើញលើកញ្ចប់បារីភាគច្រើនមានដាក់សារព្រមានជារូបភាពហើយការផ្សាយពាណិជ្ជកម្មបារីតាមរយៈផ្ទាំងរូបភាពតូចនិងទូតាំងបារីក៏មានការថយចុះ។ ប៉ុន្តែភាពវិជ្ជមានទាំងនេះមិនទាន់គ្រប់គ្រាន់នៅឡើយទេ ព្រោះថាសុខភាពប្រជាពលរដ្ឋយើងនៅតែប្រឈមនឹងគ្រោះថ្នាក់ដរាបណានៅតែមានការបំពានច្បាប់ពីឧស្សាហកម្មថ្នាំជក់ដោយនៅតែមានការលក់បារីដោយគ្មានការដាក់សារព្រមានសុខភាពការផ្សាយពាណិជ្ជកម្មបារីលួចលាក់តាមទម្រង់ផ្សេងៗការជក់បារីនៅកន្លែងធ្វើការនឹងទីតាំងសាធារណៈដែលកត្តាទាំងនេះត្រូវបានហាមឃាត់ដោយច្បាប់។ ដូចនេះដើម្បីពង្រឹងអនុវត្តច្បាប់ត្រួតពិនិត្យថ្នាំជក់របស់ព្រះរាជាណាចក្រកម្ពុជាក្នុងនាមជារដ្ឋភាគីនៃអង្គការសហប្រជាជាតិនិងដើម្បីឆ្លើយតបទៅនឹងស្មារតីអាស៊ានគ្មានផ្សែងបារីរដ្ឋបាលរាជធានីភ្នំពេញនិងបន្តខិតខំយកចិត្តទុកដាក់ទប់ស្កាត់រាល់មធ្យោបាយផ្សព្វផ្សាយដោយមាននិន្នាការទាក់ទាញអតិថិជនឲ្យប្រើប្រាស់ផលិតផលថ្នាំជក់សំដៅការពារប្រជាពលរដ្ឋទូទៅនៅក្នុងរាជធានីភ្នំពេញជាពិសេសយុវវ័យជំនាន់ក្រោយឱ្យរួចចាកផុតពីការបំផ្លាញសុខភាពសេដ្ឋកិច្ចសង្គមបរិស្ឋាននិងឈានទៅលុបបំបាត់ទាំងស្រុងនូវរាល់ទម្រង់នៃការផ្សាយពាណិជ្ជកម្មផលិតផលថ្នាំជក់ដើម្បីឲ្យរាជធានីភ្នំពេញក្លាយជាទីក្រុងគ្មានផ្សែងបារីនាពេលអនាគតដ៏ខ្លីខាងមុខនេះ។

លោកប្រធានមន្ទីរអប់រំយុវជននិងកីឡារាជធានីភ្នំពេញបានថ្លែងថាការអនុវត្តបរិស្ថានគ្មានផ្សែងបារីនៅគ្រឹះស្ថានសិក្សាគឺជាវិធានការមួយដើម្បីកាត់បន្ថយផលប៉ះពាល់ដែលបណ្ដាលមកពីការប្រើប្រាស់ផលិតផលថ្នាំជក់ហើយក៏ជាការអនុលោមតាមច្បាប់ស្តីពីការត្រួតពិនិត្យផលិតផលថ្នាំជក់និងអនុក្រឹត្យស្ដីពីការហាមឃាត់ថ្នាំជក់ឬការបង្ហុយផ្សែងផលិតផលថ្នាំជក់នៅកន្លែងធ្វើការនិងកន្លែងសាធារណៈដែលបានហាមឃាត់មិនឲ្យជក់បារីនៅក្នុងបរិស្ថានគ្រឹះស្ថានសិក្សា។

ពាក់ព័ន្ធបរិស្ថានគ្មានផ្សែងបារីក្នុងគ្រឹះស្ថានសិក្សាត្រូវបានលោកមុំគង់នាយកប្រតិបត្តិនៃអង្គការចលនាដើម្បីសុខភាពកម្ពុជា និងជាសមាជិកអនុគណៈកម្មការត្រួតពិនិត្យផលិតផលថ្នាំជក់រាជធានីភ្នំពេញ បានថ្លែងថាអនុក្រឹត្យស្ដីពីវិធានការហាមការជក់ឬការបង្ហុយផ្សែងផលិតផលថ្នាំជក់នៅកន្លែងធ្វើការឬកន្លែងសាធារណៈគឺការហាមឃាត់ការជក់បារីក្នុងអាគារនៃកន្លែងធ្វើការនិងកន្លែងសាធារណៈហាមជក់បារីខាងក្នុងជាមធ្យោបាយធ្វើដំណើរសាធារណៈអាចជក់បានក្រៅពីអគារចំណាយ 5 ម៉ែត្រពីច្រកចេញចូលហាមជក់បារីក្នុងបរិវេណនៃគ្រឹះស្ថានសិក្សាឬស្ថានសុខាភិបាលទារកដ្ឋានសូនកុមាសួនសាធារណៈគ្រឹះស្ថានសាសនាសារមន្ទីររមណីយដ្ឋានវប្បធម៌ប្រវត្តិសាស្ត្រកន្លែងហាត់ប្រាណស្ឋានីយប្រេងនឹងកន្លែងងាយឆាប់ៗ។ លោកបានបន្តថាតួនាទីម្ចាស់ឬអ្នកគ្រប់គ្រងគ្រឹះស្ថានត្រូវបិទសញ្ញាហាមឃាត់នៅកន្លែងមើលឃើញច្បាស់ហើយប្រសិនបើខកខានមិនបានបិទសញ្ញាហាមឃាត់នឹងត្រូវពិន័យ 5 ម៉ឺនរៀល។

លោកបានបន្តថាតាមច្បាប់ស្តីពីការត្រួតពិនិត្យថ្នាំជក់ជំពូក 4 បានចែងថាហាមការលក់ឬចែកចាយផលិតផលថ្នាំជក់គ្រប់ប្រភេទនៅក្នុងបរិវេណគ្រឹះស្ថានសិក្សា ប៉ុន្តែក្នុងករណីល្មើសនឹងត្រូវផ្ដន្ទាទោសពិន័យជាប្រាក់ពី 1សែនរៀលទៅ 1 លានរៀល។ ហាមឃាត់គ្រប់ទម្រង់នៃការផ្សាយពាណិជ្ជកម្មផលិតផលថ្នាំជក់តាមគ្រប់រូបភាពតាមគ្រប់មធ្យោបាយនិងគ្រប់ទីកន្លែង ប៉ុន្តែក្នុងករណីល្មើសត្រូវទទួលទោសពិន័យ 8លាន ទៅ 40លាន រៀល។ បើតាមច្បាប់ គឺហាមទទួលយកការឧបត្ថម្ភជាផលិតផលថ្នាំជក់ឬជាសម្ភារៈដែលបង្ហាញពីឈ្មោះ ឬសញ្ញាសម្គាល់ផលិតផលថ្នាំជក់។

ក្នុងឱកាសនោះដែរលោកយ៉ិលដារ៉ាវុធប្រធានអង្គការសុខភាពពិភពលោកប្រចាំព្រះរាជាណាចក្រកម្ពុជាបានថ្លែងថាពាក់ព័ន្ធនឹងវិធានការត្រួតពិនិត្យថ្នាំជក់និងសង្គ្រោះជីវិតអង្គការសុខភាពពិភពលោកបានដាក់វិធានការសំខាន់ៗចំនួន 4 ក្នុងនោះគឺការតម្លើងពន្ធលើផលិតផលថ្នាំជក់ សារព្រមានសុខភាពជារូបភាពលើកញ្ចប់ផលិតផលថ្នាំជក់ បំរាមជក់បារីនៅកន្លែងធ្វើការនិងកន្លែងសាធារណៈ និងហាមឃាត់ការផ្សាយពាណិជ្ជកម្មផលិតផលថ្នាំជក់។

សូមបញ្ចាក់ថាពាក់ព័ន្ធនឹងផលប៉ះពាល់នៃផលិតផលថ្នាំជក់គឺមនុស្សពេញវ័យកម្ពុជាបានចំណាយសរុបប្រមាណជាង 200 លានដុល្លារលើការទិញថ្នាំជក់ក្នុងមួយឆ្នាំ។ប៉ុន្តែការចំណាយទៅលើការព្យាបាលដែលបង្កឡើងដោយការប្រើប្រាស់ថ្នាំជក់មានទំហំធំជាងការចំណាយទៅលើការទិញបារីជក់ឆ្ងាយណាស់។

ជារៀងរាល់ឆ្នាំប្រជាពលរដ្ឋកម្ពុជាប្រមាណជាមួយម៉ឺននាក់បានស្លាប់ដោយសារជាជំងឺបង្កដោយការប្រើប្រាស់ថ្នាំជក់និងបារីអ្នកស្លាប់ភាគច្រើនគឺជាអ្នកដែលមិនជក់ថ្នាំជក់ដែលគ្រោះថ្នាក់អាចជីវាំងបានប្រសិនបើយើងមានបរិស្ថានគ្មានផ្សែងបារីនិងថ្នាំជក់៕

អត្ថបទដែលជាប់ទាក់ទង